Manager ​សង្ហា​ផ្ដល់​ឱកាស​ការងារ​លួច​​ភ្ជាប់​នឹង​ក្ដី​ស្រលាញ់


Manager ​សង្ហា​ផ្ដល់​ឱកាស​ការងារ​លួច​​ភ្ជាប់​នឹង​ក្ដី​ស្រលាញ់

 

​ជីវិត​ខ្ញុំ​បាន​ជួប​រឿង​ស្មុគស្មាញ ​និងស្មាន​មិន​ដល់​ជា​ច្រើន​ វា​ផ្ដើម​ចេញ​ពី​ស្នេហា​មិន​សម​បំណង។ ស្នេហ៍​គ្រា​ដំបូង​របស់​ខ្ញុំ​មាន​តាំង​ពី​រៀន​វិទ្យាល័យ​ថ្នាក់​ទី១០មក​ម្ល៉េះ​! គេ​បាន​តាម​ស្រលាញ់ខ្ញុំ​​រយៈពេល២ឆ្នាំ ហើយ​ខ្ញុំ​ក៏​ព្រម​ស្រលាញ់​គេ​ដែរ។ ក្រោយមក​យើង​ទាំងពីរ​ក៏បាន​បែក​គ្នា​រហូតដល់​ពេលនេះ​ជិត៧ឆ្នាំ​មក​ហើយ។ ខ្ញុំ​ពិតជា​ស្រលាញ់ សរសើរ បុរស​ដំបូង​នេះ​ណាស់ ចំពោះ​ការ​តស៊ូ​ដ៏​វិសេស​របស់​គេ ចំពោះ​ខ្ញុំ​ដែល​ពុំ​​អាច​បំភ្លេច​បាន​សោះ​ក្នុង​ជីវិត​នេះ។ ទោះបីជា​យ៉ាងណា យើង​ពុំ​​អាច​ត្រលប់​រក​អតីតកាល​បានជា​ដាច់ខាត។ ក៏​សូម​អរគុណ នឹង​ជូនពរ​បុរស​ម្នាក់​នេះ​សង្ឃឹម​​ថា នឹង​អាច​ចូលរួម​ពិធី​រៀបការ​របស់​គាត់​នា​ពេល​អនាគត និង​ចង់​មើល​មុខ​មនុស្ស​ស្រី​ដែល​គាត់​ជ្រើសរើស។

 

សូម​មិន​លើក​យក​បុរស​ទី២ មក​និយាយ​នោះ​ទេ។ គេ​ជា​មនុស្ស​ដែល​ព្យាយាម​បំផ្លាញ​ទឹក​ចិត្ដ​ខ្ញុំ​ទៅវិញ។ នឹង​គ្មាន​បំណង​ល្អ​សូម្បី​តែ​បន្តិច។ ខ្ញុំ​ក៏បាន​បំភ្លេច​ និង​លែង​នឹកនា​អ្វី​ទៀត​ឡើយ។ គេ​ទាំងពីរ​គឺ​សុទ្ធតែ​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត! ទាំង​ដែល​យើង​មិនដែល​បាន​ធ្លាប់​ស្គាល់​គ្នា​បន្តិច​ណា​ពី​មុន​មក​ឡើយ។

 

ចូល​មកដល់​សាច់រឿង​ចម្លែក ដែល​ខ្ញុំ​ជា​មនុស្ស​ដែល​សង្វាត​ធ្វើការ​តាំងពី​ឆ្នាំ​ទី២​ម្ល៉េះ។ ដូច្នេះ​ការ​សម្ភាស ធ្វើ​តេស្ដ​ក៏ដូចជា​ការ​ជួប​អ្នក​សម្ភាសដោយឡែក​ពី​គ្នា​ក៏​មាន​ច្រើន​រួច​មក​ហើយ​ដែរ។

 

ត្រលប់​ទៅ​កាល​ពី​ខែ​សីហា​នេះ ខ្ញុំ​បាន​ចូល​ទៅ​សម្ភាស​​នឹង​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុងស្រុក​។ មាន​បេក្ខជន​ពីរ​រូប ខ្ញុំ និង​បុរស​ម្នាក់​ផ្សេងទៀត។ ខ្ញុំ​ជា​អ្នក​​ត្រូវ​បាន​សម្ភាស​​មុន។ ​គាត់​មាន​ឋានៈ​ជា​អ្នក​គ្រប់គ្រង​បាន​សួរ​សំនួរ​និង​បំពេញ​ទម្រង់​ជា​ភាសា​អង់គ្លេស។

 

គាត់​មាន​មុខ​មាត់​ស្លូតបូត ហើយ​ការ​និយាយ​ស្ដី​ក៏​សុភាព​។ ក្នុង​អំឡុង​ពេល​ដែល​យើង​ជជែក​គ្នា​គាត់​បាន​រៀបរាប់ និង​ពន្យល់​ដល់​ខ្ញុំ​យ៉ាង​ច្រើន ទាំង​ដែល​ខ្ញុំ​មិនបាន​សួរ។ តែ​រំពេច​នោះ​ខ្ញុំ​មាន​អារម្មណ៍​​ចម្លែក​​យ៉ាង​ខ្លាំង​ចំពោះ​ការ​និយាយ​ស្ដី​របស់​គាត់។ រួច​ក៏​សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​ក៏​គាត់​ហាក់​ដូចជា​ធ្វើ​ល្អ​ដាក់ខ្លួន​ម្ល៉េះ និង​មាន​ចេតនា​ចង់​អោយ​ខ្ញុំ​ជាប់​ទៀត​ផង? រយៈពេល​បញ្ចប់​មិន​ដល់២០នាទី​ផង​ធ្វើ​អោយ​ខ្ញុំ​នេះ​មាន​អារម្មណ៍​រសាប់រសល់​ចម្លែក ដើរចេញ​ទាំង​មាន​មន្ទិល​ក្នុង​ខ្លួន​យ៉ាង​ខ្លាំង។

 

អណ្ដែតអណ្ដូង​លើ​ម៉ូតូ​ពី​ក្រុមហ៊ុន​មកដល់​ផ្ទះ រួច​សួរ​ខ្លួន​ឯង​ថា​មានរឿង​អីហ្នឹង? នឹកគិត​ពេញ​មួយថ្ងៃ​នៅតែ​មិន​យល់​ពី​គាត់​សោះ​គិត​មិន​ចេញ។ តែ​ដំបូង​គិត​ថា​ខ្លួន​ឯង​ត្រូវ​ជាប់​តែ​បែរ​ជា​មិន​ជាប់​ទៅវិញ។

 

រំលង​បាន២ខែ​តែ​បានការ​ងារ​នៅ​កន្លែង​ផ្សេង ក្នុង​ថ្ងៃ​ដែល​បំពេញការងារ​នោះ​ក៏​មាន​អារម្មណ៍​ថា​ឈឺក្បាល​ក៏​សុំ​ត្រលប់​មក​ផ្ទះ​សម្រាក។ បាន​ប្រហែល ១ម៉ោង​ក៏​មាន​អ្នក​ទូរសព្ទ​មក តែ​មិនបាន​ដឹង​ថា​ជា​អ្នកណា​ទេ លឺ​តែ​សំឡេង​មនុស្ស​ប្រុស គ្រាន់​តែ​ដឹង​ថា​គាត់​ទាក់​ទង​មក​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ ហៅ​ខ្ញុំ​ទៅ​ធ្វើ​ការ។

 

 

Manager ​សង្ហា​ផ្ដល់​ឱកាស​ការងារ​លួច​​ភ្ជាប់​នឹង​ក្ដី​ស្រលាញ់

(រូបតំណាង)

 

 

តែ​ពេល​នោះ​ខ្ញុំ​សុំ​ពេល​សម្រេច​ចិត្ត​ ​ពីរ​ថ្ងៃក្រោយ​ក៏បាន​សរសេរ​សារ​​ប្រាប់​ថា​ «សូម​អគុណ​តែ​ខ្ញុំ​​ពុំ​​បាន​ចង់​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​ការ​នឹង​ក្រុមហ៊ុន​បង​ទេ ព្រោះ​ខ្ញុំ​កំពុង​មាន​ការងារ​ហើយ» និង​បាន​បញ្ចប់​ដោយ​ឃ្លា​ថា «រីករាយ​ដែល​បាន​ស្គាល់​អ្នក»។

 

ពេលនោះ​គាត់​ក៏​សុំ​ add What’s app ខ្ញុំ​ តែ​ខ្ញុំ​មិន​បាន​លេង​ទេ ​គាត់​ក៏​ណែ​នាំ​អោយ​ install ហើយ​​ឆាត​ជាមួយ​​គាត់។ ក្រោយ​មក​ទៀត​យើង​ក៏បាន​ជជែក​លេង​តាម​ Skype ​វិញ ។ គាត់​បាន​និយាយ​ពី​រឿង​ក្នុង​ចិត្ត​ ពេល​ដែល​ជួប​មុខ​ខ្ញុំ​ដំបូង គាត់​ប្រាប់​ថា​ខ្ញុំ​គួរ​អោយ​ស្រលាញ់​ណាស់​គាត់​បាន​ចាប់​ចិត្ត​តាំង​ពីរ​បាន​ឃើញ​រូប​ខ្ញុំ​ដំបូង​ក្នុង​ថ្ងៃ​នោះ​ម្ល៉េះ​។ ​គាត់​ក៏​​បាន​សួរ​ពី​រឿង​មាន​សង្សារ នៅ​ទំនេរ និង​ចិត្ត​ខ្ញុំ​ចំពោះ​គាត់​វិញ​យ៉ាង​ម៉េច​ដែរ។ហើយ​គាត់​បាន​សុំ​ដាក់ពាក្យ​លើ​រូប​ខ្ញុំ​ និង​សុំ​រូបថត​ទុក​មើល​ក្នុងពេលដែល​នឹក​ និង​ប្រាប់​ថា​​ចង់​ជួប​ជា​លើក​ទី២។ ​ពាក្យសំដី​គាត់​ផ្អែម​ល្ហែម និង​សុភាពរាបសារ​ចំពោះ​ខ្ញុំ ហើយ​​ខ្ញុំ​ក៏​​មិនបាន​ឆ្លើយ​បដិសេធ​ដែរ។

 

គ្រាន់តែ​ជា​សារ​ខ្លី​២ថ្ងៃ យើង​ក៏បាន​ផ្អាក​ការ​សន្ទនា។ ដោយ​ខ្ញុំ​មិន​បាន​រវល់​នឹង​គាត់ ហើយ​គាត់​ក៏​ដូចគ្នា។ មួយ​ខែ​ក្រោយមក​គាត់​ក៏បាន​សរសេរ​សារ​តាម​ទូរស័ព្ទ​ហៅ​ទៅ​ធ្វើការ​ជាថ្មី លើក​ទី២ លើក​ទី៣ គឺ​សុទ្ធតែ​ខ្ញុំ​បាន​បដិសេធ​ទាំងអស់​។ គាត់​ព្យាយាម​បញ្ចុះ​បញ្ចូល តែ​មិន​បង្ខិតបង្ខំ​នោះ​ទេ។ ខ្ញុំ​នៅ​តែ​​សម្រេច​សរសេរ​សារ​បញ្ជាក់​ប្រាប់​គាត់​ថា «អគុណ​ណាស់​!» តែ​នៅតែ​មិន​អាច​ផ្លាស់ប្ដូរ​បាន និង​សូម​ជូនពរ​គាត់​ជួប​​មនុស្ស​ដែល​គាត់​ស្រលាញ់​មាន​សុភមង្គល​នឹង​គ្នា​រហូត និង​តប​ត្រឹម​ពាក្យ​អគុណ។

 

រហូតមកដល់​ពេលនេះ​គឺ​យើង​ស្ងាត់​នឹង​គ្នា​រហូត។ ឯ​ខ្ញុំ​ក៏បាន​លុប​គណនី​ដែល​លេង​ចេញ​ទាំងអស់។ បុរស​ដែល​ល្អ​ទាំង​ការងារ ឋានៈ​មុខមាត់ អត្តចរិត​​បែបនេះ ម្ដេច​ថា​គ្មាន​ស្រី​ណា​ចាប់​ចិត្ត​ស្រឡាញ់​នោះ?

 

ការ​ពិត​ទៅ​ខ្ញុំ​ពិតជា​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ហើយក៏​ចង់បាន​គាត់​ជា​គូ​ដែរ​។ តែ​ការ​បដិសេធ​មិន​ព្រម​ធ្វើ​នោះ គឺ​មិន​អាច​ប្រឈមមុខ​នឹង​គាត់​បាន សូម្បីតែ​ជួប​សម្ភាស​​​ជា​លើក​ទី​ពីរ ។ តើ​ត្រូវ​ធ្វើការ​យ៉ាងណា បើ​ប្រធាន​និង​បុគ្គលិក​ស្រឡាញ់​គ្នា​ក្នុង​ការងារ​នោះ? ម្យ៉ាង​ទៀត​ខ្ញុំ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតត្រា​គាត់​ថែមទៀត! ខ្ញុំ​មិនដែល​ដឹង​ប្រវត្តិ​​គាត់​ទាល់តែ​សោះ​ តែ​គាត់​បាន​ដឹង​ប្រវត្តិ​ខ្ញុំ​យ៉ាង​ច្បាស់​តាម​ប្រវត្តិ​រូបការ​ងារ​ដាក់​ទៅ។

 

ក្រោយមក​ដល់​ពេលនេះ​យើង​ទាំងពីរ​បាន​រក្សា​ភាព​យ៉ាង​ស្ងៀមស្ងាត់​រៀងៗខ្លួន ទោះ​បី​មាន​លេខ​ទូរសព្ទ​គ្នា​ក៏​ដោយ។ ខ្ញុំ​ព្យាម​យាម​មិន​រំខាន​ឬ រ​វល់​នឹង​គាត់​ នារី​ម្នាក់​នេះ​នឹក​បួងសួង​ក្នុង​ចិត្ត​ថា បើ​​មាន​និស្ស័យ​ សូម​អោយ​ខ្ញុំ​អាច​​ជួប​គាត់​ផ្ទាល់​ជា​ថ្មី ហើយ​នឹង​ក្លាយ​ជា​គូរ​ជីវិត​នឹង​គ្នា​ពិត​ទៅ​ចុះ។ ចុងក្រោយ​មាន​ត្រឹម​រូបថត Profile Skype ​ដែល​ខ្ញុំ​បាន​ ព្រីនស្គីន ​ទុក​ក្នុង​ទូរស័ព្ទ​ប៉ុណ្ណោះ។ តែ​មិន​ថ្វី​ឡើយ បើ​គេ​បាន​គូ​​ល្អ​ហើយ ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ហើយ​នឹង​ជូនពរ​ដល់​គាត់។

 

បុរស​ទាំង៣នាក់​នេះ​សុទ្ធតែ​បាន​ឃើញ​ភ្លាម​ស្រលាញ់​ភ្លែត។ ឆ្នាំ​ថ្មី​សង្ឃឹម​ថា​នឹង​បាន​ជួប​បុរស​ល្អ​ទាំង​កាយនិង​ចិត្ត​ម្នាក់ ចូល​មក​រួម​ដំណើរ​ជីវិត។

 

ចុង​បញ្ចប់ ស្រី​តូច​ម្នាក់​នេះ​សូម​អរគុណ​នឹង​ជូនពរ​ដល់ បង​ Manager ដែល​បាន​ព្យាយាម​ផ្ដល់​ឱកាស​ការងារ​ជាច្រើន​ដង បូក​រួម​​នឹង​ក្ដី​ស្រលាញ់​រួម​ជាមួយ​ផង៕

 

ចុចអាន៖ សារភាព​ស្នេហ៍​​ចាស់​គំរឹល ​តែ​នៅ​តែ​ខក​ចិត្ត

ចុចអាន៖ស្នេហា​មួយ​នៅ​​វិទ្យាល័យ

 

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ

 

អត្ថបទ៖ ឈឹង អាយ ទួន​ហ្វា​ផ្សារ​អូរឡាំពិច!