ជំហរ​ប្រមុខ​ការទូត ទោះ​មាន​ជំនួយ​ឬ​អត់​ជំនួយ​ប្រទេស​កម្ពុជា​នៅ​តែ​ដើរទៅ​មុខជា​និច្ច

ជំហរ​ប្រមុខ​ការទូត ទោះ​មាន​ជំនួយ​ឬ​អត់​ជំនួយ​ប្រទេស​កម្ពុជា​នៅ​តែ​ដើរទៅ​មុខជា​និច្ច

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​ថ្ងៃ​ទី​៦ ធ្នូ បាន​ថ្លែង​ថា​ចំពោះ​លោក​សម រ​ង្ស៊ី ដែល​ស្នើ​សភា​អឺរ៉ុប ឬ​សភា​អា​មេ​រិ​ក ឲ្យ​បង្កក​ជំនួយ ឬ​ផ្តាច់ជំនួយ​សម្រាប់​កម្ពុជា​នោះ គឺជា​សិទ្ធិ​របស់​គេ ។ ទោះជា​យ៉ាងណា​ក្តី​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ប្រទេស​កម្ពុជា​នឹង​រីក​ចម្រើន​ទៅ​មុខ​លើ​គ្រប់​វិស័យ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ឆ្លើយ​តប​បែប​នោះ​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​លោក​ចែក​អំណោយ និង​សួរ​សុខ​ទុក្ខ​កុមារ​គ​-​ថ្លង់​នៅ​សាលា​កុមារ​គ​-​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ឡើង​ថា ទោះបីជា​មាន​ជំនួយ​ពី​បរទេស ឬ​គ្មាន​ជំនួយ​ក្តី ប្រទេស​ជាតិ​យើង​នៅ​តែ​ទៅ​មុខជា​និច្ច ។

ប្រមុខ​ការទូត​កម្ពុជា​បាន​ថ្លែង​ថា​«​សូម​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​តែ​មាន​ជំនឿ​ថា​ប្រទេស​កម្ពុជា​ពី​ថ្ងៃនេះ​ទៅ​តែងតែ​ទៅ​មុខ អត់​ឈរ​នឹង​ស្ងៀម និង​អត់​មាន​ថយក្រោយ​ទេ គឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ មាន​ជនបរទេស​គេ​បាន​មក​ដល់​គេ​បាន​និយាយ​ថា កម្ពុជា​មាន​សុចរិត​ភាព មាន​យុត្តិធម៌ គេ​បាន​មើលឃើញ​ការ​រីក​ចម្រើន​របស់​យើង​យ៉ាង​ពិតប្រាកដ ។

ក្នុង​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ខ្ញុំ​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស មក​ពី​ប្រទេស​ជា​ច្រើន​ដែល​គេ​បាន​និយាយ​ពី​ការ​រីក​ចម្រើន​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ។ គេ​បាន​សរសើរ​ថា ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច ព្រោះ​គេ​បាន​តាមដាន​គ្រប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក ។ តែ​ក៏​នៅ​មាន​មនុស្ស​ដែល​បាន​និយាយ​ថា ប្រទេស​កម្ពុជា​អត់​មានការ​រីក​ចម្រើន ប្រជាជន​កាន់តែ ក្រ​ទៅ​ៗ» ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ព័ត៌មាន​ពី​ការ​ផ្តាច់ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ វា​គ្រាន់តែ​ជាញ​តិ្ត​របស់​សភា​អឺរ៉ុប តែ​ពេល​នេះ​សហភាព​អឺរ៉ុប សភា​អឺរ៉ុប​មិន​ទាន់​បាន​សម្រេច​យ៉ាងណា​នោះ​ទេ ។ ទោះបីជា​មាន​ជំនួយ ឬ​អត់​មាន​ជំនួយ​ទាំងនោះ ប្រទេស​កម្ពុជា​នៅ​តែ​ដើរទៅ​មុខជា​និច្ច ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​បញ្ហា​របស់​លោក​សម រ​ង្ស៊ី ដែល​អ្នកកាសែត​សួរ​ថា គេ​បានឮ​ថា​សភា​អា​មេ​រិ​កបាន​លើក​ឡើង​ពី​ការ​លើកលែងទោស​ដល់​លោក​សម រ​ង្ស៊ី​នោះ ថា កម្ពុជា​បាន​អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា ស្រប​តាម​នីតិរដ្ឋ ។

កាលពី​ថ្ងៃ​ទី​៣ ធ្នូ ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រមុខ​រាជរ​រដ្ឋាភិបាល​កម្ពុជា សភា​សហរដ្ឋអាមេរិក​បាន​ស្នើ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង ពិសេស​ត្រូវ​លុប​ចោល​ដីកា​តាម​ចាប់ខ្លួន​លោក​សម រ​ង្ស៊ី ហើយ​ប្រគល់​សមាជិកភាព​ជា​តំណាងរាស្ត្រ​ឱ្យ​លោក​សម រ​ង្ស៊ី វិញ ។ សភា​សហរដ្ឋអាមេរិក​លើក​ឡើង​ថា សកម្មភាព​ទាំង​អស់នេះ​កំពុង​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​ស្ថាប័ន​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា ហើយ​វា​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​មុខមាត់​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ និង​ដល់ក​កិច្ច​ប្រឹងប្រែង​ដើម្បី​រឹតចំណង​ឱ្យ​កាន់តែ​រឹង​មាំ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ផង​ដែរ​។​សំឡេង​របស់​ពលរដ្ឋ​កម្ពុជា គួរ​ត្រូវ​បាន​រដ្ឋាភិបាល​យកចិត្តទុកដាក់​ស្តាប់ និង​គួរ​ត្រូវ​បាន​ស្វាគមន៍​ឱ្យ​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជា​ចំហ ។

កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ទទូច​ឱ្យ​រដ្ឋសភា​កម្ពុជា ប្រគល់​សមាជិកភាព​សភា​ឱ្យ​លោក​សម រ​ង្ស៊ី វិញ ។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក​ម៉ាក់ ថូន​នើ (Mark   Toner)  កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទចោទប្រកាន់​ចំពោះ​លោក​សម រ​ង្ស៊ី ។

ចំពោះ​ការ​រិះគន់​របស់​សភា​សហរដ្ឋអាមេរិក​នោះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផា​ន ឆ្លើយ​តប​ក្នុង​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​មួយ​ថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​គឺ​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ មិនមែន​ដូច​រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ​លន់ ន​ល់ ក្នុង​ឆ្នាំ​១៩៧០ ដែល​ស្ថិត​ក្រោម​អាណានិគម​របស់​សហរដ្ឋអាមេរិក​នោះ​ទេ ។ កម្ពុជា​មាន​រដ្ឋធម្មនុញ្ញ និង​មានច្បាប់​ផ្ទាល់ខ្លួន​ដែល​ត្រូវ​អនុវត្ត និង​មិន​អាច​ធ្វើ​តាម​បញ្ជា​របស់​ប្រទេស​ណាមួយ​ឡើយ ។ 

លោក​ផៃ ស៊ី​ផា​ន អះអាង​ថា ករណី​លោក សម រ​ង្ស៊ី គឺជា​រឿង​បុគ្គល​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ «​វា​គ្មាន​ឥទ្ធិពល​អ្វី​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​គឺជា​រដ្ឋាភិបាល​ដែល​មាន​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​ខ្លួន ហើយ​ចំណងទាក់ទង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​មាន​ដដែល បើ​អា​មេ​រិ​ក​បោះបង់​ខ្មែរ​ចោល​ទៅ​យក​មនុស្ស​ខុសច្បាប់ មិន​អនុវត្ត​ច្បាប់ ហើយ​ជា​ទណ្ឌិត​គេចខ្លួន​ពី​ការ​អនុវត្ត​ច្បាប់ ខ្ញុំ​មិន​ជឿ​ថា គេ​អាច​និយាយ​ថា សហរដ្ឋអាមេរិក ជា​នីតិរដ្ឋ​នោះ​ទេ សហរដ្ឋអាមេរិក​គ្រាន់តែ​យក​សម រ​ង្ស៊ី ជា​តុក្កតា ជា​កូនអុក​នយោបាយ​របស់​ខ្លួន​» ៕