តើបុរសៗ យល់ថាមនុស្សស្រី មានលក្ខណៈសម្បត្តិបែបណា អាចធ្វើជាភរិយា នៅថ្ងៃអនាគត?

ភ្នំពេញ៖ ជាការពិត មនុស្សប្រុសម្នាក់ៗ តែងរមែងប្រាថ្នាចង់បានមនុស្សស្រីម្នាក់ មកធ្វើជាភរិយា ដើម្បីរស់នៅជាមួយគ្នាអស់មួយជីវិត។ ក្នុងនោះដែរ សម្រាប់បុរសនីមួយៗ តែងមានគំនិតផ្សេងៗគ្នា ក្នុងការសំលឹងមើល ពីលក្ខណៈសម្បត្តិមនុស្សស្រីដែលខ្លួនស្រឡាញ់ ធ្វើជាគូអនាគត។ ថ្ងៃនេះ ខ្មែរឡូតនឹងនាំប្រិយមិត្ត មកជ្រាប ពីសម្តីពិត របស់យុវជន ខ្មែរមួយចំនួន ដែលពួកគេនឹងប្រាប់ពី លក្ខណៈសម្បត្តិរបស់នារី ដែលខ្លួនស្រឡាញ់ ដែល​ចង់រៀបការជាមួយ។

ជួបជាមួយនិស្សិតឆ្នាំទី៤ ឈ្មោះគាង ដែលរៀនជំនាញធនាគារ និងហិរញ្ញវត្ថុ ប្រាប់ ខ្មែរឡូត ឲ្យដឹងថា "សម្រាប់រូបខ្ញុំ មនុស្សស្រីដែលខ្ញុំ តែងស្រមៃចង់បាន ធ្វើជាភរិយានោះ គឺចេះស្រឡាញ់ ស្មោះត្រង់នឹងខ្ញុំ និងគ្រួសារខ្ញុំ។ បើនិយាយពី​ រូបសម្បត្តិវិញ មិនចាំបាច់ស្អាត ខ្លាំងក្លា នោះទេ គ្រាន់តែសាមញ្ញៗទៅបានហើយ ព្រោះថាសម្រស់វា មិនមែនស្ថិតនៅជា អមតៈរហូតនោះទេ គឺមានតែចិត្តស្មោះ រវាងគ្នា​ទើបស្ថិតជារៀងរហូតបាន"។ 

តើបុរសៗ យល់ថាមនុស្សស្រី មានលក្ខណៈសម្បត្តិបែបណា អាចធ្វើជាភរិយា នៅថ្ងៃអនាគត?

ងាកមកជួបបងប្រុសម្នាក់ទៀត ឈ្មោះ សុភារម្យ ជាបុគ្គលិកនៅ ក្រុមហ៊ុនមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បើនិយាយពីអនាគតភរិយានោះ "គឺខ្ញុំមិនរើសច្រើនទេ​គ្រាន់តែ នាងជាមនុស្សសុភាពរាបសារ ដឹងចាស់ទុំ ចេះផ្តល់តម្លៃឲ្យគ្នា ស្រឡាញ់រូបគាត់ និងគ្រួសារគាត់"។ ជាពិសេស រូបលោក បានបន្តថា រូបគាត់ ចង់បានអនាគតភរិយា ដែលជា​មនុស្សរួសរាយ រាក់ទាក់ លេងសើចច្រើន មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។

តើបុរសៗ យល់ថាមនុស្សស្រី មានលក្ខណៈសម្បត្តិបែបណា អាចធ្វើជាភរិយា នៅថ្ងៃអនាគត?

មិនខុសគ្នាប៉ុន្មាននោះដែរ ប្អូនប្រុសម្នាក់ ឈ្មោះ វុធី ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យស៊ីសុវត្ថិ បានប្រាប់ស្រដៀងគ្នាថា មនុស្សស្រី ដែលគាត់ពេញចិត្ត ជាមនុស្សស្រីស្លូតបូត សុភាពរាបសារ មិនឆ្នាស់ខុសរឿងពេក មិនរករឿងផ្តេសផ្តាស់ ចេះគោរពគ្នា​​ និងយល់ចិត្តគ្នា​ទៅវិញទៅមក។ ហើយជាពិសេស ចេះស្មោះត្រង់នឹងគ្នា  មានរឿងអ្វីចេះពិភាក្សា កុំលាក់ក្នុងចិត្ត ឬកុំកុហកគ្នា។

ងាកមកជួបបងប្រុស សូនី ជានិស្សិតឆ្នាំទី៣ ផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ មេគង្គកម្ពុជា ឲ្យដឹងថា រូបគាត់ចង់បាន មនុស្សស្រី ដែលចង់បានជាគូអនាគត គឺវ័យឆ្លាត ចេះរកស៊ី រហ័សរហួនក្នុងកិច្ចការ មានភាពឯករាជ្យ ឬម្ចាស់ការលើខ្លួនឯង។ ជាពិសេស ត្រូវជឿជាក់លើគ្នា មិនមែនចេះតែរករឿងខុសទំនងនោះទេ។ បើនិយាយពីរូបសម្ផស្សវិញ គឺរូបលោក មិនចង់បានស្រស់ស្អាតខ្លាំងនោះទេ​ គឺសុំតែធម្មតាៗ​បានហើយ៕

ចុះចំណែកប្រិយមិត្តបុរសៗវិញ ចង់បានមនុស្សស្រីបែបណា​ ធ្វើជាគូអនាគតនោះ?

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត