ចាប់​ក្មួយ​ស្រី​ជំរិត​ទារប្រាក់​ជាមួយ​ប្រុស​ស្នេហ៍

ចាប់​ក្មួយ​ស្រី​ជំរិត​ទារប្រាក់​ជាមួយ​ប្រុស​ស្នេហ៍

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​កិច្ចសហការ​របស់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជាមួយនឹង​នគរបាល​ខេត្តកំពង់ចាម ព្រមទាំង​កម្លាំង​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​បើក​កិច្ច​ប្រតិបត្តិការ​ដូច​ផ្លេកបន្ទោរ​តាម​ប្រមាញ់​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ។ នៅ​ទីបំផុត​ជនសង្ស័យ​ម្នាក់ ឈ្មោះ ដ​ន សា​វី ភេទ​ស្រី អាយុ​២៤​ឆ្នាំ នៅ​ភូមិ​កំពង់​ស្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម ត្រូវ​បាន​ចាប់ខ្លួន​ត្រង់​ចំណុច​ឃុំ​ស្រងែ ស្រុក​ព្រៃឈរ នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥​ធ្នូ ២០១៥ ដោយ​ដកហូត​បាន​ម៉ូតូ​សេ ១២៥ មួយ​គ្រឿង​ស៊េរី ២០១៣ ព្រមទាំង​បាន​រំដោះ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​បាន​ដោយ​សុវត្ថិភាព មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ហើយ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី ព្រមទាំង​តា​យាយ​មាន​ក្តី​រីករាយ​រំភើប​ក្នុង​ចិត្ត​យា​៉​ង​ខ្លាំង​ផង​ដែរ ។
លោក​ឧត្តមសេនីយ៍ទោ បែន  រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ ឆែម សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ថា​មាន​មនុស្ស​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព ចាប់​ក្មេង​ស្រី​ឈ្មោះ​លី​ហ្សា ដោយ​មិនដឹង​ជា​យក​ទៅ​ទីណា ។
លោក​ឧត្តមសេនីយ៍ទោ​ឲ្យ​ដឹង​ទៀត​ថា  ក្រោម​ការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​បណ្តា​អធិការ​ដ្ឋា​ស្រុក​ក្រុង​នោះ ដោយ​ស្ថិត​នៅ​ក្នុង​លក្ខណៈ​ប្រុង​ជើងការ​យា​៉​ង​ហ្មត់ចត់ បាន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ។ លុះ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៥ ធ្នូ នគរបាល​ស្រុក​ព្រៃឈរ បាន​ចាប់​ជនសង្ស័យ ម្នាក់​ខាងលើ​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ ក្នុង​ទិស​ដៅ​ចេញពី​ស្រុក​ជើងព្រៃ​ចូល​មក​កាន់​ទឹកដី​ស្រុក​ព្រៃឈរ ដែល​ជា​រឿង​ចាប់​ក្មួយ​ស្រី​ជីដូនមួយ​របស់​ខ្លួន ដើម្បី​ជំរិត​ទារប្រាក់​ចំនួន​១០០​ដុល្លារ និង​១​លាន​៥​សែន​រៀល ជា​ថ្នូរ​ដើម្បី​ដោះ​លែង​ក្មេង​ស្រី​ឈ្មោះ លី​ហ្សា ។
គ្រាន់តែ​ក្នុង​រយៈពេល​១​ថ្ងៃ​កន្លះ​ក្មេង​ស្រី​ដែល​ជា​ចំណាប់ខ្មាំង ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន   ចល័ត​ទីតាំង មាន​រហូត​ដល់​ទៅ​៣​កន្លែង​ក្នុង​នោះ​មាន​ដូច​ជា ១-​នៅ​រាជធានី​ភ្នំពេញ ២-​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ ។ ប៉ុន្តែ ទោះជា​បែប​នេះ​ក្តី ត្រូវ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ចាម ហើយ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ព្រមទាំង​តា​យាយ មក​ទទួល​ដោយ​ក្តី​រំភើប ក្នុង​ចិត្តជា​ខ្លាំង ឃើញ​មាន​លាយឡំ​ទាំង​ទឹកភ្នែក  ដោយ​បាន​ហូរ​ចេញ​មក​ទាំង​មិនដឹង​ខ្លួន ។      
បើ​យោង​តាម​ច្បាប់ព្រហ្មទណ្ឌ​ស្តី​ពី​ស្ថាន​ទម្ងន់ទោស​ត្រង់​មាត្រា​២៥៣​និង​២៥៤ ចំណុច​ទី​៣ ចែង​ថា ជន​ណា​ដែល​ប្រ​ព្រិ​ត្ត​ក្នុង​គោលដៅ​ជំរិត​យក​ទ្រព្យសម្បត្តិ ឬ​ទាមទារ​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ ត្រូវ​ផ្តន្ទាទោស​ពី​១៥​ទៅ​៣០​ឆ្នាំ ។
ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ទាក់ទិន​នឹង​ការ​ចាប់ជំរិត​នេះ​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤ ធ្នូ ត្រង់​ចំណុច​ភូមិ​ទួល​ទ្រា​ត្បូង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ជនសង្ស័យ​ឈ្មោះ ដ​ន សា​វី ហៅ​តូច ភេទ​ស្រី អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម   បាន​មក​ចូលរួម​មង្គលការ​គេ​នៅ​ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ។ បន្ទាប់​មក​ក៏​បាន​មក​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ មួយ​គ្រឿង ស៊េរី​២០១៣ ពី​ឈ្មោះ​ឆែម សា​រុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងប្អូន​ជីដូនមួយ ដោយ​ថែម​ទាំង​ឌុ​ប​ក្មួយ​ស្រី​ឈ្មោះ លី​ហ្សា អាយុ​៩​ឆ្នាំ ទៅ​ជាមួយ​ផង ហើយ​ប្រាប់​ថា​ទៅ​ទិញ​បង្អែម​ហូប​។ ប៉ុន្តែ​រហូត​ដល់​ពេល​យប់​មិនឃើញ​យក​ម៉ូតូ នឹង​ក្មួយ​ស្រី​ដែល​ដឹក​ទៅ​ជាមួយ​នោះ​ត្រឡប់​មក​ផ្ទះ​វិញ​ទេ មិនដឹង​ជា​ទៅ​ដល់​ទីណា​នោះ​ឡើយ ។ លុះ ស្រាប់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ឈ្មោះ សា​វី បាន​ទូរស័ព្ទ​មក​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​ដើម្បី​លស់​ជីវិត ដោយ​ទាមទារ​ឱ្យ​វេរ​លុយ​តាម​វី​ង ។ ដោយសារ​ខ្លាច​កូនស្រី​មាន​គ្រោះថ្នាក់​ក៏​ព្រម​ធ្វើ​តាម ប៉ុន្តែ​វេរ​ឱ្យ​បាន​៥០​ដុល្លារ ដោយ​សន្យា​វេរ​បន្ត​ទៀត ហើយ​ឧក្រិដ្ឋជន​បាន​ចល័ត​ពី​ចំណុច​ផ្លូវ​វេ​ង​ស្រេង នៅ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​បើក​លុយ​បាន ។
លោក​ថ្លែង​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​មក​ស្រាប់តែ​មាន​ទូរស័ព្ទ​មក​ជំរិត​ប្រាក់​បន្ត​ទៀត នៅ​ចំណុច​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ដោយ​ទទួល​កិច្ចសហការ​ល្អ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ស្ត្រី​ជា​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ស្រុក​ព្រៃឈរ ។ ទាំងនេះ​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ រហូត​ទទួល​បាន​ជោគជ័យ​ដោយ​រំដោះ​ក្មេង​ស្រី​រង​គ្រោះ​មក​វិញ​ដោយ​សុវត្ថិភាព ។
អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន ទទួល​ផែន​ព្រហ្មទណ្ឌ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​សកម្មភាព​ចាប់ជំរិត​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ស្ត្រី​ឈ្មោះ សា​វី និង​សង្សារ​ផ្ទាល់ ដើម្បី​រក​លុយ​នាំ​គ្នា​ទៅ​ស៊ីចាយ​សប្បាយ ។ ប៉ុន្តែ​បំណង​នេះ​មិន​បាន​សម្រេច​ដល់​គោលដៅ​នោះ​ទេ គឺ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន ។ ចំណែក​បុរស​ជា​សង្សារ​ដែល​រស់នៅ​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​ក្រុម​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​៕