រត់​ផ្អើល ព្រោះ… ឃើញ​ក្រពើមក​ដើរ​លេង​ផ្សារ!


សត្វក្រពើដ៏ធំមួយក្បាល ដែលមានទំងន់ប្រមាណជា ៣៦០គីឡូក្រាម ដូចជាចង់ដើរកំសាន្ដ នៅក្នុងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម (ឬ​ផ្សារ​ទំនើប) របស់​អាមេរិក...
មិនជាសប្បាយប៉ុន្មានទេ ដែលមកធ្វើការ នៅមជ្ឈមណ្ឌលតាំងពីព្រឹក ស្រាប់តែប្រទះឃើញក្រពើមួយក្បាល មកដល់មុនគេឯងទៅទៀត។

បុគ្គលិកបម្រើការ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «Sugar Land» ក្នុងក្រុង ហ៊ូស្ដុន នៃរដ្ឋតិចសាស (អាមេរិក) បានជួបហេតុការណ៍ ដ៏ភ័យតក់ស្លុតមួយ ទាំងព្រឹកព្រលឹម នៅពេលដែលពួកគេ បានមកធ្វើការ កាល​ពី​ថ្ងៃ​សៅរ៍ ពីរសប្ដាហ៍មុន។ មានរឿងអី?  មាន! នោះគឺសត្វក្រពើមួយក្បាល់ មានបណ្ដោយប្រមាណ​ជា៣,៨០​ម៉ែត្រ និង​៣៦០គីឡូម៉ែត្រ បាន​ចូល​មក​ដើរ​កំសាន្ដ នៅក្នុងចំណតរថយន្ដ នៃមជ្ឈមណ្ឌល។

បើទោះជាសត្វសាហាវនេះ បានខ្វាក់ភ្នែកមួយចំហៀង និងមានអាយុប្រមាណជា៥០ឆ្នាំទៅហើយក្ដី តែវា​នៅ​តែមានភាពចាំបាច់ណាស់ ដែលក្រុមនគរបាល ចាំបាច់ត្រូវរកការធ្វើអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ខាង​ចាប់ក្រពើ។ ក្រុមអ្នកជំនាញ បានចូលមកចាប់ចងក្រពើ ដោយរំនឹងខ្សែពួរដ៏មាំមួយ ហើយបានយកក្រណាត់ មកបិទភ្នែកវា ដើម្បីងាយស្រួល ក្នុងការដឹកបញ្ជូនវាចេញទៅ។

សត្វក្រពើ ទំនងជាបានវាចេញពីព្រៃមួយ នៅតំបន់នោះ ដែលព័ទ្ធខ្វាត់ខ្វែង ដោយទឹកបឹងបួ និងទន្លេមួយផង៕