នាំ​កាក​សំណល់​ពី​ទ្វីបអាហ្វ្រិក ចាត់​ទុក​កម្ពុជា​ជា​ធុងសំរាម

ខេត្តកំពង់ស្ពឺ ៖ កាក​សំណល់​ជា​ថ្នាំជក់​ខូចគុណភាព ដែល​ខ្ទប់​ចំនួន​៦២​កេស ត្រូវ​បាន​គេ​នាំ​យក​មក​ចាក់ចោល​នៅ​កន្លែង​មួយ​ក្នុងភូមិ​ជ័យ​តា​គួ​ន ឃុំ​រកា​កោះ ស្រុក​គងពិសី នៅ​ចម្ងាយ​ពី​ស្ពាន​គុណគ្រូ​ប្រមាណ​២​គីឡូម៉ែត្រ​ក្នុង​របង​ដី​តំបន់​រោងចក្រ ដែល​មាន​របង​បេតុង​ខ្ពស់​ៗ​ព័ទ្ធ​ជុំវិញ​ត្រូវ​សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា នេះ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ដែល​ក្រុម​ជនល្មើស​បាន​យក​មក​ចាក់ចោល ។

យ៉ាងណា​ក្តី សម្រាប់​កាក​សំណល់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​រាប់​សិប​តោន​ទៀត​អាច​កំពុង​ទុក​ចោល​នៅ​តាម​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ធ្នូ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ក្នុង​នេះ​មាន​មក​ពី​ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ ព្រះរាជអាជ្ញា និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សាកសួរ​ចម្លើយ​ជនសង្ស័យ​ជុំវិញ​បញ្ហា​លប​លួច យក​កាក​សំណល់​ថ្នាំជក់​មក​ចាក់ចោល​តំបន់​ខាងលើ​នេះ ។

ប្រភព​ដែល​គួរ​ទុកចិត្ត​មួយ​បានឱ្យ​ដឹង​ថា កាក​សំណល់​ដែល​បាន​រក​ឃើញ​នេះ ត្រូវ​បាន​គេ​ដឹក​ចេញ​មក​ពី​ប្រទេស​អា​ហ្រិ្វ​ក​ខាងត្បូង ហើយ​ក្រុមហ៊ុន​ដែល​បាន​លប​លួច​ដឹក​កាក​សំណល់​នេះ​ចូល​មក​កម្ពុជា មាន​ក្រុមហ៊ុន​ថោ​ង​ស៊ី​ន និង​លី​លី​ណា ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន ។ តាម​ប្រភព​ថា សម្រាប់​ដឹក​ចូល​មក​កម្ពុជា​នេះ​ក្នុង​មួយ​លើក​ៗ​ប្រមាណ​២២​តោន ហើយ​ពួក​គេ​បាន​ដឹក​ចូល​មក​កម្ពុជា​៤​លើក​មក​ហើយ ដែល​សរុប​មាន​រាប់​សិប​តោន និង​ពួក​គេ​កំពុង​ដឹក​យក​ទៅ​ចាក់ចោល​រាយ​ប៉ាយ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស ដែល​គេ​ចាត់​ទុក​ថា កម្ពុជា​ជា​ធុងសំរាម ។

មន្ត្រី​ប៉ូលិស​ក្រសួងមហាផ្ទៃ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​យក​កាក​សំណល់​មក​ទុក​ចោល​ក្នុង​ទឹកដី​ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​តួនាទី ជា​អនុប្រធាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន ឈ្មោះ​ក្រុមហ៊ុន​ថោ​ង​ស៊ី​ន និង​លី​លី​ណា ។ ជនសង្ស័យ​រូប​នេះ​បាន​ត្រូវ​ប៉ូលិស​ហៅ​មក​សាកសួរ​ចម្លើយ​ព្រមទាំង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​យក​កាក​សំណល់​ចេញពី​តំបន់​ទាំងនេះ ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ ជុំវិញ​បញ្ហា​នេះ​បន្ត​ទៀត សំដៅ​ធ្វើ​យ៉ាងណា វែកមុខ​រក​មេ​ក្លោ​ង​ធំ​បំផុត​នៅ​ពីក្រោយ​រឿង​នេះ មក​ធ្វើការ​ផ្តន្ទាទោស ។

មន្ត្រី​ប៉ូលិស​ដដែល​បាន​បញ្ជាក់​ដែរ​ថា តាម​ការ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ គេ​បាន​រក​ឃើញ​កាក​សំណល់​ថ្នាំជក់​ដែល​ខូចគុណភាព​គេ​យក​មក​ចាក់ចោល​នៅ​ដី​តំបន់​រោងចក្រ​នេះ​មាន​ចំនួន​៦២​កេស ឬ​ស្មើ​ប្រមា​៩០​គីឡូក្រាម​។

តាម​មន្ត្រី​ប៉ូលិស​ថា ពេល​ចុះ​ទៅ​ដល់ ទីកន្លែង​កើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចោទប្រកាន់​ហើយ ពួក​គេ​នឹង​ប្រឈម​មុខ​ផ្លូវច្បាប់ ។ ពួក​គេ​អាច​ជាប់ចោទ​ធ្ងន់ធ្ងរ​ពី​បទ​នាំ​កាក​សំណល់ ពី​បរទេស​មក​ចាក់ចោល​នៅ​ប្រទេស​កម្ពុជា ដែល​ជា​បទល្មើស​មួយ​មិនធម្មតា​ឡើយ ដែល​ចាត់​ទុក​កម្ពុជា​ជា​ធុងសំរាម​បែប​នេះ ។

បើ​តាម​ជន​ត្រូវ​ចោទ​ម្នាក់​បាន​និយាយ​យ៉ាង​ខ្លី​ថា កាក​សំណល់​ដែល​ដឹក​មក​ចាក់​នេះ​មាន​តែ​ប៉ុណ្ណឹង​ទេ ។

ទោះជា​មានការ​បញ្ជាក់​ពី​ជនសង្ស័យ​បែប​នេះ​ក្តី ប៉ុន្តែ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នេះ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​ដែល​ជនល្មើស​បាន​ដឹក​យក​មក​បោះចោល​តាម​តំបន់​នីមួយ​ៗ​តាម​រូបភាព​១​រថយន្ត​ឬ​២​រថយន្ត ។ ពួក​គេ​អាច​យក​ទៅ​ពង្រាយ​ចោល​តាម​តំបន់​នីមួយ​ៗ ហើយ​ធ្វើការ​ដុត​ចោល ជា​រូបភាព​តូច​ៗ ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច ។ គេ​ជឿ​ថា នឹង​មាន​កន្លែង​ស្តុក​ចោល​ធំ​ៗ​ជា​ច្រើន​ទៀត ដែល​គេ​មិន​ទាន់​រក​ឃើញ​នៅឡើយ ។

មន្ត្រី​ប៉ូលិស​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ដែរ​ថា ពេល​នេះ​ប៉ូលិស​កំពុងធ្វើការ​ឆែកឆេរ​តំបន់​រោងចក្រ​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​គេ​ជឿ​ថា អាច​នឹង​មានការ​លាក់​កាក​សំណល់​ថ្នាំជក់​ខូចគុណភាព​នេះ ត្រូវ​គេ​លប​លួច​ដឹក​មក​ចាក់ចោល​រាប់​តោន​ទៀត ។​ដោយឡែក មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ខេត្តកំពង់ស្ពឺ​បាន​បដិសេធន៍​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ដែល​បាន​ចុះ​ពិនិត្យ​ក្នុង​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា ការ​នាំ​កាក​សំណល់​ថ្នាំជក់​ពី​បរទេស មក​ចោល​នៅ​ប្រទេស​កម្ពុជា​នេះ មិនមែន​ជា​រឿង​ធម្មតា​ឡើយ ពីព្រោះ​ថា​វា​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​និង​ពិសេស​បរិស្ថាន ។ ការ​មិន​យកចិត្តទុកដាក់​បញ្ហា​នេះ​រយៈពេល​ខ្លី​មិន​ថ្វី​ទេ ប៉ុន្តែ​រយៈពេល​វែង​វិញ វា​បង្ក​បញ្ហា​ដល់​សុខភាព​ទាំង​មនុស្ស និង​សត្វ ។

យ៉ាងណា​ក្តី មន្ត្រី​បរិស្ថាន​រូប​នេះ​និយាយ​ថា ចំពោះ​វត្ថុ​មិន​មានជីវិត​មិន​បង្ក​ការ​ប៉ះពាល់​ទេ ប៉ុន្តែ​ផ្ទុយ​មក​វិញ វា​នឹង​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​ធ្ងន់ធ្ងរ ។

ចំណែក​លោក ព្រំ ថន ជា​ជំទប់​ទី​មួយ​ឃុំ​រកា​កោះ និយាយ​ថា លោក​មិន​បានដឹង​ពី​កាក​សំណល់​នេះ ត្រូវ​បាន​គេ​បោះចោល​កាលពីមុន​ឡើយ ហើយ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កើត​បញ្ហា​បែប​នេះ នៅ​ក្នុង​ដែនដី​ស្រុកភូមិ​របស់  លោក ។ ទោះបី​យ៉ាងណា លោក​មិន​បានដឹង​រឿង​នេះ​យ៉ាងដូចម្តេច​ឡើយ ហើយ​លោក​ទុក​ឱ្យ​សមត្ថកិច្ច​គេ​ស្រាវជ្រាវ​ពី​បញ្ហា​នេះ ដើម្បី​យក​ជនល្មើស​មក​ធ្វើការ​ផ្ទ​ន្ទា​ទោស​តាម​ច្បាប់​ទៅ​ចុះ ។

សូម​បញ្ជាក់​ថា បញ្ហា​ការ​នាំ​ចូល​កាក​សំណល់​ថ្នាំជក់​មក​ចោល​នៅ​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​នេះ គឺ​មិនមែន​ជា​លើក​ទី​មួយ​ទេ គឺ​កាលពីមុន​នេះ​គេ​បាន​រក​ឃើញ​រាប់​សិប​តោន​មក​ហើយ ។ បញ្ហា​នេះ​ត្រូវ​បាន​គេ​ចោទ​ថា បើ​មិន​មានការ​បើកដៃ​ពី​ប្រភព​ណាមួយ​នោះ​ទេ មិន​អាច​នាំ​ចូល​បាន​ឡើយ ។ ពោល​គឺ​បើ​ខ្មោច​ស្រុក​មិន​បើកដៃ ខ្មោច​ក្រៅ​មិន​អាច​នាំ​កាក​សំណល់​ពី​បរទេស​មក​ចាក់ចោល​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ។

ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​កាក​សំណល់​ទាំងនេះ និង​ថា​គួរ​ណាស់​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​ដល់​ឬ​ស​គល់​ដើម្បី​យក​ជនល្មើស​មក​ផ្ទ​ន្ទា​ទោស​តាម​ច្បាប់ ចៀសវាង​គំរូ​អាក្រក់​នៅ​ពេល​ក្រោយ​ៗ​ទៀត ។ ផ្ទុយ​ទៅ​វិញ​បើ​សមត្ថកិច្ច​ធ្វើការ​ព្រងើយកន្តើយ ឬ​ធ្វើ​ដើម្បី​បំពុល​ត្រី​ម្តងម្កាល​គេ​ជឿ​ថា ជា​គំរូ​អាក្រក់​ដែល​ធ្វើ​ឱ្យ​ជនល្មើស​ស្គាល់ចិត្ត​ហើយ​ហ៊ាន​ប្រព្រឹត្តិ​បែប​នេះ​ដដែល ។ បញ្ហា​នេះ នឹង​បន្ត​កើត​មាន​ទៀត​មិន​ចេះ​ចប់​នោះ​ឡើយ ហើយ​ប្រ​សិន​រក​ជន​ផ្សំ​គំនិត​ក្នុង​ករណី​នេះ​ឃើញ គួរតែ​ដាក់ទោស​ធ្ងន់ធ្ងរ និង​ស្រាវជ្រាវ​ឱ្យ​ដល់​ឫសគល់​ចំពោះ​ជន​ដែល​ឈរ​នៅ​ពីក្រោយ​ខ្នង ។

គួរ​រំលឹក​ថា ប៉ុន្មាន​ខែ​មុន​នេះ​ការ​នាំ​យក​កម្ទេច​កន្ទុយបារី​រាប់​សិប​តោន​តាម​ចក្រ​ព្រំដែន​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ពី​ប្រទេស​វៀតណាម យក​ទៅ​ចោល​នៅ​ខេត្តឧត្ដរមានជ័យ និង​ខេត្តសៀមរាប តាម​រូបភាព​ជា​ការ​នាំ​ចូល​ជីគីមី ។ ទោះជា​បែប​ណា រឿង​ក្ដី​ដែល​មានការ​ភ្ញាក់ផ្អើល​នោះ​បែរជា​ស្ងាត់ឈឹង ដូច​ចោរលួច​សេះ មិនដឹង​ថា​មានការ​ត្រូវរ៉ូវ​គ្នា​បែប​ណា​នោះ​ទេ​។ សម្រាប់​សារព័ត៌មាន​ក៏​នៅ​តែ​តាមដាន​រហូត និង​ចាត់​ទុក​ថា​វា​ជា​ព័ត៌មាន​រសើប ដែល​អាច​បង្កប់​ទៅ​ដោយ​អំពើ​ពុក​រលួយ​ដ៏​ធំ​មួយ ៕