ទស្សនៈ ៖ តើយុវជនគួរមានតួនាទីអ្វីខ្លះទៅ ក្នុងការ​ប្រឆាំង​អំពើពុករលួយ​ ?

ទស្សនៈ ៖  តើយុវជនគួរមានតួនាទីអ្វីខ្លះទៅ ក្នុងការ​ប្រឆាំង​អំពើពុករលួយ​ ?

ដោយ៖ សូរ្យរិទ្ធ​

យុវវជន គឺជា​វ័យ​ដែលមាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ ទាំងអត្តចរិត កាយសម្បទា បញ្ញា ស្មារតី ។ សង្គម​ណាក៏ដោយ ទាំង​ប្រទេស​យើង ទាំង​បណ្តា​ប្រទេស​លើ​ពិភពលោក សុទ្ធតែ​ផ្តោត​យក និង លើក​តម្កើង​យុវជន ឱ្យមាន​ចលនា​ក្នុងសង្គម ជំរុញ​ឱ្យ​យុវជន​ចូលរួមចំណែក​អភិវឌ្ឍ

និង លើកស្ទួយ​សង្គម ពីព្រោះ​សង្គម​នីមួយៗ​សុទ្ធតែ​ចាត់ទុក​យុវជន ជា​ធនធានមនុស្ស ជា​កម្លាំងចលករ​ដ៏​សំខាន់ ជា​ពលរដ្ឋ​ដ៏​សកម្ម ក្នុងការ​ដុសលាង​សង្គម​ឱ្យ​ល្អ​ស្អាត​របស់ខ្លួន ។

​បច្ចុប្បន្ន ការចូលរួម​របស់​យុវជន​ក្នុងតួនាទី​ឆ្ពោះទៅរក​ការបំបាត់​អំពើពុករលួយ ពិតជា​ថ្នាំ​ពូកែ​ស័ក្តិសិទ្ធិ សម្រាប់​ព្យាបាល​នូវ​ជំងឺ​ទុច្ចរិត អំពើ​អបាយមុខ ពិសេស​ការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ជាមួយ​សត្រូវ គឺ​«​អំពើពុករលួយ​» ។ យុវជន​ភាគច្រើន​សុទ្ធតែ​ធ្លាប់​រងគ្រោះ​ដោយសារ​អំពើពុករលួយ ដូច្នេះ​បាតដៃ​របស់​យុវជន ក្នុងការ​ទប់ស្កាត់ និង បំបាត់​អំពើពុករលួយ ពិត​ជាមាន​សារសំខាន់ និង មិនអាច​ខ្វះ​បាន ។ យុវជន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ឈ្វេងយល់​នូវ​ស្ថានភាព​ទូទៅ​ក្នុងសង្គម ព្រមទាំង​អាច​វិនិច្ឆ័យ​អំពី​ចរិត និង របត់​ក្នុងសង្គម​យើង​បាន ។​

​យុទ្ធសាស្ត្រ​សំខាន់​នៅក្នុង​គោលនយោបាយ​ជាតិ​នាពេល​បច្ចុប្បន្ន គឺ​បង្កើន​ការចូលរួម​របស់​យុវជន និង លើកកម្ពស់​កិច្ចការពារ សុវត្ថិភាព សន្តិសុខ និង យុត្តិធម៌ ព្រមទាំង​ចូលរួម​ក្នុងការ​បំបាត់​អំពើពុករលួយ ។ គ្មាន​វិស័យ​ណាមួយ គ្មាន​ចលនា​សកម្មភាព​សង្គម​ណាមួយ ដែល​គ្មាន​វត្តមាន កម្លាំងចលករ គំនិត និង ស្មារតី​របស់​យុវជន​ចូលរួម​បានឡើយ ហើយ​ការ​នេះ ត្រូវធ្វើឡើង​ទាំង​ព្រម ដោយ​គ្មាន​ប្រកាន់​និន្នាការ​ណាមួយ គឺ​យុវជន​ត្រូវ «​ញញឹម ជាមួយនឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​» ។

​តើ​កន្លងមក យុវជន​របស់​យើង​បាន​ចូលរួម​អ្វីខ្លះ​ហើយ ក្នុង​ការប្រើ​បាតដៃ និង គំនិត ដើម្បី​ទប់ស្កាត់ និង ការពារ​នូវ​អំពើពុករលួយ​ក្នុងសង្គម​កម្ពុជា ? តាមរបៀប​ណា​ទៅ ?

​ការចូលរួម​ស្ម័គ្រ​ចិត្តជា​អ្នកសង្កេតការណ៍​របស់​យុវជន រួមទាំង​វត្តមាន​របស់​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​ពេលប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (Bac II) ៣លើក​កន្លងមក ដែល​សហការ​ជាមួយ អង្គភាពប្រឆាំង​អំពើពុករលួយ និង ក្រសួង​អប់រំ ពិតជា​បានទទួល​លទ្ធផល​គួរ​ជាទី​រីករាយ ។ ប៉ុន្តែ​ប៉ុណ្ណឹង វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ទាមទារ​ឱ្យ​យុវជន​ចូលរួម​បន្តទៀត ដូច​ជាការ​ផ្តល់ព័ត៌មាន ឬ រាយការណ៍ ទៅ​អង្គភាព​ពាក់ព័ន្ធ ពិសេស​អង្គភាព អ​.​ប​.​ព​. ពិតជា​រឿង​សំខាន់បំផុត ។ គួរ​បង្កើត​វេទិកា​សម្រាប់​យុវជន​ឱ្យបាន​ច្រើន ដើម្បី​បង្ហាញ​ពី​គំនិតល្អៗ ​និង ការព្រួយបារម្ភ​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច និង សម្ពាធ ស្តីពី «​ការទប់ស្កាត់ និង បំបាត់​អំពើពុករលួយ​» ។

​ដូច្នេះ ការផ្ដល់​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួមចំណែក​នៅក្នុង​ចលនា​ប្រយុទ្ធប្រឆាំង អំពើពុករលួយ ក្នុង​យុគ​នេះ គឺ​ពិតជា​ការបង្ហាញឱ្យឃើញ​ថា យុវជន​កំពុងតែ​ត្រូវបានលើកកម្ពស់ និង យក​ចិ​ត្ដ​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិល ក្នុងការ​ផ្ដល់ឱកាស​ឱ្យ​យុវជន​បាន​បំពេញ​តួនាទី និង ​ទទួលបាន​សិទ្ធិ​យ៉ាង​ស្របច្បាប់​ ក្នុងការសម្ដែង​មតិ ក៏ដូចជា​ការទទួលបាន​នូវ​ព័ត៌មាន​ទាំងឡាយ ដែល​កើតមានឡើង​ក្នុងសង្គម​កម្ពុជា នាពេលបច្ចុប្បន្ន និង ថ្ងៃ​អនាគត ។ តួនាទីរបស់យុវជន ក្នុងការប្រយុទ្ធប្រឆាំងជាមួយអំពើពុករលួយ នឹងត្រូវបានលើកឡើងជាប្រធានបទក្នុងទិវា ៩ ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ របស់ អ.ប.ព. ៕