លោក​អូបាម៉ា​ព្យាយាម​បន្ធូរ​បន្ថយ​ការ​ភ័យ​ខ្លាច​ចំពោះ​ភេរវកម្ម​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​​រដ្ឋ​កាលីហ្វរញ៉ា

លោក​អូបាម៉ា​ព្យាយាម​បន្ធូរ​បន្ថយ​ការ​ភ័យ​ខ្លាច​ចំពោះ​ភេរវកម្ម​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​​រដ្ឋ​កាលីហ្វរញ៉ា

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្តី​ពី​ការ​បាញ់​សម្លាប់​ នៅ​ក្នុង​ក្រុង San Bernardino រដ្ឋ​កាលីហ្វរញ៉ា នៅ​ក្នុង​ការិយាល័យ Oval Office ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។​លោក​ បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​សុន្ទរកថា​​តាម​ទូរទស្សន៍​​​ដ៏​កម្រ​មួយ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ដោយ​សង្ឃឹម​ថា​នឹង​អាច​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​អាមេរិកាំង​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ ។ វ៉ាស៊ីនតោន—

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា នឹង​ធ្វើ​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​តាម​ទូរទស្សន៍​ដ៏​កម្រ​មួយ​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ ដោយ​សង្ឃឹម​ថា​នឹង​អាច​បន្ធូរបន្ថយ​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​អាមេរិកាំង​អំពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ ហើយ​និង​ដាក់​ចេញ​នូវ​យុទ្ធនាការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រឆាំង​នឹង​ «ការ​គំរាម​កំហែង​ភេរវកម្ម​កាន់​តែ​ខ្លាំង​ឡើងៗ»។

លោក​ប្រធានាធិបតី​អូបាម៉ា​ក៏​មាន​ផែន​ការ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ស្តី​ពី​ការ​ស៊ើបអង្កេត​ថ្មីៗ​ នៅ​ក្នុង​ការ​បាញ់ប្រហារ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា ដែល​នៅ​ទី​នោះ​ជន​សង្ស័យ​ឈ្មោះ Syed Rizwan Farook កើត​នៅ​អាមេរិក​ ហើយ​និង​ប្រពន្ធ​ជន​ជាតិ​ប៉ាគីស្ថាន​ឈ្មោះ Tashfeen Malik បាន​សម្លាប់​មនុស្ស​១៤នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​២១នាក់​ទៀត​រង​របួស​នៅ​ការ​បាញ់​ប្រហារនៅក្នុង​ការ​ជួប​ជុំ​ថ្ងៃ​ឈប់​សម្រាក​របស់​បុគ្គលិក​រដ្ឋាភិបាល​មូលដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ San Bernardino។

លោក​ស្រី​រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក Loretta Lynch បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ NBC ក្នុង​កម្មវិធី​ Meet the Press​ ថា​ លោក​ប្រធានាធិបតី អូបាម៉ា​នឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​តាំង​ស្មារតី​ឲ្យ​បាន​មុតមាំ​ និង​មិន​ត្រូវ​ចុះ​ចាញ់​នឹង​ភាព​ភ័យ​ខ្លាច​នោះ​ទេ។

មុន​ពេល​ថ្លែង​សុន្ទរកថា​ សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​លោក​ អូបាម៉ា​ នឹង​ពិភាក្សា​អំពី​ការគំរាម​កំហែង​ភេរវកម្ម​ថា «តើ​វា​មាន​ការ​វិវត្ត​យ៉ាង​ដូច​ម្តេច​ ហើយ​ថា​តើ​យើង​នឹង​ត្រូវប្រយុទ្ធ​ប្រឆាំង​ដោយ​របៀប​ណា?»។

លោក​ប្រធានាធិបតី អូបាម៉ា​ នឹង​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​អំពី​ឆន្ទៈ​ដ៏​មុត​មាំ​របស់​លោក​ថា​៖ «ក្រុម​បះបោរ​រដ្ឋ​ឥស្លាម​នឹង​ត្រូវ​បាន​កម្ទេច​ ហើយ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ខិតខំ​រក្សា​តម្លៃ​របស់​យើង​ឲ្យ​អស់​ពី​សមត្ថភាព​ និង​តាំង​ចិត្ត​ក្នុង​ការ​ផ្តល់​យុត្តិធម៌ សមភាព​ និង​សេរីភាព​ ដើម្បី​យក​ជ័យ​ជម្នះ​លើ​ក្រុម​ភេរវកម្ម​ដែល​ប្រើ​អំពើហិង្សា​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​មនោគមវិជ្ជា​បំផ្លិច​បំផ្លាញ​របស់​ខ្លួន»៕