អាជ្ញាធរខេត្ត​ពោធិ៍សាត់ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​នៅ​ស្រុក​ក្រគរ

លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ រិះគន់ថា​មិនសូវ​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ និង​ស្រុក​វាលវែង​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ត្រូវ​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ ផ្ទុយទៅវិញ​លោក ម៉ៅ ធនិន បណ្តោយ​ឲ្យ​បទល្មើស​ផ្សេងៗ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូចជា បទល្មើស​បំផ្លាញ​ព្រៃឈើ បទល្មើស​នេសាទ អំពើចោរកម្ម និង​ល្បែងស៊ីសង​ជាដើម រាលដាល​កាន់តែខ្លាំង​។ ជាងនេះទៅទៀត​មាន​ឈ្មួញ​រកស៊ី​ឈើ​ដែលជា​មន្ត្រី​យោធា បាន​យកឈ្មោះ​អភិបាលខេត្ត​ទៅប្រើ​ប្រាស់ ដើម្បី​ការពារ​អំពើ​ខុសច្បាប់​របស់​ពួកគេ​យ៉ាង​គឃ្លើន​។

កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ សកម្មជន​ដីធ្លី និង​សកម្មជន​ព្រៃឈើ ប្រមាណ​៥០០​នាក់​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​ឲ្យ​បាន​ឆាប់​និង​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ពួកគាត់​នៅពេល​តវ៉ា​ទាមទារ​យុត្តិធម៌ និង​ប្រមូលផ្តុំ​សម្តែង​មតិ​។ នៅក្នុងពេល​ហែ​ក្បួន​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៧ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ អ្នកមាន​ជម្លោះដីធ្លី សកម្មជន​ដីធ្លី និង​សកម្មជន​ព្រៃឈើ បាន​ហែ​ក្បួន​ចេញពី​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​ក្រគរ ឆ្ពោះទៅកាន់​ទី​រួម​ខេត្តពោធិ៍សាត់ និង​តំបន់​ប្រជុំជន​មួយចំនួន​។ អ្នកចូលរួម​ដង្ហែ​ក្បួន​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ និង​ព​ន្លឿ​ន​ដំណោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។

សកម្មជន​ដីធ្លី សកម្មជន​ព្រៃឈើ និង​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ខេត្តពោធិ៍សាត់ បាន​លើកឡើងថា​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ត្រូវ​ក្រុមហ៊ុន អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​រំលោភ​យក​ជាច្រើន​ឆ្នាំ​មកហើយ​នៅតែ​គ្មាន​ដំណោះស្រាយ​។ សកម្មជន​ដីធ្លី​បាន​ឲ្យ​ដឹងថា ករណីខ្លះ​ក្រុមហ៊ុន អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ ប៉ុន្តែ​អាជ្ញាធរ​ខេត្តពោធិ៍សាត់ មិន​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ឡើយ​។ ផ្ទុយទៅវិញ​នៅពេលដែល​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​អំពើ​រំលោភ​ឆក់​ប្លន់​ដីធ្លី បែរជា​ទទួលរង​នូវ​ការគំរាមកំហែង​ពី​អាជ្ញាធរ​និង​មានការ​ចាប់​ឃុំ​ប្រជាពលរដ្ឋ​ក្នុង​ពន្ធនាគារ​ទៅវិញ​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោកនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ពិនិត្យមើល​ជាបន្ទាន់​ព្រោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព​នៅឡើយ​ទេ​៕

ឯឧ.ម៉ៅ-ធនិនលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ 151206_human_right_3-2015-12-06