ចោរ​អាកា​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​យក​ហ្មត់

ចោរ​អាកា​ប្លន់​ផ្ទះ​វេរ​លុយ​វី​ង​យក​ហ្មត់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​នូវ​មិន​ទាន់​ផ្ដល់​ភាព​ជាក់លាក់​ណាមួយ អំពី​មុខសញ្ញា​ក្រុម​ចោរ​កាំភ្លើង​អាកា ដែល​ចូល​ប្លន់​ផ្ទះ​អា​ជីករ​ប្ដូរ​និង​វេរ​លុយ នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅឡើយ​ទេ ប៉ុន្តែ​បាន​អះអាង​ថា កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ហើយ​ខ្មាន់កាំភ្លើង​ទំនងជា​មុខសញ្ញា ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ដដែល​ៗ នៅ​ក្នុងស្រុក​មោងឫស្សី កន្លង​មក ។
ស្នងការ​រង​ខេត្ត លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ធ្នូ ថា តាម​រយៈ​ការ​សាកសួរ​ជន​រង​គ្រោះ និង​ពី​ប្រភព​នានា​ដែល​កម្លាំង​ជំនាញ​ទ​ទូល​បាន ក្រុម​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី ចូល​ប្លន់​ផ្ទះ «​វី​ង​» ប្ដូរ​និង​វេរ​លុយ កាលពី​៣​ថ្ងៃមុន នៅ​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី​នោះ យើង​សង្ស័យ​ក្រុម​នេះ​ជា​មុខសញ្ញា​ចាស់ ដែល​សមាសភាព​មួយ​ចំនួន​ជា​មុខសញ្ញា ទើប​ចេញពី​ពន្ធនាគារ​ទៀត​ផង​។ លោក​បញ្ជាក់​ថា ក្រុម​នេះ​ហាក់​បាន​បង្ហាញ​អំពី​សកម្មភាព​ដដែល​ៗ ក្នុង​ការ​ប្រព្រឹត្ត​អំពើ «​ប្លន់​» បាន​សម្រេច​គ្រប់ពេល ។
សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៥ ធ្នូ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី បាន​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ «​វី​ង​» ប្ដូរ​និង​វេរ​លុយ​មួយ​កន្លែង នៅ​ក្នុងភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ដោយ​ចាប់​ម្ចាស់ផ្ទះ​ឈ្មោះ ទូច ងឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ចង រួច​រើ​.​កកាយ​ប្លន់​យក​អស់​នូវ​គ្រឿងអលង្ការ លុយ និង​សម្ភារ​មួយ​ចំនួន​ទៀត ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ខណៈ​គ្រួសារ​នេះ​កំពុង​លង់លក់​ក្នុង​ដំណេក ។
បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា ក្រុម​ចោរ​មាន​គ្នា​៣​នាក់ បាន​គាស់​ទ្វារ និង​ចម្រឹង​បង្អួច​ចូល​ក្នុងផ្ទះ ចាប់​បុរស​ជា​ប្ដី​ចង ហើយ​ភ្ជង់​គំរាម​ប្រពន្ធ​កូន រួច​រើ​.​កកាយ​យក​លុយ គ្រឿងអលង្ការ និង​របស់របរ​ជា​ច្រើន​ទៀត ។ ប្រភព​ពី​សមត្ថកិច្ច​ដដែល​បញ្ជាក់​ថា បន្ទាប់​ពី​ក្រុម​ចោរ​ទាំង​៣​នាក់ ប្រមូល​បានទ្រព្យ​សម្បត្តិ​រួច​ហើយ ពួក​វា​បាន​អូស​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត ដើម្បី​ជិះ​ចេញពី​កន្លែង​កើតហេតុ ។  ប៉ុន្តែ​ព្រឹក​ឡើង​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​នោះ​វិញ ដែល​ក្រុម​ចោរ​ជិះ​ឌុ​ប​គ្នា​ដើម្បី​គេចខ្លួន រួច​យក​ទៅ​ប្លុង​ចោល​ក្នុង​ស្រែ ក្បែរ​ផ្លូវជាតិ ចម្ងាយ​ប្រហែល​មួយ​គីឡូម៉ែត្រ ពី​ផ្ទះ​ជន​រង​គ្រោះ ។
ជន​រង​គ្រោះ​ឈ្មោះ ទូច ងឿ​ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ក្រុម​ចោរ​បាន​គាស​បង្អួច​ចូល ពេល​ក្រុម​គ្រួសារ​គាត់​កំពុង​ដេក​លក់ ។ ពួក​វា​បាន​សម្រុកចូល​ក្នុងផ្ទះ រួច​ភ្ជង់​ចាប់​គាត់​ចង​ភ្លាម​ៗ ខណៈ​បក្ខពួក​វា​មួយ​ចំនួន​ទៀត រើ​.​កកាយ​យក​ទ្រព្យសម្បត្តិ និង​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​កូន​គាត់ ដោយ​គំរាម​មិន​ឱ្យ​ស្រែក​ឡើយ ។ លោក ទូច ងឿ​ន បញ្ជាក់​ថា ក្រុម​ចោរ​បាន​ប្លន់​យក​លុយ​គាត់​អស់​៣០​លាន​រៀល​, ៣​ម៉ឺន​បាត​, គ្រឿងអលង្ការ​ប្លា​ទី​ន សរុប​ចំនួន​១៤​ជី និង​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែ​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​រក​ឃើញ​វិញ ដោយសារ​ពួក​វា​ជិះ​យក​ទៅ​ប្លុង​ចោល​ក្នុង​ស្រែ ដើម្បី​គេចខ្លួន ។
បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច នេះ​ជា​ករណី​ប្លន់​លើក​ទី​៦​ហើយ សម្រាប់​ខេត្តបាត់ដំបង បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១​មក​រា រហូត​ដល់​ថ្ងៃ​ទី​៥ ធ្នូ ២០១៥ នេះ ។ រីឯ​មុខសញ្ញា​ជន​ដៃដល់ សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ផង​ដែរ ។ តាម​ការ​កត់សម្គាល់ ជន​មិន​ស្គាល់​មុខ​ដែល​ប្រព្រឹត្ត​អំពើ​ប្លន់​នេះ ស្ទើរ​រាល់​លើក ត្រូវ​គេ​សម្គាល់ថា ភាគច្រើន​ពួក​គេ​បិទមុខ នៅ​ពេល​ធ្វើ​សកម្មភាព និង​ប្រើប្រាស់​កាំភ្លើង​វែង​-​ខ្លី វាយដំ​ទៅ​លើ​ជន​រង​គ្រោះ ឱ្យ​មាន​របួស​ស្នាម​និង​បាញ់​គំរាម តែ​មិន​មានការ​បាញ់​សម្លាប់​ម្ចាស់ផ្ទះ​ទេ ។
លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ដែរ​ថា សំណុំរឿង​ប្លន់​មួយ​ចំនួន ត្រូវ​បាន​បំបែក ថែម​ទាំង​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បញ្ជូន​ទៅ​តុលាការ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ផង​ដែរ​។ ប៉ុន្តែ​មុខសញ្ញា​មួយ​ចំនួន​បាន​គេចខ្លួន និង​បន្ត​ធ្វើ​សកម្មភាព​រហូត​មក​ដល់​ពេល​នេះ ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ និង​ស្វែងរក​ចាប់ខ្លួន ។ លោក​បាន​បន្ថែម​ថា មុខសញ្ញា​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ថា ជា​ទណ្ឌិត​ដែល​ទើប​ចេញពី​ពន្ធនាគារ​ទៀត​ផង ។ រហូត​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​នៅ​តែ​ទទួល​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត ឱ្យ​បន្ត​ការ​ស៊ើបអង្កេត​នៅ​ជុំវិញ​តំបន់​កើតហេតុ​នៅឡើយ ៕