Eli ក្រុម U-KISS មាន​ប្រពន្ធ​ចាស់​ជាង​ខ្លួន ១១ ឆ្នាំ

Eli ក្រុម U-KISS មាន​ប្រពន្ធ​ចាស់​ជាង​ខ្លួន ១១ ឆ្នាំ

បន្ទាប់​ពី Eli ប្រកាស​ពី​ព័ត៌មាន​ដ៏​ភ្ញាក់​ផ្អើល​ទាក់​ទង​នឹង​ជីវិត​ឯកជន​របស់​ខ្លួន តំណាង​ក្រុមហ៊ុន​របស់​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​មួយ​នេះ​បាន​ចេញ​មុខ​មក​ស្រាយ​រឿងរ៉ាវ​​ខ្លះ​​​ៗ​ដែល​អ្នក​គាំទ្រ​អាច​នឹងចង់​ដឹង។

 

 Eli ក្រុម U-KISS មាន​ប្រពន្ធ​ចាស់​ជាង​ខ្លួន ១១ ឆ្នាំ
NH Media តំណាង​ក្រុមហ៊ុន​របស់​ក្រុម​ចម្រៀង​បុរស​កូរ៉េ​ខាង​​ត្បូង​ U-KISSបាន​និយាយ​ថា៖ “Eli បាន​ស្រលាញ់​​គ្នា​ជាមួយ​ប្រពន្ធ​របស់​គេ​បាន​រយៈ​ពេល ៥ ឆ្នាំ​មក​​ហើយ​បើ​ទោះ​បី​ជា​ពួក​គេ​មាន​គម្លាត​អាយុ ១១ ឆ្នាំ​ក៏​ដោយ។ នាង​ធ្លាប់​ជា​តារា​ម៉ូដែល។ ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន។ ហើយ​ពួក​យើង​បាន​ដឹង​ពី​រឿង​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ ពី Eli ផ្ទាល់​។ នៅ​ពេល​នោះ ក្រុមហ៊ុន​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង តែ​ពួក​យើង​បាន​ទទួល​យក​ព័ត៌មាន​នេះ”។

 

តំណាង​មួយ​នេះ​បាន​បន្ថែម​ទៀត​ថា៖ “Eli កំពុង​តែនៅ​ក្នុង​នៅ​ក្នុង​ក្រុម​ចម្រៀង​មួយ ហើយ​ដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​ដល់​សមាជិក​ដទៃ​ក៏​ដូច​ជា​ក្រុមហ៊ុន តារា​ចម្រៀង​រូប​នេះ​មិន​​ហ៊ាន​ទាំង​ប្រារព្ធ​មង្គល​ការ​ឲ្យ​ធំដុំ​ផង។ ពួក​យើង​បាន​គិត​ថា​តើ​ពេល​ណា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ប្រកាស​ពី​ព័ត៌មាន​មួយ​នេះ។ ពួក​យើង​បាន​ដឹង​ពី​រឿង​ប្រពន្ធ​របស់ Eli មាន​ផ្ទៃ​ពោះ​កាល​ពី​ដើម​ខែ​វិច្ឆិកា”។

 

ជា​ចុង​ក្រោយ ​ផលិតកម្ម​ចម្រៀង​នេះ​បាន​ឲ្យ​ដឹង​ថា រឿង​ឯក​ជន​ទាំង​អស់​របស់ Eli នឹង​មិន​មាន​អ្វី​ប៉ះពាល់​ដល់​សកម្មភាព​នៅ ​ក្នុង​សិល្បៈ​របស់​គេ​នោះ​ទេ។ តារា​វ័យ ២៤ ឆ្នាំ​រូប​នេះ​នឹង​ចូល​ខ្លួន​ថត​រឿង​ភាគ​មួយ​ដែល​ជា​ការ​សហការ​គ្នា​រវាង​កូរ៉េ​និង​ចិន​នៅ​ពេល​ខាង​មុខ ហើយ​​គ្រប់​សកម្មភាព​ទាំង​ឡាយ​របស់ U-KISS នឹង​ត្រូវ​បន្ត​ជា​ធម្មតា​ដូច​ការ​គ្រោង​ទុក៕

 

ចុចអាន៖អតីត​សមាជិក UKISS Dong Ho ចូល​រោង​ការ​ហើយ

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop