សម្តេចតេជោ​រំលឹកឲ្យអាជ្ញាធរ​និងកងកម្លំាង​ប្រដាប់អាវុធ​អន្តរាគមន៍បូមទឹក​និងជួយច្រូតស្រូវប្រជាពលរដ្ឋ

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម (Facebook) ​បង្ហោះនៅព្រឹកថ្ងៃទី​០៧ធ្នូនេះ​មាន​ខ្លឹមសារ​ទំាងស្រុងថា "​ កសិកម្មឆ្នាំនេះ ​ពិសេសដំណាំស្រូវទាំងស្រូវវស្សា ​ទាំងស្រូវប្រាំងបាន ​និងកំពុងប្រឈម​នឹងការខ្វះខាតទឹក។

ក្នុងសភាពការណ៍​បែបនេះជាមួយនិងវិធាន​ការ ​ដែល​រាជរដ្ឋាភិបាលបានដាក់​ចេញរួចមកហើយនោះ ​ខ្ញុំសូមរំលឹកលើ​ចំណុចខ្លះៗ៖

១.ត្រូវអន្តរាគមន៍ជួយ​បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ​ដោយមិនត្រូវទុកឲ្យស្រូវខូច​នៅតំបន់ដែល​មានប្រភព​ទឹកនោះឡើយ។

២.កម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ​ មន្ត្រីរាជការ ​ត្រូវចាត់តាំងកម្លាំង​ចុះជួយច្រូតកាត់ប្រមូល​ផលសំរាប់គ្រួសារដែល​ខ្វះកម្លាំងពលកម្ម ​​(ចាស់ជរា ​ស្ត្រីមេម៉ាយជនពិការ គ្រួសារយុទ្ធជន)។

៣.ស្ថាប័នកសិកម្ម​ត្រូវផ្ដល់ពូជដំណាំដល់​ប្រជាកសិករដែលមិន​អាចធ្វើស្រែប្រាំងបាន ​ជំរុញឲ្យពួកគាត់​ដាំដុះដំណាំរួមផ្សំវិញ។

៤.ត្រៀមអន្តរាគមន៍​កំចាត់សត្វបំផ្លាញដំណាំ ​និងទប់សា្កត់ជំងឺ​សត្វគ្រប់ប្រភេទ។

៥.ស្ថាប័នហិរញ្ញវត្ថុ​ និងធនាគារត្រូវធ្វើ​ការជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ​ដើម្បីរកវិធីអនុគ្រោះ​មួយចំនួនជូនប្រជាជន​ដែលរងគ្រោះ​ ដូចជាពន្យារពេលសង ​ ឬពន្យារពេល សងដោយមិនយកការប្រាក់​ ឬបន្ថយការប្រាក់ ​ទប់ស្កាត់ការឆ្លៀត​ឱកាសរឹបអូសដីធ្លី ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ។ល ​។ ពីសំណាក់ម្ចាស់បំណុល ​ចំពោះកូនបំណុលដែល​កំពុង​ជួបការ​លំបាកដោយ​សារគ្រោះធម្មជាតិ" ៕