ព្រះសង្ឃ​​ជាច្រើន​អង្គ​មក​​គាំទ្រ​ព្រះសង្ឃ​​ដែល​ត្រូវ​បាន​គំរាម​ផ្សឹក

កាលពីម្សិលមិញ សកម្មជន​ជា​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​មក​ជួបជុំគ្នា​នៅ​វត្ត​ស្ទឹងមាន​ជ័យ តវ៉ា​ទៅ​នឹង​សេចក្ដី​សម្រេច​ផ្សឹក​ព្រះសង្ឃ​​​មួយ​​អង្គ​ដែលតាម​ចោទ​ថា បាន​បោះ​ពុទ្ធប្ប​ដិមា​ចូល​ទៅ​ក្នុង​ស្រះទឹក​​​កខ្វក់​ ដោយ​អះអាង​​ថា ព្រះអង្គ​ត្រូវ​បាន​គេ​ទម្លាក់​កំហុស ពីព្រោះ​ព្រះអង្គ​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម ហើយ​គេ​ដឹង​ថា ​គាំទ្រ​សកម្មជន​ដីធ្លី​។

​កាលពី​ថ្ងៃ​សៅរ៍ ព្រះសង្ឃ​​​​ជាន់​ខ្ពស់​នៅ​វត្ត​​នេះ​បាន​សម្រេច​នៅ​ក្នុង​​​​​ការ​ប្រជុំ​មួយ​​ផ្សឹក​ព្រះ​តេជគុណ គឹម សិលា ​ព្រះជន្ម​​៥២​ព្រះ​វស្សា​ បន្ទាប់ពី​មាន​ការ​ចោទ​ប្រកាន់​ពី​ព្រះសង្ឃ​ដទៃ​​ទៀត​​ថា ព្រះអង្គ​បានបោះពុទ្ធប្បដិមា​ប្រហែល​​​១០​អង្គ​​ និង​​​​វត្ថុបុរាណ​មួយចំនួន​ទៀត​​ចូល​ទៅ​​​ក្នុង​ស្រះ​​ទឹក​ក្បែរ​នោះ​ដែល​សុទ្ធ​តែសំរាម​​នៅ​​​​​​ពេល​បោស​សម្អាត​កុដិ​ថ្មី​របស់​ព្រះអង្គ​ ជា​ការ​​ចោទ​ប្រកាន់​​ដែល​​​ព្រះសង្ឃអង្គនេះបាន​បដិ​សេធ​​កាលពី​ម្សិល​មិញ។

​​ព្រះតេជគុណ ថៃ ប៊ុនធឿន​ ព្រះចៅ​អធិការ​ស្ដីទី​បាន​មាន​សង្ឃដីកា​ថា ​​ពុទ្ធប្បដិមា​ដែល​ត្រូវ​បាន​បោះ​ចោល​នេះ​ត្រូវ​បាន​អ្នក​រត់​​ម៉ូតូ​ឌុប​​ម្នាក់​​រក​ឃើញ​​នៅ​ក្នុង​ស្រះ​ទឹក​កាលពី​ថ្ងៃ​សៅរ៍។

ព្រះតេជគុណ គឹម សិលា គង់​​​ក្នុងកុដិ​​​​​​របស់​​​ព្រះ​​​អង្គ​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។ ព្រះអង្គ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បោះ​​​ពុទ្ធប្បដិមា​​​ចូល​​​ទៅ​​​ក្នុង​​​ស្រះ​​​ទឹក​​​​​​ពេល​​​បោស​​​សម្អាត​​​កុដិ​​​ថ្មី។ រូបថតៈ Jen Welding Ollgaard/The Cambodia Daily

ព្រះតេជគុណ គឹម សិលា គង់​​​ក្នុងកុដិ​​​​​​របស់​​​ព្រះ​​​អង្គ​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ កាល​​​ពី​​​ម្សិលមិញ។ ព្រះអង្គ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា បាន​​​បោះ​​​ពុទ្ធប្បដិមា​​​ចូល​​​ទៅ​​​ក្នុង​​​ស្រះ​​​ទឹក​​​​​​ពេល​​​បោស​​​សម្អាត​​​កុដិ​​​ថ្មី។ រូបថតៈ Jen Welding Ollgaard/The Cambodia Daily

ព្រះអង្គ​មាន​សង្ឃដីកា​ថា “​ដូនជី និង​ពុទ្ធ​បរិស័ទ​បាន​​មក​តវ៉ា​​​ដោយ​ចោទ​​ប្រកាន់​ព្រះ​សង្ឃ​អង្គ​នេះ​ថា បាន​យក​​ពុទ្ធប្បដិមា​ទៅ​​បោះ​​​​ចោល​​នៅ​ក្នុង​ស្រះទឹក​”។ ព្រះអង្គ​បាន​បន្ថែម​​​​ថា ព្រះ​អង្គ​មិន​បានឃើញ​ព្រះតេជគុណ គឹម សិលា ​បោះពុទ្ធប្បដិមា​ និង​វត្ថុ​បុរាណ​ទាំង​នេះ​​​​​​​ចោល​ដោយ​ផ្ទាល់ព្រះនេត្រ​ទេ។ ​

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា “អាត្មា​​បាន​កោះ​ប្រជុំ ហើយ​បាន​សម្រេច​​ថា មាន​ដំណោះ​​​ស្រាយ​ពីរ​សម្រាប់​​ព្រះសង្ឃ​អង្គ​នេះ​ ប្រសិន​បើ​​​​​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​កំហុស។​ទី១​​ត្រូវ​បណ្ដេញ​ចេញពី​វត្ត និង​ទី២​គឺ​ត្រូវ​ផ្សឹក​។ ចំពោះ​ព្រះសង្ឃ​ដែល​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពុទ្ធប្បដិមា ព្រះបរមសារីរិកធាតុ ចេតិយ ឬ​ដើម​ពោធិព្រឹក្ស​ គឺ​ជា​កំហុស​​ដែល​យើង​មិន​អាច​អត់​ឱន​​ឲ្យ​បាន​ឡើយ។ ​

ព្រះ​​​តេជគុណបាន​​​​​បន្ថែម​ថា សេចក្ដី​សម្រេច​នេះ​​​មិន​ទាន់​ចប់​​ទេ ពីព្រោះ​ព្រះ​សង្ឃ​ ទាំងអស់​នៅ​តែ​ចង់​ស្ដាប់​ការ​បក​ស្រាយ​​​ពី​របស់ព្រះតេជគុណ គឹម សិលា ដដែល​។ យើង​ នឹង​ព្យាយាម​​និយាយ​ជា​មួយ​ព្រះសង្ឃ​អង្គ​នេះ​ដើម្បី​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ”។

​ទោះ​ជាយ៉ាង​ណា កាលពី​យប់​ថ្ងៃ​សៅរ៍ ព្រះសង្ឃ​ប្រហែល​១០០​អង្គ​​​នៅ​ក្នុង​វត្ត​នេះ​បាន​មកឡោម​ព័ទ្ធ​​​​កុដិ​ចាស់​របស់​​ព្រះតេជ​គុណ គឹម សិលា ដែល​ព្រះអង្គ​កំពុង​គង់​នៅ​ ដោយ​​​​ទាម​ទារ​ឲ្យ​​ផ្សឹក​​​ព្រះសង្ឃ​អង្គ​នេះ​។ កាលពី​ម្សិលមិញ ព្រះសង្ឃ​​​ប្រហែល​៥០​អង្គ​ដែល​ភាគច្រើន​ជា​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន​និមន្ត​មក​ដល់​វត្ត​នេះ​នៅ​ម៉ោង​ប្រហែល​២​រសៀល ដើម្បី​បង្ហាញ​ការ​គាំទ្រ​​ដល់​ព្រះតេជគុណ គឹម សិលា ហើយ​មាន​សង្ឃដីកា​ការ​ពារ​ព្រះ​​អង្គ​ពី​ព្រះសង្ឃ​មួយ​ក្រុម​​ដែល​មាន​កំហឹង។

​បន្ទាប់​មក ​ក្រុម​ព្រះសង្ឃ​ខ្មែរ​ក្រោម​បាន​​ទូល​ព្រះតេជគុណ គឹម សិលា កុំ​ឲ្យ​ទៅ​ចូល​រួម​ការ​ប្រជុំ​​​តាមការ​គ្រោងទុក​ជា​មួយ​​ព្រះចៅ​​អធិការ​ស្ដីទី​ លុះ​ណា​តែ​អង្គការ​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​រួម​​ ជា​សំណើ​ដែល​​ព្រះសង្ឃ​ជាន់​ខ្ពស់​ត្រូវ​បាន​បដិសេធ។

​មាន​សង្ឃ​ដីកា​​នៅ​កុដិ​របស់​ព្រះអង្គ​កាល​ពី​​ម​្សិលមិញ ព្រះតេជគុណ គឹម សិលា បាន​បដិ​សេធ​ថា ព្រះអង្គ​មិន​បាន​បោះ​​​ពុទ្ធប្បដិមា​ចូល​​​ទៅ​ក្នុង​ស្រះទឹក​ទេ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ​”​ការ​ចោទ​ប្រកាន់​នេះ​មិន​ពិត​ឡើយ។ អាត្មា​គិត​​ថា មាន​គេ​ទម្លាក់​កំហុស​មក​លើ​អាត្មា​”។

ព្រះសង្ឃ​អង្គ​នេះ​ដែល​បាន​មក​គង់​នៅ​វត្ត​នេះ​រយៈ​ពេល​១៥​ព្រះវស្សា​មក​ហើយ​នោះ​ មាន​សង្ឃដីកា​ថា ពុទ្ធប្បដិមា​ទាំង​នេះ​​​​ប្រាកដ​ជា​ត្រូវ​បាន​យក​ទៅ​បោះ​ចោល​​​​បន្ទាប់​ពី​​​ព្រះអង្គ​​​​បាន​សុំ​ឲ្យ​​​ក្មេង​វត្ត​ជួយ​បោស​សម្អាត​កុដិ​ថ្មី​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បានជាវ​​ពី​ព្រះ​សង្ឃ​ផ្សេង​ទៀត​កាលពី​ថ្ងៃ​សុក្រ មុន​ពេល​​​​រើ​​មក​គង់​នៅ​។

​ព្រះតេជគុណ គឹម សិលា ដែល​​មាន​អាពាធ និង​បន្តោក​សេរ៉ូម​​កាលពី​ម្សិលមិញ​បាន​មាន​សង្ឃដីកា​ថា “​អាត្មា​អស់​កម្លាំង ដូច្នេះ​អាត្មា​បាន​ប្រាប់​​​​​មេកុដិ​ចាស់​​​សុំ​ឲ្យ​ក្មេង​វត្ត​​ជួយ​បោស​​​​សម្អាត​”។

cam-photo-front1ព្រះអង្គ​មាន​សង្ឃដីកា​ថា វា​ពិត​ណាស់​ដែល​អាត្មា​​ត្រូវ​គេ​ទម្លាក់​កំហុស ពីព្រោះ​​​ពុទ្ធប្ប​ដិមា​ទាំង​នោះ​ងាយ​ស្រួលយក​ចេញ​ណាស់​។ ​ព្រះតេជគុណ គឹម សិលា មាន​សង្ឃ​​​ដីកាថា “ប្រសិន​បើ​​អាត្មា​ ពិតជា [បាន​យក​ទៅ​​​​បោះ​ចោល​មែន​នោះ] ហេតុ​អ្វី​បាន​ជា​​​​​ពុទ្ធប្ប​ដិមា​ទាំង​នោះ​​ត្រូវ​បាន​គេ​ប្រទះ​​ឃើញ​នៅ​ក្បែរ​​មាត់​ស្រះ​ ហើយ​​ងាយ​ស្រួល​​សម្រាប់​គេ​​​រក​ឃើញ​ទៅ​វិញ? អាត្មាគិត​ថា មាន​នរណា​​ម្នាក់​រៀបចំ​​ផែន​ការ​នេះ​មិន​ខាន​​”។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា “​ទី១​គឺ​ការ​​​រើស​អើង ពីព្រោះ​អាត្មា​ជា​ព្រះសង្ឃ​ខ្មែរ​​​

ក្រោម។ ទី២​​គឺ​​ប្រជាប្រិយភាព​របស់​អាត្មា​

ពីព្រោះ​មនុស្ស​ច្រើន​គាំទ្រ​អាតា្ម។ ទី៣​​មាន​គេ​ចង់​​បាន​កុដិ​ថ្មី​របស់​អាត្មា​”។

ព្រះតេជគុណ យិន យ៉ាត ​​ព្រះជន្ម​​២៧​ព្រះវស្សា​គង់​នៅ​វត្ត​នេះ​​​​បាន​មានសង្ឃ​ដីកា​ការ​ពារ​ព្រះតេជ​គុណ​​ គឹម សិលា ​ដោយ​អះ​អាង​ថា ការ​ចោទ​ប្រកាន់​នេះ​​​គឺ​ដោយ​សារ​​​​​ព្រះអង្គ​បាន​ចែក​អំណោយ​ដល់អ្នក​ដែល​តវ៉ា​អំពី​វិវាទ​ដីធ្លី​។

ព្រះអង្គ​មាន​សង្ឃដីកា​ថា “​ព្រះតេជគុណ​​បាន​គាំទ្រ​​សកម្មជន​វិវាទ​ដីធ្លី ដោយ​​​​ផ្ដល់​​បាយ​ និង​ទឹក​​នៅ​ពេល​ពួកគាត់​ចូលរួម​​ការ​តវ៉ា​។ អាត្មា​គង់​នៅ​ទីនេះ ដូច្នេះ​អាត្មា​ដឹង​ថា ព្រះ​អង្គ​​​​​​អាពាធ​​ពីរ​បី​ថ្ងៃ​មក​ហើយ​​​ ហើយ​ក៏​មិន​មាន​នរណា​ម្នាក់​ឃើញ​ព្រះអង្គ​​ធ្វើ​រឿង​​ហ្នឹង​ដែរ”។

លោក ថាច់ សេដ្ឋា ប្រធាន​​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​វត្ត​មាន​នៅ​វត្ត​នោះ​កាលពី​ម្សិល​មិញ​ដែរ បាន​មាន​ប្រសាសន៍​ថា លោក​គិត​ថា ការ​គំរាម​ផ្សឹក​​​​នេះ​ដោយ​សារ​ការ​រើស​អើង​។ លោក​បាន​ថ្លែង​ថា “​ខ្ញុំ​បាន​ស្នើ​​​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ចាត់​វិធានការ​​។ ​​សូម​បញ្ឈប់​ការ​រើស​អើង​ជា​បន្ទាន់​ ពីព្រោះ​ព្រះសង្ឃ​មក​ពី​ខ្មែរ​ក្រោម​គ្រាន់​តែ​មក​សិក្សា​ព្រះ​ពុទ្ធសាសនា​តែ​ប៉ុណ្ណោះ។ យើង​ទាំង​អស់​​គ្នា​សុទ្ធតែ​ជា​ខ្មែរ​ និង​គោរព​​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​ដូច​គ្នា​”។

ព្រះតេជគុណ ឃឹម សន ​ព្រះមេគណ​រាជ​ធានី​ភ្នំពេញ​បាន​មាន​សង្ឃដីកា​ថា បើ​ទោះ​ជា​​​ព្រះអង្គ​បាន​ដឹង​រឿង​នេះ​ក៏ដោយ ក៏ព្រះ​អង្គ​មិន​អាច​​​បក​ស្រាយ​​បាន​ដែរ ពីព្រោះ​​ព្រះអង្គ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ផ្លូវ​ការ។ មន្ទីរ​​​ធម្មការ​ និង​សាសនា​រាជធានី​មិន​អាច​ទាក់​ទង​សុំ​អត្ថាធប្បាយបានទេ​៕ សារុន​​​​​​​​

 

 

 

 

The post ព្រះសង្ឃ​​ជាច្រើន​អង្គ​មក​​គាំទ្រ​ព្រះសង្ឃ​​ដែល​ត្រូវ​បាន​គំរាម​ផ្សឹក appeared first on ខេមបូឌា ដេលី.