ស្លាប់១ របួសធ្ងន់-ស្រាល​៤ គ្រោះថ្នាក់ចរាចរណ៍ក្នុង​​ស្រុករតនមណ្ឌល​

ខេត្តបាត់ដំបង ៖ កាលពី​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ស្ថិត​នៅ​ចំណុច​ភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល រវាង​ម៉ូតូ​និង​ម៉ូតូ​ជិះ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​-​ស្រាល​៤
នាក់ ។

តាម​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ដា ភេទ​ប្រុស មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ស្ដៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ចំណែក​៤​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ថា ភាគី​ម្ខាង​ជិះ​គ្នា​២​នាក់ រីឯ​ភាគី​ម្ខាង​ទៀត​ជិះ​គ្នា​៣​នាក់ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​ទៅ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ខណៈ​កំពុង​ជិះ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ។ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល ដើម្បី​រង់ចាំ​ភាគី​ទាំង​២ ចូល​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕