ឡង់​គ្រី​ស័​រ​ស្លាក​លេខ​ខេមរភូមិន្ទ​បត់​ឆ្វេង​អត់​ស៊ី​ញ៉ូ​បុក​គ្នា​ជាមួយ​ម៉ូតូ​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​​កំពុង​ជិះ​ម៉ូតូ​២​នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ក៏​បុក​គ្នា​ជាមួយ​រថយន្ត​ឡង់​គ្រី​ស័​រ ៥៧០ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​១​គ្រឿង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​៦ ធ្នូ ២០១៥ លើ​ផ្លូវ​លេខ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ​៥៧០ មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​09 2-2358 បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​មុខ​ខ្លោងទ្វារ​ចូល​បុរី​ប៉េង​ហួត ក៏​បត់​ឆ្វេង​ចូល​បុរី​(​ប្រភព​ថា​អត់​មាន​ស៊ី​ញ៉ូ​បត់​ឆ្វេងទេ​) ក៏​បុក​គ្នា​​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ន​-៦១៥០ ភព​១ ជិះ​ដោយ​បុរស​២​នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​បុរស​ដែល​ជិះ​ខាងក្រោយ​ផ្លោង​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់​រង​របួសធ្ងន់ ចំណែក​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល ។ ភ្លាម​ៗ​នោះ​រថយន្ត​សា​មុ​យ​ក៏​មក​ដឹក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​បាត់ ចំណែក​អ្នក​រង​របួសស្រាល​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បី​ដោះ​ស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕