ព្រឹត្តិការណ៍​កីឡា​នៅ​អង្គរ​ ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​លើស​ការ​រំពឹង​ទុក

 

​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​អន្តរជាតិ​​ពាក់​កណ្ដាល​ម៉ា​រ៉ាតុង​អង្គរ លើក​ទី២០​ ឆ្នាំ​២០១៥ និង​ការ​ប្រ​កួត​ប្រណាំង​កង់​អន្តរជាតិ ​លើក​ទី​១០ ​ដែល​បាន​ធ្វើ​ឡើង​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យ បាន​ទទួល​ជោគ​ជ័យ​ខ្លាំង​លើស​ការ​រំពឹង​ទុក ខណៈ​ព្រឹត្តិការណ៍​ទាំង​២​នេះ មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​នោះ។

run-003

សម្រាប់​ការ​រត់ប្រណាំង​អន្តរជាតិ​​ពាក់​កណ្ដាល​ម៉ា​រ៉ាតុង​អង្គរ លើក​ទី២០​ ឆ្នាំ​២០១៥ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ មាន​អត្តពលិក​ចូលរួម​​ប្រ​កួត​​៨​៥០០០​នាក់​ ដោយ​ពួក​គេ​មក​ពី​៧៥​ប្រទេស​នៅ​លើ​ពិភព​លោក​ ហើយ​​ចំនួន​​នេះ នៅ​​មិន​ទាន់​រាប់​ប​ញ្ចូល​​អ្នក​រត់​កម្សាន្ត​​ជាង​៣០០០នាក់ ​និងអ្នក​​សុំ​រត់​មិន​បាន​ចុះ​បញ្ជីជា​ច្រើន​នាក់​ទៀត​​ផង។
​​លោក ​ថោង ​ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ​បាន​មាន​ប្រ​សាសន៍​ថា​៖​«កីឡារត់​ម៉ារ៉ាតុង​អង្គរ ​លើក​ទី​២០​នេះ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់​ ព្រោះ​មាន​អ្នក​ចូល​រួម​សរុប​ជាង​១ម៉ឺន​នាក់ ហើយ​ពួក​គេ​​សុទ្ធ​តែបាន​​បង់​ប្រាក់​និង​ចំណាយលើ​ថ្លៃ​ធ្វើ​ដំណើរ ដើម្បី​មក​រត់​នៅ​កម្ពុជា​យើង»​។ ​
យ៉ាង​ណា​ក៏​ដោយ ​លោក វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ ​NOCC បាន​​​ថ្លែង​​ថា​ ការ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​នេះ ​ដោយសារ​​យើង​មាន​វិស័យ​ឯក​ជន​ចូល​រួម​ច្រើន ​ខណៈ​​ឆ្នាំ​២០១៥​នេះ​មាន​ក្រុម​ហ៊ុន​ធានារ៉ាប់​រង ​Manulife ភេសជ្ជៈ ​Revive ទឹក​បរិសុទ្ធ​អង្គរ​ពូរ៉ូ​ បាន​ចូល​រួម​ឧបត្ថម្ភ​។​

bike-006

run-002
​ចំពោះ​ការ​ប្រកួត​ពាក់​កណ្តាល​ម៉ារ៉ាតុង(២១​គីឡូម៉ែត្រ) ផ្នែក​បុរស ចំណាត់​​ថ្នាក់​លេខ​១ បាន​ទៅ​កីឡាករ​ Fraser Thampson មក​ពី​ប្រទេស​អូស្រ្តាលី ដោយ​​ប្រើថិរវេលា​១:១២:​២០​ម៉ោង ហើយ​ផ្នែក​នារី​បាន​ទៅ​​កីឡាការិនី Vivan​ Tang ​មកពីសិង្ហបុរី បាន​​ប្រើថិរវេលា​ ១:​២៩:០៩ម៉ោង។ រីឯ​​វិញ្ញាសារត់ចម្ងាយ​១០គីឡូម៉ែត្រ​ កីឡាករ ​Daisuke​ Fukai ​មកពីជប៉ុន បាន​លេខ​១ ដោយ​​ប្រើថិរវេលា ​៣៦:១២:​៤២នាទី ​ឯ​ផ្នែកនារី លេខ១​បានទៅកីឡាការិនី Agothe​Pech ​មកពីបារាំង​ ដោយ​ប្រើ​ពេល​៤៣:២៨នាទី ហើយ​​ការ​រត់ចម្ងាយ​៣គីឡូម៉ែត្រ​ បែប​កម្សាន្ដលក្ខណៈគ្រួសារនោះ ​មិន​មាន​ចាត់​ចំណាត់​ថ្នាក់​ទេ។
ដោយ​ឡែក ការ​ប្រ​កួត​ប្រណាំង​កង់​អន្តរជាតិ ​លើក​ទី​១០ ​នៅ​អង្គរ ខេត្ត​សៀម​រាប កាល​ពី​​ថ្ងៃ​សៅរ៍​ មាន​​អ្នក​ជិះ​កង់​ជាង​៨០០​នាក់ ​បាន​ចូល​រួម​ប្រកួត នៅ​លើ​វិញ្ញាសា​ចំនួន​៣​គឺ​​ប្រណាំង​កង់​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ ចម្ងាយ​៣០​គីឡូ​ម៉ែត្រ និង​ជិះ​កង់​ចម្ងាយ​១៧​គីឡូម៉ែត្រ។

bike-003

run-001

​លោក​ ណយ​ ផាណា​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា ​និង​ជា​ជំនួយ​ការ​រៀប​ចំ​ការ​ប្រ​កួត​នេះ​ បាន​​ប្រាប់​ថា​៖​«ការ​ប្រកួត​នេះ មាន​អ្នក​ជិះ​កង់ជាង​៨០០​នាក់​​មក​ពី​៣៣​ប្រទេស​ជុំ​វិញ​ពិភពលោក​ បាន​ចូល​រួម​​ប្រ​កួត​ប្រជែងគ្នា​ ដោយ​អ្នក​ជិះ​កង់ភាគ​ច្រើន​​មក​ពី​សហរដ្ឋ​អាមេរិក​ ​​អង់​គ្លេស​ និង​អូស្តា្រលី​ ហើយ​ចំនួន​អ្នក​ចូល​រួម​ក្នុង​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ គឺ​មាន​ការ​កើន​ឡើង​ខ្លាំង​ជាង​ពី​ឆ្នាំ​២០១៤»។
លោក ​នុត ​សាអាន រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​សហ​​ព័ន្ធខ្មែរ​កីឡា​ទោចក្រ​យាន​​ បាន​​​ថ្លែង​ថា៖​«​​ទិវា​ប្រណាំង​កង់​អង្គរ​នេះ​ ធ្វើ​ឡើង​​ដើម្បី​ប្រមូល​ថវិកា​ជួយ​កុមារ​ ដែល​គ្មាន​ទី​ពឹង និង​ស្ដ្រី​ក្នុង​ពន្ធធនាគា ​ហើយ​យើង​ក៏​មាន​គោល​បំណង​រួម​ចំណែក​ជំរុញ​ស្មារតី​ការពារ​ថែ​រ​ក្សា​បរិស្ថាន​ តំបន់​បេតិកភណ្ឌ ផង​ដែរ»។
ចំពោះ​​លទ្ធ​ផល​នៃ​ការ​​ប្រកួត​នេះ គឺ​ការ​ប្រណាំង​កង់​​​ចម្ងាយ​១០០​គីឡូម៉ែត្រ​លេខ​១​ផ្នែក​បុរស​បាន​ទៅ​កីឡាករ Cork Ed​ មក​ពី​អង់​គ្លេស​ រីឯ​ផ្នែក​នារី​បាន​ទៅ​កីឡាការិ​នី​កម្ពុជា​ ហេង ស៊ីវឡាង​។ ​រីឯ​ការ​​ប្រណាំង​ចម្ងាយ​៣០​គីឡូម៉ែត្រ ​ផ្នែក​បុរស​បាន​ទៅ​កីឡាករ​កម្ពុជា ម៉ុល​ ស៊ិន​លីម​ ឯ​​ផ្នែក​នារី​បាន​ទៅ​កីឡាការិនី​​កម្ពុជា ហេង​ ស៊ីវហ្គេច​ ប៉ុន្តែ​​ការ​​​ជិះ​កង់​ចម្ងាយ​១៧​គី​ឡូម៉ែត្រ​ ជា​​លក្ខណៈ​កម្សាន្ត​នោះ មិន​ចាត់​ចំណាត់​ថ្នាក់​ទេ៕

bike-002 bike-001 run-004bike-007 bike-008 run-005 run-006 run-007  bike-005 bike-004