ពេជ្រ សោភា ប្រកាស​លាឈប់​ពី​ផលិតកម្ម​ហង្ស​មាស

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស និង​រស្មី​ហង្ស​មាស​អ្នក​នាង​ពេជ្រ សោភា បាន​ប្រកាស​លាឈប់​ពី​អាជីព​ចម្រៀង​នៅ​ផលិតកម្ម​នោះ​ហើយ ។

ការ​ប្រកាស​បែប​នោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​តារាចម្រៀង ពេជ្រ សោភា កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ធ្វើ​ឱ្យ​អ្នកគាំទ្រ​នាង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ ពេជ្រ សោភា លើក​ឡើង​ថា នាង​នឹង​លាឈប់​ពីរ​ស្មី​ហង្ស​មាស និង​ហង្ស​មាស ក្រោយ​ពេល​បំពេញ​តួនាទី​ជា​គណៈកម្មការ​ខេ​ម​បូ​ឌៀ​ន​អាយ​ដល​រដូវ​កាល​ទី​២​ចប់ ។ ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​ពេជ្រ សោភា នោះ​សរសេរ​ថា «​នាង​ខ្ញុំ​ពេជ្រ សោភា នឹង​លាឈប់​ធ្វើ​នៅ​ហង្ស​មាស និង​រស្មី​ហង្ស​មាស​ហើយ តែ​នាង​ខ្ញុំ​នឹង​ធ្វើ​ការងារ​របស់​នាង​ខ្ញុំ​ឱ្យ​ចប់​គឺ «The Vioce Cambodia» ។ អរគុណ​ដល់​ក្រុមហ៊ុន​ហង្ស​មាស​ដែល​ធ្វើ​ឲ្យ​ជីវិត​គ្រួ​សារបាន​ល្អ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ ខ្ញុំ​មាន​ថ្ងៃនេះ គឺ​បាន​មក​ពី​ហង្ស​មាស​ទាំងអស់​» ។

មាន​មតិ​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា ពេជ្រ​សោភា សម្រេចចិត្ត​បោះបង់​ផលិតកម្ម​ហង្ស​មាស អាច​មក​ពី​នាង​ត្រៀមខ្លួន​ចេញ​ទៅ​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ។ នាង​ពេជ្រ សោភា បាន​រៀប​ការ​ជាមួយ​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក កាលពី​ប៉ុន្មាន​ខែ​មុន ។ ក្រោយ​រៀប​ការ​រួច សា្វ​មី​របស់​ពេជ្រ សោភា បាន​ចេញ​ទៅ​អា​មេ​រិ​ក​វិញ ទុក​ពេល​ឲ្យ​នាង​ចាប់​អាជីព​សិល្បៈ​បន្ត​ទៀត​សិន លុះ​ត្រាតែ​អស់ចិត្ត​ដោយ​ខ្លួនឯង ។

លើស​ពី​នេះ​មានការ​និយាយ​ត​គ្នា​ថា ពេជ្រ សោភា ហាក់​ប្រែប្រួល​ប្រជាប្រិយភាព​តាំងពី​រៀប​ការ​មក ព្រមទាំង​ទីផ្សារ​ចម្រៀង​មិនសូវ​ស្ទុះ​ឡើង ម្យា​៉​ង​ស្រប​តាម​ដំណាក់កាល​នេះ​នាង​ល្មម​ដល់​ពេល​គិតគូរ​រឿង​អនាគត​ក្រោយ​រៀប​ការ និង​ល្មម​គិតគូរ​រឿង​មើលថែ​ប្តី ព្រមទាំង​យក​កូនចៅ​ហើយ ។ ដូច្នេះ​ហើយ​វា​អាច​ជា​មូលហេតុ​នៃ​ការ​បោះបង់​អាជីព​ចម្រៀង​នេះ ។

មិន​មាន​តម្រុយ​ណាមួយ​ថា នាង​ពេជ្រ សោភា សម្រេចចិត្ត​ទៅ​កាន់​ផលិតកម្ម​ណា​ផ្សេង​ទេ ក្រៅពី​បង្ហាញ​សារ​បញ្ចប់​ការងារ​នៅ​ហង្ស​មាស​នោះ ។ អ្នកគាំទ្រ​មួយ​ចំនួន​សម្តែង​ការ​សាទរ ប្រសិនបើ​ពេជ្រ សោភា ចេញ​ទៅ​សាង​ជីវិត​ថ្មី​នៅ​អា​មេ​រិ​ក​នោះ ដោយ​រំពឹង​ថា​នាង​នឹង​ទទួល​បាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​ឆាប់​បាន​កូនចៅ ។

នៅ​ផលិតកម្ម​ហង្ស​មាស ពេជ្រ សោភា បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​ដែល​ចេញ​លក់​នៅ​លើ​ទីផ្សារ​ដូច​ជា​បទ «​បេះដូង​ត្រដរខ្យល់​» «Oh Better Day» «​គ្មាន​អ្នក​យល់ចិត្ត​» «​គ្មាន​បង​ដូច​គ្មាន​ដង្ហើម​» «​ផឹក​លួង​ខ្លួនឯង​» «​មនុស្ស​ស្រី​បែប​ណា​ទើប​សម​នឹង​បង​» «Status​ខូចចិត្ត​» «​សង្សារ​គ្រាន់តែ​ជា​អ្នក​ដទៃ​» ជាដើម ។ ពេជ្រ សោភា ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក អូស្ត្រាលី កា​ណា​ដា ទទួល​បានការ​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ មិន​ចាញ់​នៅ​ក្នុងស្រុក​ប៉ុន្មាន​ទេ ៕