សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ ព្រមទាំង​ម្ចាស់បំណុល អនុគ្រោះ​ដល់​កសិករ ដែល​ជួប​គ្រោះរាំងស្ងួត​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នា​ព្រឹក​ថ្ងៃទី​៧​ធ្នូ​នេះ បានប្រកាសថា កសិកម្ម​របស់​កម្ពុជា នៅ​ឆ្នាំនេះ ពិសេស​ដំណាំ​ស្រូវ កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​។ ប្រឈមមុខ​នឹង​បញ្ហា​គ្រោះធម្មជាតិ​ដូច្នេះ សម្តេច​តេ​ជោ បានលើកឡើង​នូវ​ការអំពាវនាវ ៥ ចំណុច ក្នុងនោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ជាពិសេស ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ ព្រមទាំង​ម្ចាស់បំណុល មេត្តា​រក​វិធី​អនុគ្រោះ​ដល់​ប្រជាកសិករ ដែល​ជួប​គ្រោះរាំងស្ងួត នាពេលនេះ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុនសែន បាន​លើកឡើងថា "​កសិកម្ម​ឆ្នាំនេះ ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវវស្សា ទាំង​ស្រូវប្រាំង បាន និង​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​។ ក្នុង​សភាពការណ៍​បែបនេះ ជាមួយនឹង​វិធានការ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញរួច​មកហើយ​នោះ ខ្ញុំ​សូម​រំលឹក​លើ​ចំណុច​ខ្លះៗ​៖

១.​ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែលមាន​ប្រភពទឹក​នោះឡើយ​។​

២.​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រីរាជការ ត្រូវ​ចាត់តាំង​កម្លាំង​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល សំរាប់​គ្រួសារ ដែល​ខ្វះ​កម្លាំង​ពលកម្ម (​ចាស់ជរា ស្ត្រី​មេម៉ាយ​ជនពិការ គ្រួសារ​យុទ្ធជន​)​។​

៣.​ស្ថាប័ន​កសិកម្ម ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជាកសិករ ដែល​មិនអាច​ធ្វើស្រែ​ប្រាំង​បាន ជំរុញ​ឲ្យ​ពួកគាត់​ដាំ​ដុះ​ដំណាំ​រួមផ្សំ​វិញ​។​

៤.​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ និង​ទប់​សា្ក​ត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​

៥.​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​រក​វិធី​អនុគ្រោះ​មួយចំនួន ជូន​ប្រជាជន ដែល​រងគ្រោះ ដូចជា​ពន្យារពេល​សង ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់ ឬ​បន្ថយ​ការប្រាក់ ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី ផ្ទះសម្បែង ទ្រព្យសម្បត្តិ​។​ល​។ ពី​សំណាក់​ម្ចាស់បំណុល ចំពោះ​កូនបំណុល ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​គ្រោះធម្មជាតិ​"៕​