​ដូនចាស់​កម្សត់​រស់នៅ​ក្នុង​ខ្ទម​តែម្នាក់ឯង​គ្មានអ្វី​ជាទី​ពឹង​

​បើទោះបី​ជាមាន​កូនចៅ ហើយ​ចូលដល់​វ័យចាស់​ជរា​យ៉ាងណាក្តី តែ​លោកយាយ​ដ៏​កម្សត់ និង អភ័ព្វ​រូបនេះ​រស់នៅ​កំព្រា​ឯកោ​តែម្នាក់ឯង ពុំមាន​កូនចៅ​ណា​ម្នាក់​នៅ​មើលថែ និង ជាទី​ពឹង​ឡើយ ។ ជីវិត​រស់នៅ​របស់គាត់​រាល់ថ្ងៃនេះ​មានការ​លំបាក​វេទនា​យ៉ាងខ្លាំង លោកយាយ​កម្សត់​រូបនេះ​មានឈ្មោះ សឹម រី បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​បឹង ឃុំ​បន្លា​ស្អិត ស្រុក​ឈូក ខេត្តកំពត ។ នៅក្នុង​ខ្ទម​ប្រក់​ស្លឹកត្នោត​តូច​មួយ​ដែល​មានតែ​គ្រែ​មួយ​ប៉ុណ្ណោះ មើលទៅ​ហាក់ដូចជា​រោង​មាន់​ស្ថិតនៅក្រោម​ដើមឈើ នៅពេលដែល​អ្នក​នៅ​ជុំវិញ​នោះ មាន​សុទ្ធតែ​ផ្ទះ​ធំៗ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ មាន​ហូបចុក​គ្រប់គ្រាន់ ។

អភ័ព្វ​តែ​លោក យាយ សឹម រី ប៉ុណ្ណោះ តាំងតែ​ពី​ដើម​មក​ជីវិត​របស់គាត់​ក្រលំបាក​វេទនាណាស់ ហើយ​ទ្រព្យសម្បត្តិ​គោក្របី ដីធ្លី​ស្រែចម្ការ​ក៏​លក់​គ្មាន​សល់ ។ ពេល​ចុះ​ទៅដល់​មូលដ្ឋាន​ផ្ទាល់​លោកយាយ​កម្សត់​រូបនេះ កំពុង​បិត​កន្លាស់​ដូង​លក់​ឱ្យ​អ្នកធ្វើ​អំបោស ហើយ​ស្របពេល​ជាមួយគ្នា​នោះ អ្នក​ស្រុកភូមិ​នៅក្បែរ​ខាង​នោះបាន​នាំគ្នា​មក​ចោមរោម​អ្នកយកព័ត៌មាន​របស់​យើង ដោយ​ប្រាប់​ម្នាក់​មួយ​ម៉ាត់ៗ​ថា យាយ រី ជា​មនុស្ស​កម្សត់​ខ្លាំងណាស់ រាល់ថ្ងៃនេះ​គ្មានអ្វី​ហូប​នោះទេ គាត់​មានកូន​ប្រុស​តែ​ម្នាក់​គត់ ដែល​រស់នៅ​ជិតគ្នា​នេះដែរ តែ​កូន​របស់គាត់​នោះ​ក៏មាន​ជីវភាព​លំបាក​ខ្លាំង​ណាស់ដែរ ដូច្នេះ​គេ​មិនបាន​មើលថែ​ម្តាយ​ឲ្យ​ដិតដល់ ឬ ហូបចុក​គ្រប់គ្រាន់​នោះទេ មានតែ​រស់​តាម​យថាកម្ម​រៀងៗ​ខ្លួន ។

បន្ទាប់មក​អ្នកយកព័ត៌មាន​របស់​យើង​ក៏បាន​ជួប​សម្ភាស​លោកយាយ សឹម រី ដោយផ្ទាល់ គាត់​បាន​រៀបរាប់​ពី​ខ្សែជីវិត​រស់នៅ​យ៉ាង​លំបាក​វេទនា​របស់គាត់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា បច្ចុប្បន្ននេះ​គាត់​មាន​អាយុ ៧៩ ឆ្នាំ​ហើយ តែមួយ​ជីវិត​នេះ​គាត់​ពុំដែល​ស្គាល់​សេចក្តីសុខ​ម្តងណា​ឡើយ ស្គាល់​តែ​ទុក្ខសោក និង ភាពលំបាក​វេទនា ។ ស្រមោល​ជូរចត់​ពី​អតីតកាល​នៅតែ​តាម​លង​គាត់​គ្រប់​វិនាទី ហើយ​ពេល​នឹកឃើញ​កាលណា​តែងតែ​ខ្លោចផ្សា​ពេលនោះ ថែមទាំង​មានការ​ឈឺចាប់​ស្ទើរ​និយាយ​មិន​ចេញ ។ កាលពី​ដប់​ឆ្នាំមុន​គាត់​ត្រូវ​លក់​ដីស្រែ​ចម្ការ​អស់រលីង​ដើម្បី​ព្យាបាល​ជំងឺ​ប្តី​ដែល​ឈឺ​អស់​រយៈពេល​ម្ភៃ​ប្រាំ​ឆ្នាំ ហើយ​ទីបំផុត​ប្តី​របស់គាត់​បាន​ស្លាប់​ដោយ​ការ​ធ្លាយ​ក្រពះ ដោយ​ទុកឱ្យ​គាត់​ក្លាយជា​ស្ត្រី​មេម៉ាយ​កូន​មួយ ទាំង​បន្ត​រស់នៅ​យ៉ាង​លំបាក​វេទនា រហូតមកដល់​សព្វថ្ងៃ​នេះ ។

ដូច​ឃើញស្រាប់​ហើយ គាត់​រស់នៅក្នុង​ខ្ទម​ស្លឹក​អត់​ជញ្ជាំង ក្រោម​ដើមឈើ បន្ទាប់ពី​ផ្ទះ​ឈើ​តៀម​មួយ​ខ្នង​របស់គាត់​ទំហំ​បី​ម៉ែត្រ​គុណ​បួន​ម៉ែត្រ ត្រូវ​ដួលរលំ​ដោយសារ​ពុកផុយ​បាក់បែក ហើយ​ត្រូវ​គាត់​ដាក់​គរ​ទុកចោល​ម្តុំ ដោយ​គ្មាន​ប្រាក់កាស​សាងសង់​ឡើងវិញ​ឡើយ ។ លោកយាយ​បាន​បន្តទៀតថា រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់​យប់​រាល់ថ្ងៃ ធ្វើឱ្យ​គាត់​ពិបាក​ក្នុងការ​ស្នាក់នៅ​ខ្លាំងណាស់ ជួន​នៅ​យប់​ខ្លះ​គាត់​មិនបាន​ដេក​ពួន​ឡើយ ត្រូវ​ភ្លៀង​លេច​សាច​ទទឹកជោក​អស់​ភួយ​មុង​កន្ទេល​សើម​គ្មាន​សល់ បណ្តាលឱ្យ​គាត់​អង្គុយ​ឱបក្បាលជង្គង់​រងា​ញ័រញាក់​ដូច​កូន​សត្វ រហូតដល់​ភ្លឺ​ជាមួយនឹង​ក្តី​ស្រេកឃ្លាន​ព្រោះតែ​គ្មានអ្វី​ហូប ។ ជួន​ថ្ងៃ​ខ្លះ​គ្មាន​បាយ​ហូប​ដើរ​សុំ​បាយ​គេ​ហូប​ក៏មានដែរ ម្តង​ផ្ទះ​នេះ ម្តង​ផ្ទះ​នោះ គ្រាន់​បាន​រួច​មួយពេលៗ ។

គាត់​មានកូន​ម្នាក់​នឹង​គេ​ដែរ កាលពីមុន​កូន​របស់គាត់​មាន​ប្រពន្ធ​នៅ​ខេត្តកំពង់ស្ពឺ តែ​បន្ទាប់ពី​គេ​បានកូន​ប្រុស​ម្នាក់ ប្រពន្ធ​នោះ​ក៏​ឈឺ​ស្លាប់ទៅ ។ បន្ទាប់មក​គេ​ក៏​បានមក​យកប្រពន្ធ​មួយទៀត ហើយក៏​បានមក​សង់ផ្ទះ​រស់នៅ​ក្បែរ​គាត់​ជា​ម្តាយ​ដែរ ដោយសារតែ​ជីវភាព​គ្រួសារ​របស់គេ​ក្រីក្រ​ដែរ គេ​មិនបាន​មើលថែ​គាត់​ដិតដល់​នោះទេ ដូច្នេះហើយ​មានតែ​ប្រកប​របរ​បិត​កន្លាស់​ដូង​លក់ និង ការដាក់​ទាន​ពី​សំណាក់​អ្នក​ស្រុកភូមិ​ដែល​គេ​អាណិតអាសូរ​គាត់​ប៉ុណ្ណោះ ។ ជីវិត​រស់នៅ​របស់គាត់​រាល់ថ្ងៃនេះ​មានការ​លំបាក​វេទនា​ខ្លាំងណាស់ មិន​ដែលមាន​ហូបចុក​គ្រប់គ្រាន់​នោះទេ ដូច្នេះ​នៅពេលនេះ​គាត់​មានតែ​លើកដៃ​សំពះ​ដល់​សប្បុរសជន ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌ សូម​មេត្តាជួយ​ស្រោចស្រង់​ដល់​ជីវភាព​រស់នៅ​របស់គាត់​ផង បើ​ពុំ​ដូច្នោះ​ទេ​គាត់​នឹង​ដាច់ពោះ​ស្លាប់​ហើយ ៕​សុធន​


​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

Related