ប្លន់ប្រដាប់អាវុធ យកប្រាក់ប្រជាពលរដ្ឋ ពីរករណីផ្សេងគ្នា ក្នុងស្រុកទឹកឈូ សង្ស័យមុខ​ សញ្ញាតែមួយ

កំពត ៖ ចោរប្លន់ប្រដាប់អាវុធ បានធ្វើសកម្មភាព ប្លន់ប្រជាពលរដ្ឋ ២ករណីផ្សេងគ្នាក្នុងយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នេះ ក្នុងទឹកដីស្រុកទឹកឈូ  ខេត្តកំពត ជុំវិញនិងត្រូវសមត្ថកិច្ច បានដាក់ការសន្និដ្ឋាន ជំហាន ដំបូងថាជា មុខសញ្ញាតែមួយ។

មន្រ្តីនគរបាលស្រុកឈូក បានបញ្ជាក់ថា ករណីប្លន់ប្រដាប់អាវុធទី១ តាមសេចក្តីរាយការណ៍បង្កឡើង ដោយ មនុស្សពីរនាក់ ប្រើអាវុធខ្លី ១ដើម ជិះម៉ូតូ ជិះម៉ូតម៉ាកវេវ ពណ៌ទឹកប្រាក់ ធ្វើសកម្មភាពស្ទាក់ផ្លូវ ប្លន់ជនរងគ្រោះ ម៉ឹង ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ។

មន្រ្តីនគរបាលបញ្ជាក់ថា ជនរងគ្រោះ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងនិងខេត្តកែប ត្រូវបាន ក្រុមចោរប្លន់ខណៈជិះម៉ូតូដឹកត្រីជីយកទៅលក់ ពេលដល់ចំណុចផ្លូវលំមួយ ទល់មុខតូបលក់ឥវ៉ាន់ ចាប់ហួយ ឈ្មោះថុនា ស្ថិតក្នុងភូមិកំពង់នង់ ឃុំកូនសត្ង ស្រុកទឹកឈូ ខេត្តកំពត ក្រុមចោរបាន ភ្ជង់ប្លន់ យកលុយក្នុង កាបូបស្ពាយ អស់៩០ម៉ឺនរៀល និងខ្សែដៃផ្លាកទីន១ខ្សែ ចំនួន៣ជីកន្លះ កាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្តែពួកវាមិនបានយកម៉ូតូជនរងគ្រោះនោះទេ។

ចំពោះករណីទី២ កើតឡើង នៅម៉ោង ៧និង៣០នាទីយប់ ត្រង់ចំណុចក្នុងផ្ទះជនរងគ្រោះ ចាន់ អ៊ាន ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ការសន្និដ្ឋានជំហានដំបូងថា ក្រុមចោរ ជាមុខសញ្ញាដូចគ្នា បានចូលធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ យកលុយពីជនរងគ្រោះ អស់២៨ម៉ឺនរៀល និងមាសមាស២ជី។

សូមបញ្ជាក់ថា ក្រោយធ្វើសកម្មភាពប្លន់បានសម្រេច ក្រុមចោរបានជិះគេចខ្លួនបាត់អស់ទំាងពីរ ករណី ហើយរហូតមកទល់ពេលនេះ កម្លាំងនគរបាល បាននិងកំពុងសហការគ្នាស្រាវជ្រាវស្វែងរកមុខសញ្ញា៕