ព្រឹទ្ធសភា ប្រជុំ ពិនិត្យ និង​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ និង​ច្បាប់​ទូរគមនាគមន៍​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ​នេះ ព្រឹទ្ធសភា បាន​បើក​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៣ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ហៅថា ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ ព្រមទាំង​សេចក្តីព្រាងច្បាប់ ស្តីពី ទូរគមនាគមន៍​។ កិច្ចប្រជុំ​របស់​ព្រឹទ្ធសភា នា​ព្រឹក​នេះ គឺ​មិនមាន​វត្តមាន​របស់​ស​មា​ជិ​ក​ព្រឹទ្ធសភា ១១ រូប មកពី​គណបក្ស​សមរង្ស៊ី​នោះទេ​។​

​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោត និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៦ ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី ទូរគមនាគមន៍​។ សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ ត្រូវបាន​រដ្ឋសភា ដែល​មានតែ​អ្នកតំណាងរាស្ត្រ ៦៦ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​អនុម័ត ដោយ​គ្មាន​ការកែប្រែ​អ្វី​នោះទេ​៕