មេដឹកនាំ ក្រុមតាលីបង់ ចេញផ្សាយ ខ្សែអាត់សម្លេង បដិសេធ ព័ត៌មាន អះអាងថា លោកស្លាប់ បាត់បង់ជីវិត

អ៊ីស្លាម៉ាបាដ៖ មេដឹកនាំកំពូល របស់ក្រុមតាលីបង់ ប្រចាំប្រទេស អាហ្កានីស្ថាន លោក Mullah Akhtar Mansoor កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ បានថ្លែងក្នុង ខ្សែអាត់ សម្លេងថា លោកនៅរស់រាន មានជីវិតនៅឡើយ បន្ទាប់មន្ត្រីជាន់ខ្ពស់ របស់អាហ្គានីស្ថាន បានប្រកាសថា លោកបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ បាញ់ប្រហារគ្នា ក្នុងប្រទេស ប៉ាគីស្ថាន នេះបើយោងតាម សេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក Mansoor បានថ្លែងបន្ថែមថា វាមិនមែនជាការ ពិតនោះទេក្នុង រឿងអាស្រូវនេះ ដោយលោក មិនបានរងរបួស ឬស្លាប់ក្នុងហេតុការណ៍ ប្រឈមមុខដាក់ គ្នានៅតំបន់ Kuchlak ប្រទេស ប៉ាគីស្ថានឡើយ។ នេះជាការឃោសនារបស់ពួកសត្រូវតែប៉ុណ្ណោះ។

មេដឹកនាំ រូបនេះបានថ្លែងថា «ខ្ញុំចង់បញ្ជាក់អះអាងថា មិនមានហេតុការណ៍ គ្រោះថ្នាក់ណាមួយ កើតឡើងចំពោះខ្ញុំឡើយ»។

សូមជម្រាបថា ខ្សែអាត់សម្លេងនេះ ត្រូវបានគេបង្ហោះ ក្នុងរយៈពេលពីរថ្ងៃ បន្ទាប់ពីអ្នកនាំពាក្យ របស់ប្រធានាធិបតី អាហ្គានីស្ថានលោក Sultan Faizy បានអះអាងថា លោក Mansoor បានស្លាប់ បន្ទាប់ពីរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារគ្នា ខណៈលោក ចូលរួមកិច្ចប្រជុំ នៅក្នុងខេត្ត Balochistan ប្រទេស ប៉ាគីស្ថាន៕