​ហា​យ​ឡិ​នឌ័រ​បើក​បុក​ក្បាល​ថ្ម​ពុះ​ចែក​ផ្លូវ​ខ្ទាត​ទៅ​ប៉ះ​​​រថយន្ត​កាម​រី​​ និង​​​ម៉ូតូ​កូន​ទា ​​​​របួសធ្ងន់ម្នាក់

រាជ​ធានីភ្នំពេញ ​៖ ​រថយន្ត​ហា​យ​ឡិនឌ័រ​បើក​ក្នុង​ល្បឿន​លឿន​ទៅ​បុក​​​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​ដាច់​កាឡេក​ង់​មុខ​ខាងឆ្វេង​ ចំណែក​ក្បាល​ថ្ម​ខ្ទាត​ទៅ​ប៉ះ​​​រថយន្ត​កាម​រី​ស៊េរី​ថ្មី​បណ្តាល​ឱ្យដាច់​កាឡេក​ង់​មុខ​ដូច​គ្នា ​ភ្លាម​នោះ​ក៏​មាន​ម៉ូតូ​កូន​ទា​បើក​មក​ដល់​ចាប់ហ្វ្រាំងមិន​ទាន់ជ្រុល​​បុក​ក្បាល​ថ្មដែល​ខ្ទាត​នោះ​បណ្តាល​ឱ្យដួល​រង​របួសធ្ងន់​។

ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៦ ធ្នូ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿ​ម​ម៉ាក​ហា​យ​ឡិនឌ័រ ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ ខេ​មរ​ភូ​មិន្ទ​០១ 2-5057 ដឹក​គ្រួសារ​ចេញពី​ចូល​រួម​មង្គល​ការ​គេ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ តែ​ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​បានរេ​ទៅ​បុក​​​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​ហា​យ​ឡិនឌ័រ​នោះ​ដាច់​កង់​មុខ​ខាងឆ្វេង​បើក​ទៅ​មុខ​លែង​រួច​ ចំណែក​បំណែក​ថ្ម​ទ្រូងផ្លូវ​នោះ​ខ្ទាត​ទៅ​ប៉ះ​​​រថយន្ត​កាម​រី ​ស៊េរី​ថ្មី​មួយ​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លា​ខ​លេខ ខេ​មរ​ភូ​មិន​០៩ 2-5585 ដែល​កំពុងបើក​ក្នុង​ទិសដៅ​បញ្ច្រាសគ្នា​បណ្តាល​ឱ្យ​រថយន្ត​កាម​រី​នោះ​ខូចខាត​ផ្នែក​ខាង​មុខ​ និង​ដាច់​កាឡេក​ង់​មុខ​ផ្នែក​ខាងឆ្វេង​ដែរ។

ភ្លាមៗ​នោះ​ដែរ ស្រាប់​តែ​មាន​​ម៉ូតូ​កូន​ទា​មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់​ ​​គ្មាន​ស្លាក​លេខ​ បើក​ដោយ​បុរស​ម្នាក់​ដែល​បើក​ស្រប​ទិស​ជាមួយ​​រថយន្ត​កាម​រី​នោះ​​​បើកមក​ដល់​គេច​បំណែកថ្មដែល​ខ្ទាត​មិន​ទាន់​ក៏​បាន​ជ្រុល​ទៅ​បុកយ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យរង​របួសធ្ងន់​ ​​។

​ក្រោយ​ពេល​កើតហេតុ​រថយន្ត​ហា​យ​ឡិនឌ័រ​ត្រូវ​បាន​សមត្ថកិច្ច​ជំនា​ញចរាចរណ៍​ធ្វើការ​វាស់វែង​ និង​ស្ទូច​យក​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគ​បាល​រា​ធានី​ភ្នំពេញ​ដើម្បីរង់​ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ​ចំណែកម្ចាស់​រថយន្ត​កាម​រី​ស៊េរី​ថ្មី​នោះ​បាន​និយាយ​ត្រូវ​រ៉ូ​វ​ជាមួយ​សមត្ថកិច្ច សមត្ថកិច្ច​ក៏​ឱ្យយក​រថយន្ត​ទៅ​ធ្វើ​ដោយ​ខ្លួនឯង ចំណែក​បងប្អូន​ម្ចាស់​ម៉ូតូ​ក៏​បាន​ទទួល​សំណង​ចំនួន​២០០​ដុល្លា​រពី​ភាគី​ខាង​រថយន្ត​ហា​យ​ឡិ​ន​ឌ័រ​ដើម្បី​បញ្ចប់រឿង​៕ ​