ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!

ធ្វើយ៉ាងណា ដើម្បីជួយកញ្ញា មាស សុខសោភា ឲ្យរួចចាក ពីការវាយលុក ដោយបង្ហោះរឿងផ្ដេសផ្ដាស អាសអាភាព ទៅលើទំព័រហ្វេសប៊ុករបស់នាង ដែលមានមនុស្សរាប់លាននាក់ តាមដាននោះ?
ជួយ​ទំព័រ​ហ្វេសប៊ុក មាស សុខសោភា ចេញ​ពី​​រឿង​អាស​អាភាស!
ការបង្ហោះរូបភាព ខ្សែភ្ជាប់ផ្ដេសផ្ដាស អាសអាភាស នៅផ្នែកបច្ចុប្បន្នភាព នៃទំព័ររបស់តារាចម្រៀង មាស សុខសោភា។

តាំងពីព្រឹកមក ទំព័រហ្វេសប៊ុករបស់តារាចម្រៀងល្បី នាង មាស សុខសោភា បានរងការវាយប្រហារ​មិន​ស្វាង។ ប្រសិនជានៅលើទំព័ររបស់នាង មិនមានការបង្ហោះអ្វីចម្លែកនោះ តែនៅលើទំព័របច្ចុប្បន្នភាព នៃ​បណ្ដា​ជន​ជាង​២លាននាក់ ដែលចុចចូលិត្ត (Like) ទំព័រហ្វេសប៊ុករបស់នាង គេអាចមើលឃើញ ការបង្ហោះ​រូបផ្ដេស​ផ្ដាស និងអាសអាភាសនោះ សឹងតែគ្រប់ៗគ្នា។

តាមពិតទៅ ហេតុការណ៍អកុសល នៅលើទំព័រហ្វេសប៊ុករបស់តារា ដែលសម្បូរដោយអ្នកតាមដានរូបនេះ បានកើត​ឡើង កាលពីលើកមុនៗ ជាច្រើនដងរួចមកហើយ។ ប៉ុន្តែតាមមើលទំនង ក្រុម ហេគើរ (Hacker) មិន​បានទុក​ឲ្យ​តារា​ចម្រៀង សប្បាយចិត្ត នឹងឃើញទំព័រហ្វេសប៊ុករបស់នាង មានភាពស្អាតស្រឡះនោះទេ។

អ្នកយកព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ប្រចាំក្នុងក្រុង ម៉ុងរ៉េអាល់ ប្រទេសកាណាដា បានជួបជា​មួយ​វិស្វករ​​ផ្នែកព័ត៌មានវិទ្យា លោក សុធា មេត្តា នៅទីនោះ ដើម្បីស្វែងរកការពន្យល់ ពីករណីនេះ នឹងអាល​អាច​​ជួយ​​កញ្ញា មាស សុខសោភា ឲ្យរំដោះគ្រោះនេះបាន។ ជាដំបូងលោក បានរៀបរាប់ពីមូលហេតុចំនួនបី៖

១) គណនីរបស់នាង ឬអ្នកសហគ្រប់គ្រងទំព័រហ្វេសប៊ុក របស់តារាចម្រៀង ត្រូវបានក្រុមហេគើរ ចូលទៅ​បំបែក​ពាក្យ​សម្ងាត់បាន។ ប៉ុន្តែតាមមើលសភាព នៃការលួចបង្ហោះ នូវខ្សែភ្ជាប់ផ្ដេសផ្ដាស និងអាសអាភាស ដោយ​មិន​មាន​បង្ហាញខ្សែភ្ជាប់ទាំងនេះ នៅលើទំព័រមុខ (Timeline) របស់ទំព័រហ្វេសប៊ុក ហើយមាន​លក្ខណៈ​ជាច្រើន​ដង​នោះ ក្រុមហេគើរ មិនមែនគ្រាន់តែចូលទៅបំបែក និងស្គាល់លេខសម្ងាត់ របស់អ្នកគ្រប់​គ្រងទំព័រ​ត្រឹម​ប៉ុណ្នឹង​ទេ។ វាអាចចូលទៅក្នុងករណីទី២ និងករណីទី៣ទៀត។

២) កំព្យូទ័រ ឬទូរស័ព្ទដៃ ឬក្ដាបញ្ជា (Tablet) ដែលតារាចម្រៀងប្រើ សម្រាប់លេងហ្វេសប៊ុក មានមេរោគ (Virus) ចូល​វាយលុក។ មេរោគនេះ បានធ្វើសកម្មភាពតំណាងគ្នា នឹងការលេងហ្វេសប៊ុក របស់​ម្ចាស់​គណនី​ដែរ។ បាន​ន័យ​ថា មេរោគមិនចាំបាច់ស្គាល់ លេខសម្ងាត់ទេ តែអាចជ្រៀតខ្លួន ចូលទៅបង្ហោះ​ខ្សែភ្ជាប់​ទាំង​នោះ នៅ​ខាង​ក្រោយ (Background) ដោយមិនឲ្យម្ចាស់គណនីដឹងខ្លួន។

៣) លើកនេះ មេរោគមិនមែននៅត្រឹមក្នុងកំព្យូទ័រ ឬទូរស័ព្ទដៃ ឬក្ដាបញ្ជា របស់តារាចម្រៀងទេ តែវាបាន​ចូល​ទៅជ្រក នៅ​ក្នុងកម្មវិធីជាច្រើន (Applications) ដែលត្រូវបានដាក់បញ្ចូល (Install ឬ Set) នៅក្នុងគណនី ឬ​នៅ​ក្នុង​ទំព័រហ្វេសប៊ុក។ កម្មវិធីទាំងនេះ មានលក្ខណៈពិសេសៗ ដូចយ៉ាង កម្មវិធីថាសចម្រៀង (រួមបញ្ចូល​ចម្រៀង​ជា​ច្រើន ដាក់ក្នុងកម្មវិធីនោះ) ដែលហ្វេសប៊ុកគ្មានជាដើម។ ប៉ុន្តែកម្មវិធីមួយ ពីក្នុងចំណោមនោះ មាន​ចំណុច​​ខ្សោយ ត្រូវបានមេរោគស្គាល់ ហើយចូលមកផ្ញើរខ្លួន ដូចបញ្ញើរក្អែកដូច្នេះ។ ឬកម្មវិធីខ្លួនឯងតែម្ដង ដែល​​ជា​កម្មវិធី​មេរោគ ហើយត្រូវបានអ្នកគ្រប់គ្រងទំព័រ ដាក់បញ្ចូលមកក្នុងគណនី ឬទំព័រ ដោយមិនដឹងខ្លួន ឬដោយ​មិន​បាន​ចាប់​អារម្មណ៍។

អ្នកគ្រប់គ្រងទំព័រទាំងឡាយ អាចចូលទៅមើលរាល់កម្មវិធីទាំងនោះ នៅទីនេះ៖

https://www.facebook.com/(ឈ្មោះទំព័ររបស់ខ្លួន)/settings/?tab=apps
https://www.facebook.com/settings?tab=applications

ចុះដំណោះស្រាយវិញ?

លោក សុធា មេត្តា បានថ្លែងឡើងថា៖ «ករណីទីមួយ ត្រូវប្ដូរលេខសម្ងាត់ ហើយដាក់លេខសម្ងាត់ណា ដែល​ពិបាកគេចូលមកបំបែកបាន មានលក្ខណៈវែងបន្តិច និងមានអក្សរ-លេខ-និងសញ្ញាពិសេសៗ។ ករណីទីពីរ ត្រូវមានកម្មវិធីចាប់មេរោគ ដាក់ឲ្យដំណើរការ នៅក្នុងកំព្យូទ័រ ឬទូរស័ព្ទដៃ ឬក្ដាបញ្ជា។ និងទីបី ត្រូវចូល​ទៅ​មើល​កម្មវិធី ក្នុងគណនី និងទំព័រហ្វេសប៊ុក តើមានអ្វីប្លែកឬទេ ឬអាចលុបកម្មវិធីទាំងនោះ ចេញជាបណ្ដោះ​អាសន្នសិន។»

វិស្វករព័ត៌មានវិទ្យា បានថ្លែងទៀតថា៖ «ខ្ញុំនៅមានដំណោះស្រាយទីបួនមួយទៀត នោះគឺម្ចាស់ទំព័រសម្បើមៗ ដូច​យ៉ាងទំព័ររបស់កញ្ញា មាស សុខសោភា ត្រូវទៅរកអ្នកឯកទេស ខាងព័ត៌មានវិទ្យានេះ ដើម្បីឲ្យគេជួយ​ដោះ​ស្រាយ»៕