វៀតណាម​ហៅ ចាន់ វឌ្ឍនាកា “Messi Campuchia” ​ពេញ​ៗ​មាត់ ក្រោយ​បំបាក់​៣-២ ​យប់​មិញ

វៀតណាម​ហៅ ចាន់ វឌ្ឍនាកា “Messi Campuchia” ​ពេញ​ៗ​មាត់ ក្រោយ​បំបាក់​៣-២ ​យប់​មិញ

“Messi Campuchia” ​ជា​រហស្សនាម​ថ្មី​មួយ​របស់ ចាន់ វឌ្ឍនាកា ​ដែល​ត្រូវ​ខាង​ក្រុម​វៀតណាម ក៏​ដូចជា​វិបសាយ​ (thethao247) ក្នុង​ស្រុក​របស់​ប្រទេស​នេះ​ផ្ទាល់​បាន​ហៅ​ទៅ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បឹង​កេត​អង្គរ បន្ទាប់​ពី​រូបគេ​អាច​ស៊ុត​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​កម្ពុជា​ឈ្នះ​ជើង​ឯក​វៀតណាម Mecamex Binh Doung ដោយ​លទ្ធផល ៣-២ ​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

 

វៀតណាម​ហៅ ចាន់ វឌ្ឍនាកា “Messi Campuchia” ​ពេញ​ៗ​មាត់ ក្រោយ​បំបាក់​៣-២ ​យប់​មិញ

 

​វិបសាយ​ (thethao247) ​បាន​សរសេរ​ដាក់​ចំណង​ជើង​ធំ​ថា​ចាន់ វឌ្ឍនាកា “Messi Campuchia” ​បាន​ជួយ​ក្រុម​បឹង​កេត​អង្គរ​យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ Mecamex Binh Doung ​នៅ​លើ​ទឹក​ដី​វៀតណាម​ផ្ទាល់ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ជាមួយ​ក្រុម​ Buriram United ​របស់​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ វិបសាយ​មួយ​នេះ​ដែរ ក៏​បាន​ពណ៌នា​ពី​ទម្រង់​លេង​របស់ វឌ្ឍនាកា ​ក្នុង​ប្រកួត​យប់​មិញ​នេះ​ថា​ពិត​ជា​ល្អ ដែល​អាច​អូស​បាល់​និង​ស៊ុត (Finish) ​បាន​យ៉ាង​ស្អាត​នៅ​តំបន់​គ្រោះថ្នាក់​របស់​ខាង​ក្រុម​វៀតណាម។

 

ងាក​ទៅ​ទម្រង់​លេង​របស់​ វឌ្ឍនាកា ​នៅ​ពាន​រង្វាន់ Toyota Mekong Cup 2015 ​នេះ​វិញ រូបគេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ដោយ​៣​ប្រកួត​កន្លង​មក​នេះ​ស៊ុត​ចូល​បាន​៥​គ្រាប់​មក​ហើយ ពោល​គឺ​ស៊ុត​២​គ្រាប់​ក្នុង​ការ​ប្រកួត​ឈ្នះ​ក្រុម​ឡាវ​និង​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ឈ្នះ​ក្រុម​វៀតណាម​ដែល​កំពុង​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​​ពាន​រង្វាន់​មួយ​នេះ ដោយ​លើស​មិត្តរួម​ក្រុម Esoh Paul Omogba ​និង​កីឡាករ Adilson dos Santos ​របស់​ Yangon United ​ដល់​ទៅ​៣​គ្រាប់។

នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់​ក្រុម​កម្ពុជា​ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​វៀតណាម​ក្នុង​ដី​របស់​ពួកគេ​ផ្ទាល់ ខណៈ​ដែល​តាំង​ពី​យូរ​ណាស់​មក​ហើយ​ក្រុម​កម្ពុជា​មិន​មាន​ប្រវត្តិ​ល្អ​នោះ​ទេ។ ចំពោះ​ការ​វិល​ត្រលប់​មក​មាតុភូមិ​វិញ ​ក្រុម​បឹង​កេត​អង្គរ​នឹង​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​១:១០​នាទី​រសៀល​នេះ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ thethao247