ហេតុអ្វី យូ​រី ច្រាន​ចោលការ​ចេញទៅ​បារាំង ?

​យូ​រី ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែលមាន​ការតុបតែង​ខ្លួន​បែប Cute Cute របស់​ផលិតកម្ម​សាន់​ដេ ។ រាល់​បទ​ចម្រៀង​របស់​នាង​ភាគ ច្រើន តែងតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យុវវ័យ ជាពិសេស​ក្បាច់​រាំ​ដ៏​រស់​រវើក​របស់​នាង​តែម្តង ។ ថ្វីដ្បិតតែ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅមានកម្រិត មិនអាច​ប្រកួតប្រជែង​ជាមួយ​តារាចម្រៀង ឱក សុគន្ធ​កញ្ញា មាស សុខ​សោភា សុខ ពិសី និង ស្រី​ស្អាត សុគន្ធ នីសា ក៏ពិតមែន តែ​គេ​សង្កេតឃើញថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ តារាចម្រៀង​វ័យក្មេង​ម្នាក់នេះ កាន់​តែមាន​ទីផ្សារ​សិល្បៈ​ទូលាយ​ជាង​មុន ជាពិសេស​រាល់ពេល​ដែល​នាង​លេចមុខ​នៅតាម​ឆាក​ប្រគំ​តន្ត្រី​ម្តងៗ តែង តែមាន Fan ទៅ​ហែហម​លើកទឹកចិត្ត​យ៉ាងច្រើន​កុះករ ។

យូ​រី ក៏​មិន​ខុសពី​តារា ចម្រៀង​ដទៃទៀត​ឡើយ នៅពេល​មាន​បទ​ចម្រៀង​ថ្មីៗ​នាង​តែងតែ​បង្ហាញមុខ តាម​កញ្ចក់​ទូរទស្សន៍​ជាមួយ​ក្រុម​រាំ​របស់​នាង ដែល​សុទ្ធសឹង​ជា​ភេទ​ទី​បី ។ មាន ការនិយាយ​ពី​សំណាក់​ទស្សនិកជន​ថា ពួកគេ​ចូលចិត្ត​ការតុបតែង​ខ្លួន និង ក្បាច់​រាំ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់ យូ​រី ជាង​ស្តាប់​សំឡេង​របស់​នាង ប៉ុន្តែ​ជាមួយគ្នា​នោះ ក៏​មានការ​រិះគន់ថា ក្បាច់​រាំ​របស់​នាង​មានការ​ចម្លង​ទាំងស្រុង​ពី​បរទេស ។ យូ​រី ហាក់​មិន​មានការ​ខ្វាយខ្វល់​ជាមួយនឹង​ការរិះគន់​ទាំងនោះ​ឡើយ តែ​យ៉ាងណា​នាង​ធ្លាប់​អះអាងថា នាង​ក៏​អាច​ច្រៀង​បទ​មនោសញ្ចេតនា និង បទ​ពី​ដើម​បាន​ពីរោះ​ដែរ ។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​សោះ តារាចម្រៀង​វ័យក្មេង​ម្នាក់នេះ​មិន​ត្រឹម តែ​អាច​ក្តោប​បាន​ប្រជាប្រិយ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ សូម្បីតែ​អ្នករស់នៅ​ក្រៅ​ស្រុក​ក៏មាន​ការចាប់អារម្មណ៍ និង ចង់ឃើញ​ការសម្តែង​របស់​នាង​ដោយផ្ទាល់​ផងដែរ ។ ថ្មីៗ​នេះ យូ​រី បាន​ប្រាប់ថា មាន​គេ​ទាក់ទង​នាង​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង តែ​នាង​បា​នប​ដិ​េ​សធ ផ្ទុយ​ពី​តារា​ដទៃ​ដែល​ស្វះស្វែង​ចង់​ចេញទៅ​សម្តែង​នៅ​បរទេស ដោយសារ​ពួកគេ​មិន​ត្រឹមតែ​អាច​ស្គាល់​ស្រុក​គេ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រមូលប្រាក់​បាន​ច្រើន​ផងដែរ ។ ហេងស៊យ​ពួកគេ​អាច​ជួប​ស្នេហ៍​នៅក្រៅ​ប្រទេស​ថែម​ទៀតផង ។ មាន​តារា​មិនតិច​ទេ ដែល​ព្យាយាម​ចេញទៅ​ក្រៅប្រទេស ទោះបីជា​ពួកគេ​សម្ភាស​ធ្លាក់​ច្រើនដង​ក៏ដោយ ។

ចុះ​អ្វី​ជា​មូល​ហេតុដែល​ធ្វើឱ្យ យូ​រី ច្រានចោល​សំណើ​មួយ​នេះ​? មកពី​គូស្នេហ៍​ហាមឃាត់ ព្រោះ​ខ្លាច​កន្លង់​ក្រៅប្រទេស​បេះ​បាត់ ឬ យ៉ាងណា​? ឬមួយ​ក៏ យូ​រី ខ្លាច​ការសម្តែង​របស់​នាង​មិន​ជោគជ័យ ដោយសារ​នាង​ជា​តារា​សម័យថ្មី​? យូ​រី បាន​បង្ហើប​ប្រាប់​យ៉ាងខ្លី​ថា មូលហេតុ​ដែល​នាង​មិន​ចេញទៅ​បារាំង ដោយសារ​នាង​ជាប់រវល់​សម្តែង​រឿង​«​អាឡេវ​ចូល​ក្រុង​» របស់​ផលិតកម្ម​សាន់​ដេ ។ ថ្វីដ្បិតតែ​មិនមែនជា​តួឯក តែ យូ​រី រីករាយ​នឹង​សម្តែង ហើយ​រំពឹងថា រឿង​មួយ​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន ព្រោះ​ជា​រឿង​កំ​បែ្ល​ង​ដែលមាន​លក្ខណៈ​ប្លែក​ខុសពី​រឿង​មុនៗ ។ ជាពិសេស​ការតុបតែង​ខ្លួន ដែល​តម្រូវឱ្យ​តួ​សម្តែង​លាប​ស្បែក​ពណ៌​ខ្មៅ ក្រៅពីនោះ​ក៏មាន​ការចូលរួម​សម្តែង​ពី​សំណាក់​តារា​កំប្លែង​ល្បីៗ​មួយចំនួន​ផងដែរ ។

ដោយឡែក តួឯក​ប្រុស​ស្រី​នៅក្នុង​រឿងនេះ រួមមាន លោក ឆាយ វីរៈ​យុទ្ធ និង តារា​ស្រី​រូប​ស្រស់​សាច់​ខ្ចី​ដូច​បណ្តូលចេក សុខ ពិសី ។ មាន​រូប​សម្រស់​ស្រស់​ផូរផង់​ក៏ពិតមែន តែ យូ​រី មិនទាន់​មានឱកាស​បាន​គ្រង​តំណែង​ជា​តួឯក​ឡើយ ។ គេ​នៅ​ចាំបាន​ថា កាល​«​រឿង​ព្រាយ​ក្បាល ៨ » យូ​រី សម្តែង​ជា​តួរង​មែន តែ​នាង​មាន​សាច់ រឿង​លេង​ច្រើន និង ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ច្រើនជាង​តួឯក​ស្រីទៅទៀត ។ ក្រៅពី​ជា​តារាចម្រៀង យូ​រី ក៏​ធ្លាប់​លេចមុខ​នៅក្នុង​ឈុត​ផ្សាយ​ផលិតផល​ជាច្រើន​ផងដែរ ។ យូ​រី ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី​វ័យក្មេង ដែលមាន​រូប​សម្រស់​ស្រស់ស្អាត និង មានការ​តុបតែង​ខ្លួន​ក៏ដូចជា​កាយវិការ​រាំ​បែប​ស្ទីល​កូរ៉េ ។

កន្លងមក​នាង​ជា​តារាចម្រៀង​ដែលមាន​ចរិត​រួសរាយ​ម្នាក់ តែ​ក្រោយពី​មានឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ តារា​ប្រចាំ​ផលិតកម្ម​សាន់​ដេ​រូបនេះ ត្រូវបាន​មហាជន​មួយចំនួន​រិះគន់ថា នាង​ជាតា​រា​ស្រី​មា្ន​ក់​ដែល​ចូលចិត្ត​លេង​ចរិត​ស្រី​ស្អាត​ជ្រុល​ហួសហេតុ ។ ជាមួយនឹង​រូប​សម្រស់​ស្រស់​ផូរផង់ នាង​បានធ្វើឱ្យ​បុរស​ជាច្រើន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង តែ​គួរឱ្យ​ស្តាយ យូ​រី មាន​ម្ចាស់​ស្នេហ៍​រួចហើយ ដែល​ម្ចាស់​ស្នេហ៍​របស់​នាង​ជា​បុរស​អ្នកមាន​ដែលមាន​វ័យ​ស្របាលៗ​នឹង​រូបនាង​ដែរ ។ កាលពី​ប៉ុន្មាន​ខែ​មុននេះ​មាន​លេចឮ​ព័ត៌មាន​ថា គូស្នេហ៍​វ័យក្មេង​មួយគូ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​ឡើង​តឹងសរសៃក ដោយសារតែ​បុរស​កំពូល​ស្នេហ៍​របស់​នាង​ប្រចណ្ឌ​ខ្លាំងពេក ៕​សុធា​រៈ​

​ ​ ​ ​ ​ ​ ​ ​

Related