អង្គការ​លីកាដូ​​លុបចោល​ការទៅសួរ​សុខទុក្ខ​អ្នកទោស​ដោយសារ​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​លុប​ចោល​​ការ​ចុះទៅ​សួរ​សុខទុក្ខ​​អ្នក​ទោស​នៅ​ពន្ធនាគារ​ប្រចាំ​ឆ្នាំ​នៅ​ទិវា​សិទ្ធិ​មនុស្ស​​​​អន្តរជាតិ​​ ដែល​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​​នៅ​ឆ្នាំ​នេះ​ ជា​លើក​ទី១​ក្នុង​រយៈ​ពេល​​២ទសវត្សរ៍​​​ តវ៉ា​ទៅ​​​នឹង​អ្វី​ដែល​​​ខ្លួន​និយាយ​ថា ជា​ការ​​​ដាក់​កំហិត​​ថ្មី​របស់​រដ្ឋាភិបាល​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ អង្គការ​លីកាដូ​​លើក​ឡើង​ថា ​ការ​ដាក់​កំហិត “មិនចាំបាច់” ​ដោយ​​​អគ្គនាយក​ដ្ឋាន​​​ពន្ធនាគារ​​​ដែលស្ថិត​នៅ​ក្រោម​ក្រសួង​មហា​ផ្ទៃ​​នោះ​ បាន​ហាមឃាត់​​​មិន​ឲ្យ​រៀបចំ​ពិធី​ណាមួយ​​​​នៅ​ពន្ធនាគារ និង​មិន​ឲ្យ​ចែក​​ចំណី​អាហារ​ដោយ​​​​ផ្ទាល់​​ដល់​អ្នក​ទោស​ដូច​ដែល​ខ្លួន​​​​បាន​ធ្វើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ឡើយ​។

ជាការ​តវ៉ា​ អង្គការ​នេះ​បានលើក​ឡើង​ថា ខ្លួន​​បាន​លុប​ចោល​ការ​ចុះទៅ​សួរ​សុខទុក្ខ​អ្នក​ទោស​នៅ​ពន្ធនាគារ​​​នៅ​ទិវា​សិទ្ធិ​មនុស្ស​ ជា​លើក​ទី១​ក្នុង​រយៈ​ពេល​២០​ឆ្នាំ។ អង្គការ​នេះ​​​​បាន​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​រៀបចំ​ពិធី​នៅ​ក្នុង​ពន្ធនាគារ​​​ជា​ការ​រំលោភបំពាន​សិទ្ធិ​អ្នក​ទោស​ដែល​ត្រូវ​ដោះ​ស្រាយ​​ភាព​​ណែន​ណាំតាន់​តាប់នៃពេលវេលាដ៏មាន​តម្លៃនៅ​ក្រៅបន្ទប់ឃុំខ្លួន។ អង្គការ​លីកាដូ​បាន​បន្ថែម​​ថា ហើយ​ប្រសិន​បើ​​​​អង្គការ​នេះ​មិន​អាច​ផ្ដល់​​​កញ្ចប់​ចំណី​​​អាហារ​ដល់​ដៃ​​អ្នក​ទោស​ដោយ​ផ្ទាល់​ទេ កញ្ចប់​ចំណីអាហារ​នោះ​នឹង​ឆ្លង​កាត់​ប្រព័ន្ធពន្ធ​នាគារ​​​​ដែល​ពុក​រលួយ​​មិន​ខាន​​។

​លោកស្រី ណាលី ពីឡូក ​ប្រធាន​អង្គការ​លីកាដូ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា “​ការ​​​ដាក់​កំហិត​នេះ​​បង្ហាញ​ពី​ស្ថាន​ភាព​មិន​ល្អ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ។ ទម្លាប់​រយៈ​ពេល​២០​ឆ្នាំ​នៃ​ការ​ផ្ដល់​ឱកាស​ដល់​អ្នក​ទោស​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ដែល​ភាគច្រើន​នៃ​ពួកគេ​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​នោះ កំពុង​ត្រូវ​បាន​ហាម​​ឃាត់ និង​ដើម្បី​អ្វីទៅ?

លោក សាន កែវ ​​អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​​​​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​​​​មាន​ប្រសា​សន៍​​​ថា រដ្ឋាភិបាល​មិន​បាន​ហាមឃាត់​​អង្គការ​លីកាដូ​​មិន​ឲ្យ​ចែក​កញ្ចប់​ចំណីអាហារ​​ដោយ​ផ្ទាល់​​ឡើយ​ ប៉ុន្តែ​បាន​ហាម​ឃាត់​​​កម្មវិធី​កម្សាន្ត​​ដោយ​​​សារ​​បារម្ភ​ពីបញ្ហា​សន្តិសុខ។

លោក​បាន​បន្ថែម​ថា​​ “​យើង​បាន​ហាម​ឃាត់​​ពួកគេ​មិន​ឲ្យ​​រៀបចំ​កម្មវិធី​សិល្បៈ និង​ការ​ប្រគំ​តន្ត្រី។ នៅពេលពួកគេ​ [អ្នកទោស​] ចេញ​មក​​​​ទាំង​​​អស់​គ្នា​នៅ​ពេល​តែ​មួយ វា​លំបាក​​​​សម្រាប់​​​យើង​ក្នុង​ការ​គ្រប់គ្រង…។ ប្រសិន​បើពួកគេ​​ទាំង​​​​អស់​គ្នា​ចេញ​មក​នៅ​ពេល​តែ​មួយ​ ​ហើយ​​​​​​​​មាន​បញ្ហា​​​ តើនរណា​ទទួល​ខុស​ត្រូវ? អាជ្ញាធរ​​​ជាអ្នក​ទទួល​ខុស​ត្រូវ​  មិន​មែន​ពួកគេ​ទេ”៕ សារុន

The post អង្គការ​លីកាដូ​​លុបចោល​ការទៅសួរ​សុខទុក្ខ​អ្នកទោស​ដោយសារ​ការ​ដាក់​កំហិត​របស់​រដ្ឋាភិបាល appeared first on ខេមបូឌា ដេលី.