​ជនជាតិ​យួន​ចូលមក​ធ្វើ​សកម្មភាព​ជីក​រ៉ែ​មាស​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​

សកម្មជន​បរិស្ថាន​នៅ​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង​នៅក្នុង​សប្តាហ៍​នេះ​ថា មាន​ជនជាតិ​យួន​ជាច្រើន​នាក់ បាន​ចូល​ជីក​រ៉ែ​មាស នៅ​ចំណុច​អូរ​កា​ពី​ន ក្នុងភូមិ​អូរ​កា​ពី​ន ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ដែល​អាជ្ញាធរ​ហាក់ដូចជា​ធ្វើ​ព្រងើយ​ចំពោះ​ករណីនេះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ជនជាតិ​យួន​ដែល​ឆ្លងដែន​ចូលមក​ជីក​រ៉ែ​មាស​ក្នុង​ទឹកដី​ខ្មែរ​ភាគច្រើន​សុទ្ធតែ​បាន​អះអាងថា​ពួកគេ​ចូលមក​ជីក​រ៉ែ​បាន​ដោយសារ​តែមាន​ការបើក​ផ្លូវ​ពី​អ្នកមានអំណាច​នៅក្នុង​ខេត្តស្ទឹងត្រែង​។​

​ប្រភពព័ត៌មាន​ពី​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា ជនជាតិ​យួន​ដែល​ចូលមក​ជីក​រ៉ែ​មាស​ទាំងនោះ មាន​គ្នីគ្នា​ចំនួន​៥​នាក់​ឈ្មោះ គឹម ធាង​សៀង ឡាយ គ្រឿង  ម៉ាន់ សៅ  ថាប ថយ និង បូ ទីន​ថុ​យ​។ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​មក​ថា ជនជាតិ​យួន​បាន​ចូលមក​បោះជំរំ​ជីក​យក​រ៉ែ​មាស​នៅ​ទីតាំង​ខាងលើ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ដែល​ធ្វើ​ឲ្យ​កាកសំណល់ និង សារធាតុ​គីមី​ដែល​គេ​ប្រើប្រាស់​សម្រាប់​ការ​ចម្រាញ់​មាស​នោះ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​បរិស្ថាន​ទឹក​នៅ​ចំណុច​នោះ និង ខ្សែទឹក​ផ្នែក​ខាងក្រោមៗ​ដែល​ពលរដ្ឋ​កំពុង​ប្រើប្រាស់ ។​

​ចំពោះមុខ​បញ្ហា​នេះ​លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង បាន​ឲ្យ​ដឹងថា  ករណី​ខាងលើនេះ​លោក​បានដឹង​ខ្លះៗ​ដែរ ហើយ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ចុះទៅ​ពិនិត្យមើល​នៅពេល​ឆាប់ៗ​ខាងមុខ​។ តែ​ការអះអាង​របស់លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ាង យ៉ាង​ដូច្នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​រិះគន់ថា​ជាការ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ព្រោះ​បទល្មើស​បានកើត​ឡើងទៅ​ហើយ តែ​បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​ភ្លាមៗ​ដែល​ការអូសបន្លាយ​ពេលវេលា​នេះ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​។​

​សកម្មជន​បរិស្ថាន​នៅ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់ថា​ការ​ដែលមាន​ជនជាតិ​យួន​អាច​ឆ្លងដែន​ចូលមក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ងាយស្រួល​នោះ​ក៏​ដោយសារតែ​ប្រព័ន្ធ​រដ្ឋបាល និង​ការអនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​នៅមាន​ភាពទន់ខ្សោយ​។​ប្រភព​ដដែល​បាន​បញ្ជាក់ថា​ប្រព័ន្ធ​រដ្ឋបាល​នៅ​ថ្នាក់មូលដ្ឋាន​កម្ពុ​ជាមាន​ភាពទន់ខ្សោយ​ណាស់​ព្រោះ​រាល់​គ្រប់​បទល្មើស​ទាំងអស់​ស​ម​ត្ថ​កិច្ច​មិនបាន​ចុះ​អនុវត្តន៍​ច្បាប់​ដោយ​ខ្លួនឯង​នោះទេ គឺ​ភាគច្រើន​ត្រូវបាន​ប្តឹង​ដោយ​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​តែប៉ុណ្ណោះ​៕

501b6657-e4f1-4c9f-9329-3dbaf00453c3 808106ad-7973-49b4-b6f6-6941fb63875d