ឡើង​ដំបូលផ្ទះ​អ្នកស្រុក​សង្ស័យ​ថា​ចោរនាំ​គ្នា​​ព័ទ្ធ​ចាប់​វាយ​ទ្រម​ខ្លួន សមត្ថ​កិច្ច​ថា បែក​ថ្នាំ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​អ្នកស្រុក​ព័ទ្ធ​ចាប់​វាយ​រហូត​ទ្រម​ខ្លួន ​បន្ទាប់​ពី​ឡើង​ដំបូលផ្ទះ​អ្នកស្រុក​រត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ហើយ​លោត​ចុះ​មក​ដី​។ 

ហេតុ​ការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​8​ និង​30​នាទីរំលង​អធ្រាត្រ​ ឈាន​ចូល​​ថ្ងៃ​ទី ៦ ​ធ្នូ ២០១៥ នៅ​ភូមិ​ក្បាលស្ពាន​2​ សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ដំបូង​ជនសង្ស័យ​បាន​ឡើង​ដំបូលផ្ទះ​អ្នកស្រុក​ ហើយ​បាន​រត់​ពី​ដំបូលផ្ទះ​មួយ​ទៅ​ដំបូលផ្ទះ​មួយទៀត ​លុះ​មានការ​ភ្ញាក់ផ្អើល​អ្នកស្រុក​ក៏​បាន​នាំ​គ្នា​ព័ទ្ធ​ចាំ​នៅ​ខាងក្រោម​ លុះ​ជនសង្ស័យ​លោត​ចុះ​មក​ដី​ក៏​ត្រូវ​អ្នកស្រុក​ស្វា​គម​ន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ ព្រោះ​សង្ស័យ​ថា​ ជា​ចោរ​ តែ​សមត្ថកិច្ច​ថា ​ជា​មនុស្ស​បែក​ថ្នាំ​ ហើយ​បើ​កុំ​តែ​មានការ​អន្តរា​គម​ន៍​ជួយ​ពី​នគរបាល​ប៉ុស្តិ៍សង្កាត់​ប៉ោយ​ប៉ែ​ត​ជនសង្ស័យ​អាច​សល់​តែ​ដង្ហើមចង្រិត​បាត់​ទៅ​ហើយ​។

ជនសង្ស័យ​ដោយសារ​មាឌធំ​ហើយ​មានកំ​លាំង​ខ្លាំង​សមត្ថកិច្ច​បាន​ជួយ​បញ្ជូន​ទៅ​ឲ្យ​គ្រូពេទ្យ​ជួយ​ព្យាបាល​ទាំង​ដៃ​ជាប់​ខ្នោះ​។ ទោះជា​យ៉ាងណា​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី៧ ​ធ្នូ​ ​នេះ​ លោក​អ៊ឹម​ សុ​ភារៈ​ មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ ​ហើយ​លោក​បញ្ជាក់​ថា​ ជនសង្ស័យ​ជា​មនុស្ស​បែក​ថ្នាំ​ ពេល​នេះ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ជួយ​ព្យាបាល​ដោយ​ធ្វើ​តាម​ជំនាញ​ដើម្បី​បន្សាបថ្នាំ​ញៀន​ឲ្យ​ជន​រង​គ្រោះ​៕ ​