ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​ថ្មី​ងាយ​ស្រួល​ ប្រើ​ពេល​តែ១ម៉ោង

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​ថ្មី​ងាយ​ស្រួល​ ប្រើ​ពេល​តែ១ម៉ោង

ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​ជា​ផ្លូវ​ការ​សម្រាប់​​បណ្ដា​ក្រុមហ៊ុន​នានា​ទូទាំង​ប្រទេស​ ដោយ​​អាច​ចុះ​បញ្ជី​ពាណិជ្ជកម្ម​បាន​យ៉ាង​ងាយ​ប្រើ​ពេល​តែ១​ម៉ោង។

 

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​ថ្មី​ងាយ​ស្រួល​ ប្រើ​ពេល​តែ១ម៉ោង

 

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​​ដឹង​ថា​ ការ​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​បែប​ទំនើប​នេះ គឺ​ចំណេញ​ពេល​វេលា​ច្រើន ដោយ​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​ទាំង​អស់​អាច​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ខ្លួន​នៅ​ទីកន្លែង​ណា ឬ​ពេល​ណា​ក៏​បាន​ឱ្យ​តែ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត។

 

លើស​ពី​នេះ​ពួក​គេ​ថែម​ទាំង​អាច​បង់​ប្រាក់​អនឡាញ​សម្រាប់​ថ្លៃ​ចុះ​បញ្ជី​បាន​យ៉ាង​ងាយ ព្រោះ​ក្រសួង​ពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ធនាគារ​ពាណិជ្ជ​ក្នុង​ស្រុក​ជា​ច្រើន ដើម្បី​ឱ្យ​ម្ចាស់​​ពាណិជ្ជកម្ម​​ទាំង​អស់​ងាយ​ស្រួល​ក្នុង​ការ​បង់​ថ្លៃ​សេវា​ពី​ទីកន្លែង​ណា​ក៏​បាន។

 

ឯក​ឧត្តម​បន្ត​ទៀត​ថា ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​របស់​ខ្លួន​រួច ត្រូវ​ទៅ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ម្តង​ទៀត​ដោយ​ប្រើ​ប្រព័ន្ធ​ចុះ​បញ្ជី​អនឡាញ​ខាង​លើ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ ២០១៦ តាម​រយៈ​វិបសាយ www.businessregistration.moc.gov.kh ដោយ​បំពេញ​តាម​លក្ខខណ្ឌ​ផ្សេង​ដែល​បាន​កំណត់​ក្នុង​ប្រព័ន្ធ។ ក្នុង​ករណី​មាន​ក្រុមហ៊ុន​ណាមួយ​យឺតយ៉ាវ​ក្នុង​ការ​​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ឡើង​វិញ នោះ​ក្រសួង​នឹង​ផាក​ពិន័យ។

 

ប្រព័ន្ធ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​អនឡាញ​ថ្មី​ងាយ​ស្រួល​ ប្រើ​ពេល​តែ១ម៉ោង

 

ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ មាន​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖
➢ កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ក្នុង​ការ​ចុះបញ្ជី​ក្រុមហ៊ុន​ពី៥-៦ ថ្ងៃ មក​នៅ​ត្រឹមតែ​រយៈពេល ១ ម៉ោង។
➢ ផ្លាស់​ប្តូរ​ការ​ចុះ​បញ្ជី​ពី​ការ​ប្រើ​ក្រដាស​ស្នាម ទៅ​ជា​ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង។
➢ កាត់​បន្ថយ​ការ​ជួប​មុខ​ដោយ​ផ្ទាល់ រវាង​មន្ត្រី​ក្រសួង​ និង​អ្នកដាក់ពាក្យ​សុំ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។
➢ អនុញ្ញាត​ឲ្យ​អ្នក​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ធ្វើការ​ចុះឈ្មោះ​ក្រុមហ៊ុន ពី​ទីកន្លែង​ណាមួយ​ក៏​បាន​នៅ​ក្នុង​ប្រទេស ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល ដោយ​មិន​ចាំបាច់​មកកាន់​ក្រសួង​ពាណិជ្ជកម្ម។
➢ អនុញ្ញាត​ឲ្យ​បង់​ប្រាក់​សេវា​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។
➢ អនុញ្ញាត​ឲ្យ​អ្នក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី អាច​បោះពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយខ្លួន​ឯង​បាន។
➢ ធ្វើ​សមកាលកម្ម​ ឬ​ការ​បញ្ចូល​គ្នា​នូវ​មូលដ្ឋាន​ទិន្នន័យ​ជាមួយ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ដទៃទៀត។
➢ សម្រួល​ដល់​ការ​ស្រាវជ្រាវ​ព័ត៌មាន​សាធារណៈ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​រួច។

 

អត្ថបទ៖ ប៉ែត ផាន់និត