អ្នកវិទ្យាសាស្ត្រ៖ ឪពុករបស់អ្នក ក៏អាចជាកត្តា នាំឲ្យអ្នកឈានទៅរក ភាពធាត់ដែរ!

បរទេស៖ កន្លងមកអ្វីដែលយើង បានដឹងនោះគឺថា ភាពធាត់ គឺកើតមានឡើងមកលើខ្លួនយើងបាន តាមរយៈការទទួលទាន តែពេលនេះក្រុមអ្នកវិទ្យាសាស្ត្រ បានលើកឡើងថា ភាពធាត់ ក៏អាចកើតមានបាន តាមរយៈតំណពូជផងដែរ។

យោងតាមប្រភព របាយការណ៍ពីក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Copenhagen របស់ប្រទេស ដាណឺម៉ាក បានឲ្យដឹងថា ទម្ងន់របស់បុរសគឺបាន ជះឥទ្ធិពលទៅដល់ DNA នៅក្នុងទឹកកាមរបស់ពួកគេ ដែលធ្វើឲ្យមានការផ្លាស់ប្តូរជាច្រើន ហើយវាក៏បានបង្ក ឲ្យមានភាពបម្រែបម្រួល ចំពោះការលូតលាស់នៃកូនៗរបស់ពួកគេផងដែរ។

លើសពីនេះទៀត ហ្សែនដែលមាននៅក្នុងទឹកកាម រវាងបុរសស្គម និងបុរសធាត់ គឺមានលក្ខណៈ និងឥទ្ធិពលខុសគ្នា ដូចជាការគ្រប់គ្រង ក្នុងការទទួលទានអាហារ ព្រមទាំងការវិវឌ្ឍន៍ផ្នែកខួរក្បាល សម្រាប់កូនរបស់ពួកគេ ក្រោយពេលចាប់កំណើត ដូច្នេះប្រសិនបើ បុរសជាឪពុកមានភាពធាត់ជ្រុល នោះកូនៗរបស់ពួកគេ ក៏អាចប្រឈមមុខ នឹងភាពធាត់នេះ នៅពេលដែលពួកគេ ធំឡើងផងដែរ។

អ្នកវិទ្យាសាស្ត្រ៖ ឪពុករបស់អ្នក ក៏អាចជាកត្តា នាំឲ្យអ្នកឈានទៅរក ភាពធាត់ដែរ!
ភាពធាត់របស់បុរស បានធ្វើឲ្យមានការ ជះឥទ្ធិពលទៅដល់ DNA នៅក្នុងទឹកកាមរបស់ពួកគេ

ក្រុមអ្នកជំនាញក៏បាន បញ្ជាក់បន្ថែមថា នេះគឺជាការសិក្សាថ្មីមួយ ដើម្បីបង្ហាញថាមិនត្រឹមតែម្តាយ ប៉ុណ្ណោះទេជាអ្នក គិតគូរអំពីរបបអាហារ សូម្បីតែឪពុកក៏ត្រូវ គិតគូរនិងទទួលទានអាហារ ដោយប្រុងប្រយ័ត្នផងដែរ នោះក៏ដើម្បីភាពលូតលាស់ និងសុខភាពរបស់កូនៗនាពេលអនាគត។

លោកវេជ្ជបណ្ឌិត Romain Barres អ្នកដឹកនាំក្នុងការស្រាវជ្រាវមួយនេះ បាននិយាយថា “ការរកឃើញរបស់ពួកយើង គឺអាចនាំឲ្យមានការ ផ្លាស់ប្តូរទាំងអាកប្បកិរិយា និងរបបអាហារ របស់បុរសជាឪពុក ដែលត្រៀមនឹងមានកូន នាពេលអនាគត ព្រោះថាកន្លងមកយើងធ្លាប់តែបានដឹងថា មានតែម្តាយប៉ុណ្ណោះ ដែលគិតគូរសុខភាពខ្លួន ដើម្បីធ្វើឲ្យការលូតលាស់ ទាំងផ្នែករាងកាយ និងស្មារតីរបស់ទារក មានភាពល្អប្រសើរ តែក្នុងនេះក៏ត្រូវមានការ ចូលរួមចំណែកពីឪពុកផងដែរ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាការរកឃើញថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹងភាពធាត់ ព្រោះថាវាមិនត្រឹមតែអាចកើតឡើងតាមរយៈ របបអាហារប៉ុណ្ណោះទេ តែវាក៏អាចជាការ តំណពូជ តមកពីឪពុកផងដែរ ដូច្នេះបុរសជាឪពុក ដែលចង់បានកូននាពេលអនាគតនោះ គួរតែគិតគូរសារឡើងវិញ ជុំវិញករណីមួយនេះ៕

អ្នកវិទ្យាសាស្ត្រ៖ ឪពុករបស់អ្នក ក៏អាចជាកត្តា នាំឲ្យអ្នកឈានទៅរក ភាពធាត់ដែរ!
បុរសដែល ចង់បានកូន គួរតែគិតគូរចំពោះ របបអាហារខ្លួន ឲ្យបានល្អប្រសើរឡើងវិញ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • អ្នកវិទ្យាសាស្ត្រ៖ ឪពុករបស់អ្នក ក៏អាចជាកត្តា នាំឲ្យអ្នកឈានទៅរក ភាពធាត់ដែរ!已关闭评论
  • 347 views
  • Hide Sidebar
    A+
Publish on:2015/12/07  Category:សុខភាព