ថោង សុខាំ​ភូ បើកដៃ​ឲ្យ​គយ​ចល័ត​ជំរិត​យកលុយ​ពី​អាជីវករ​និង​អ្នក​ដឹកជញ្ជូន​ទំនិញ​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​

លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ កំពុងតែ​ល្បីល្បាញ​រឿង​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ដែលជា​គយ​ចល័ត​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​អាជីវករ និង​អ្នក​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រកស៊ី​ដឹកជញ្ជូន​ទំនិញ បន្លែ ផ្លែឈើ ជាដើម​បាន​ឲ្យ​ដឹងថា មុខរបរ​ពួកគាត់​ស្ទើរតែ​គ្មាន​ចំណេញ​ព្រោះ​គយ​ចល័ត​ប្រចាំ​កុងត្រូលជជុះ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ប្រចាំខែ​និង​ប្រចាំ​ជើង​ដោយ​ពុំមាន​ការយោគយល់​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ដោយសារ​មានការ​បើកដៃ​ពី​លោក ថោង សុខាំ​ភូ ទើប​គយ​ចល័ត​នៅ​ចំណុច​ផ្លូវ​៥០​ជំរិត​យកលុយ​ពី​អាជីវករ​និង​អ្នក​ដឹកជញ្ជូន​ទំនិញ​តាមរបៀប​ពុករលួយ​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រិះគន់ថា​ទោះបី​ក្រុមអាជីវករ​និង​អ្នក​ដឹកជញ្ជូន​ទំនិញ​បាន​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​គយ​ចល័ត​កូនចៅ​លោក ថោង សុខាំ​ភូ នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត​នោះទេ​។ រថយន្ត​ធំៗ​ដឹកទំនិញ​ផ្សេងៗ​ឬ​ផ្លែឈើ​ជាដើម​ត្រូវ​បង់លុយ​ក្នុង​មួយ​ជើង​ពី​២០​ទៅ​៦០​ម៉ឺន​រៀល ដែលជា​ហេតុ​ធ្វើ​ឲ្យ​អាជីវករ​និង​អ្នក​ដឹកជញ្ជូន​ទំនិញ​នៅសល់​ផលចំណេញ​តិចតួច​បំផុត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រក​ស៊ី​ចិញ្ចឹមជីវិត​ទាំង​ត្រដាបត្រដួស​។ មន្ត្រី​គយ​ចល័ត​នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ធ្វើ​សកម្ម​ភាពមិន​ខុសពី​ក្រុមចោរឆក់​ចោរប្លន់​នោះឡើយ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវ​ចាត់វិធានការ​លុបបំបាត់​ប៉ុស្តិ៍​ជជុះ​របស់​គយ​ចល័ត​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជាបន្ទាន់​។

​គួរ​រំលឹក​ដែរ​ថា​កន្លងមក​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​ដាក់ចេញ​នូវ​វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅលើ​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​អំពើពុករលួយ​លើ​ដងផ្លូវ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ហេតុនេះ​លោក ឱម យ៉ិនទៀង គួរពិនិត្យមើល​អំពើពុករលួយ​របស់​គ​យ​ចល័ត​កូនចៅ​លោក ថោង សុខាំ​ភូ នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ជាបន្ទាន់ ព្រោះ​លុយ​ដែល​ពួកគេ​ជំរិត​យក​ពី​អាជីវករ អ្នក​ដឹកជញ្ជូន​ទំនិញ គឺ​គ្មាន​វិក្កយបត្រ​ត្រឹមត្រូវ​នោះទេ ហើយ​ពួកគេ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ជុំវិញ​បញ្ហា​នេះ ព្រោះ​បើ​លោក ថោង សុខាំ​ភូ មិន​បើកដៃ​ទេ ក្រុម​គយ​ចល័ត​ទាំងនោះ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ក្បាល​ចិត្ត​ឡើយ​៕

thong-sokhamphouលោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ omyintieng610​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ