ដី​ចំណី​មាត់បឹង​ព្រែក​ទប់ មិនទាន់​ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ​ចាត់វិធានការ​ដកហូត​ពី​អ្នក​រំលោភបំពាន​កាន់កាប់​នៅឡើយ​

​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​និង​ដី​រដ្ឋ​នៅ​តំបន់​ក្បាលឆាយ ពុំមាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រីរាជការ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អាជ្ញាធរខេត្ត​ព្រះសីហនុ ដកហូត​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ដែលជា​បឹង​ស្តុក​ទឹកសាប​ឲ្ប​បាន​ឆាប់ មិន​ត្រូ​ពន្យារពេល​ទៀត​ទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា អ្នកមាន​លុយ អ្នកមានអំណាច នៅតែ​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់ និង​សាងសង់​សំណង់​ផ្សេងៗ​ជា​បន្តបន្ទាប់​។

គួរ​រំលឹក​ដែរ​ថា កន្លងមក​អនុសាសន៍​និង​បទបញ្ជា​របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​មិនទាន់​ត្រូវបាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ តាំងពី​ជំនាន់​លោក ឈិ​ត សុខុន កាន់តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ រហូតដល់​ជំនាន់​លោក យន្ត មីន ធ្វើជា​អភិបាលខេត្ត​នេះ គឺ​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ជា​បន្តបន្ទាប់​។ ជាងនេះទៅទៀត​មាន​មន្ត្រីជាន់ខ្ពស់​ពាក់​ផ្កាយ​ដាប​ស្មា​សាងសង់​ភូមិគ្រឹះ និង​ឈ្មួញ​មួយចំនួន​សាងសង់​សំណង់​ផ្សេងៗ​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​នឹង​វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​ដកហូត​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ដែលជា​បឹង​ស្តុក​ទឹកសាប​ដ៏​សំខាន់​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ដោយហេតុថា បទបញ្ជា​និង​ការព្រមាន​របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាពេល​កន្លងមក​មិនត្រូវ​បាន​អាជ្ញាធរខេត្ត​ព្រះសីហនុ អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ ហើយ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ លើស​នេះ​ទៅទៀត​លោក តាក វណ្ណ​ថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​មួយ​នៅ​លើដី​ចំណី​មាត់បឹង​ព្រែក​ទប់ ហើយ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ក្អក​ទាល់តែសោះ​៕

H111315AY-P1លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ image