ជូន​ប្តី​ទៅ​ធ្វើការ​មួយ​ភ្លែត ត្រូវ​ចោរ​ចូល​លួច​លុយ​ដល់​ក្នុងផ្ទះ​អស់​ប្រហែល​៥០០​ដុល្លារ

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​កន្ត្រក​ក្បែរ​តូប​លក់​អីវ៉ាន់​អស់​ប្រហែល​៥០០​ដុល្លារ ខណៈ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជូន​ប្តី​ទៅ​ធ្វើការ​ប្រហែល​១០​នាទី ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៦ ធ្នូ ២០១៥ នៅ​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចូល​ទៅ​លួច​លុយ​ក្នុង​កន្ត្រក​ក្បែរ​តូប​លក់​អីវ៉ាន់​​នោះ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ក្រហម ពាក់​អាវដៃវែង​ខ្មៅ ខោជើងវែង​ពណ៌​ខ្មៅ ពាក់មួក​សុវត្ថិភាព ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឌុ​ច សា​វន អាយុ​៣៣​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅផ្ទះ បាន​បាត់​លុយ​អស់​ប្រហែល​៥០០​ដុល្លារ​អា​មេ​រិ​ក មាន​ប្តី​ឈ្មោះ សុខ ជាតិ អាយុ​២៧​ឆ្នាំ ជា​កម្មករ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូឌុប​ប្តី​របស់​ខ្លួន​ទៅ​វាយ​បំបែក​ថ្ម​ឱ្យ​ក្រុមហ៊ុន​ដូច​សព្វមួយដង លុះ​ចេញ​ពី​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ប្រហែល​១០​នាទី ស្រាប់តែ​មាន​បុរស​ម្នាក់​ពាក់មួក​សុវត្ថិភាព ពាក់​អាវដៃវែង​ខ្មៅ ស្លៀកខោ​ជើងវែង​ខ្មៅ ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ពណ៌​ក្រហម ចូល​ទៅ​ស្រ​វ៉ា​យក​លុយ​នៅ​ក្នុង​កន្ត្រក​ដែល​នាង​ទុក​នៅ​ក្នុងផ្ទះ​ ហើយ​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពេល​នាង​ត្រឡប់​ពី​ជូន​ប្តី​ទៅ​ធ្វើ​ការ​​វិញ ស្រាប់តែ​កូន​នាង​ម្នាក់​អាយុ​៨​ឆ្នាំ បាន​ប្រាប់​ថា មាន​គេ​ចូល​ទៅ​រុក​កកាយ​រក​លុយ ហើយ​នាង​ក៏​ប្រញាប់​ចូល​ទៅ​មើលឃើញ​អស់ប្រាក់​ដែល​ទុក​ក្នុង​ទូរ និង​កន្ត្រក​មែន ទើប​ប្រញាប់​ប្រាប់​អ្នក​ជិតខាង ឱ្យ​ជួយ​ប្រាប់​សមត្ថកិច្ច​ចរាចរណ៍​ឱ្យធ្វើ​ការ​ស្ទាក់​ចាប់​សួរនាំ ។ តែ​ហួសពេល​បាត់​ទៅ​ហើយ ដោយ​ចោរ​រូប​នោះ​ត្រូវ​គេ​ឃើញ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ឆ្ពោះទៅ​ខេត្តបាត់ដំបង​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា ផ្ទះ​របស់​នាង​ត្រូវ​ចោរ​ចួ​ល​លួច​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ចូល​លួច​មាន់​ទា​អស់រលីង ហើយ​ក្រោយមក​ក៏​ចូល​ទៅ​លួច​ខោអាវ​ដែល​ហាល​នៅ​ខាងក្រោយ​ផ្ទះ សូ​ម្បី​តែ​ខោ​លី​អូ និង​អាច​ទ្រនាប់​ក៏​មិន​ទុក​ឱ្យ​នៅ​សល់​១​ដែរ ៕