បឹងកេត យកឈ្នះ​ម្ចាស់​ជើងឯក តូ​យូ​តា មេគង្គ ក្លឹប Becamex Binh Duong FC របស់​វៀតណាម​ ៣-២

ភ្នំពេញ: ​បឹងកេត អង្គរ របស់​កម្ពុជា ជួប​ម្ចាស់​ជើងឯក Becamex Binh Duong FC របស់​វៀតណាម នៅ​ទីក្រុង​ហាណូយ កាលពី​យប់​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ឆ្នាំ​២០១៥ គឺ​បឹងកេត បាន​យកឈ្នះ​ដោយ​ពិន្ទុ ៣ ទល់នឹង ២​។ កីឡាករ​ជម្រើសជាតិ​វ័យក្មេង​របស់​កម្ពុជា ចាន់ វ​ឍ្ឍ​នា​ការ បា​នរក​គ្រាប់​ឲ្យ​បឹងកេត ដល់​ទៅ ៣ គ្រាប់ តែម្នាក់ឯង​។​

​ក្រុមបាល់ទាត់ Becamex Binh Duong FC របស់​វៀតណាម ជា​ម្ចាស់​ជើងឯក តូយ៉ូតា មេគង្គ ក្លឹប នា​រដូវ​កាល​ទី​១ កាលពី​ឆ្នាំ​២០១៤​។​

​បន្ទាប់ពី​យកឈ្នះ​ក្រុម​ជើងឯក​វៀតណាម​រួចមក បឹងកេត នឹងត្រូវ​ទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្រុម BURIRAM UNITED FC របស់​ថៃ នៅ​ថ្ងៃអាទិត្យ ទី​២០​ធ្នូ នៅ​ទីក្រុង​បាងកក​។​

​សូម​រម្លឹកថា បន្ទាប់ពី​យកឈ្នះ Yangon United FC របស់​មី​យ៉ាន់​ម៉ា ( ភូមា ) ដោយ​ពិន្ទុ ៣ ទល់នឹង ០ កាលពី​ថ្ងៃអាទិត្យ ទី​២៩​វិច្ឆិកា​។ ក្រុមបាល់ទាត់ បឹងកេត ដែល​ស្ថិតនៅ​កំពូល​តារាង លី​ក របស់​កម្ពុជា បាន​យកឈ្នះ​ក្រុមបាល់ទាត់​ឡាវ ដោយ​លទ្ធផល ២ ទល់នឹង​០ និង​យកឈ្នះ​ក្រុមបាល់ទាត់ មកពី​ភូមា ដោយ​លទ្ធផល ៣ ទល់នឹង ០​។​

​ការប្រកួត​ជើងឯក តូយ៉ូតា មេគង្គ ក្លឹប ឆ្នាំ​២០១៥ មាន​ក្រុមបាល់ទាត់ កំពូល​តារាង ៥ ក្រុម មកពី ៥ ប្រទេស ដែល​ស្ថិត​នៅជាប់​ទន្លេមេគង្គ រួមមាន​៖ កម្ពុជា ថៃ ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា​។

​នៅ​ឆ្នាំ​២០១៥​នេះ ជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន​ឡាន តូ​យូ​តា បានជ្រើសរើស​យក​ក្រុមបាល់ទាត់​កំពូល​តារាង​លី​ក ក្នុងប្រទេស​និ​មួយៗ ដើម្បី​ប្រកួត​ជើងឯក តូយ៉ូតា មេគង្គ ក្លឹប ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃទី​១​វិច្ឆិកា ដល់​ថ្ងៃទី​២០ ខែធ្នូ​៕

បឹងកេត យកឈ្នះ​ម្ចាស់​ជើងឯក តូ​យូ​តា មេគង្គ ក្លឹប Becamex Binh Duong FC របស់​វៀតណាម​ ៣-២