រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះជួយ​ច្រូតស្រូវ​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

​កំពង់ឆ្នាំង: រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន បាន​ដឹកនាំ​កម្លាំង​មន្ត្រីរាជការក្រោម​ឱវាទ និង​មន្ត្រី អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅ​ស្រុក​សាមគ្គី​មានជ័យ ចុះជួយ​ច្រូតស្រូវ ប្រជាពលរដ្ឋ ដែល​ខ្វះខាត​កម្លាំង​ពលកម្ម នៅក្នុង​ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មានជ័យ ។
​    ​
​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ការងារ​បង្ករ​បង្កើន​ផល​ស្រូវ រដូវវស្សា​របស់ ប្រជាកសិករ នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង ឆ្នាំនេះ សម្រេច​ធ្វើបាន​ចំនួន ១២៥.០៨១ ហិកតា  គិត​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាកសិករ ទើបតែ​សម្រេច​ប្រមូល​ផល បាន​លើ​ផ្ទៃដី​ជាង ៣០.០០០ ហិកតា ប៉ុណ្ណោះ ។​

​លោក ងិន ហ៊ុន បាន​បញ្ជាក់ថា ការប្រមូល​ផល នា​ឆ្នាំនេះ មានការ​យឺតយ៉ាវ​បន្តិច ដោយសារ​កត្តា​អាកាសធាតុ ភ្លៀង​ធ្លាក់​យឺត នា​ដើមរដូវ ។ ចំណែកឯ​ការងារ​បង្ក​រ​បង្កើន​ផល ស្រូវ​រដូវប្រាំង នា​ឆ្នាំនេះ​វិញ គឺមាន​ល្បឿន​លឿន ជាង​ឆ្នាំមុន​។ គិត​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ ប្រជាកសិករ អនុវត្តបាន​លើ​ផ្ទៃដី​ជាង ១៦.០០០ ហិកតា​ហើយ  ។ ចំពោះ​បញ្ហា​ទឹក មិនទាន់​ចោទ​ជា​បញ្ហា​ទេ ដែល​នៅពេលនេះ មន្ទីរ​កិ​សកម្ម និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម កំពុង​សហការគ្នា ដើម្បី​បូមទឹក​បញ្ចូល​អាង ស្តុក​នៅតាម​តំបន់​មួយចំនួន ទុក​សម្រាប់​ស្រោចស្រព ពេលដែល​ដំណាំ​ស្រូវ របស់​ប្រជាកសិករ ជួបនឹង​គ្រោះ​ខ្វះខាត​ទឹក ។
​    ​
​ថ្លែង​ទៅកាន់​ប្រជាកសិករ នាពេលនោះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ប្រជាកសិករ អាយ​អនុវត្ត​ការដាំដុះ តាម​បច្ចេកទេស​ថ្មី  បែប​ប្រពលវប្បកម្ម និង​ជ្រើសរើស​ពូជ ដែល​រាជរដ្ឋាភិបាល បាន ប្រកាស​ដាក់​ផ្សព្វផ្សាយ អោយប្រើ​ប្រាស់ ។​

​លោក​បាន​បន្ថែមថា ការទាញយក ប្រភព​ចំណូល ពី​របរ​កសិកម្ម ពុំមែន​មានតែ​ដំណាំ​ស្រូវ តែមួយ​មុខ​នោះទេ ផ្ទុយទៅវិញ បច្ចេកទេស​ប្រព័ន្ធ​កសិកម្ម​ចំរុះ ដូចជា ការដាំ​ដំណាំ​បន្លែ ផ្លែឈើ​ហូប​ផ្លែ ការចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី​ជាដើម ជា​ប្រភព​ចំណូល ដែល​ទទួលបាន​ផល ចំណេញ​ឆាប់ និង​ប្រើប្រាស់​រយៈពេល​ខ្លី ព្រមទាំង​អាច​ផ្គត់ផ្គង់ អាហារូបត្ថម្ភក្នុង​ក្រុមគ្រួសារ​ជាប្រចាំ និង អាច​ផ្គត់ផ្គង់ ទៅ​ទីផ្សារ​ទៀតផង ។ ដូចនេះ ប្រជាកសិករ ត្រូវ​ជៀសវាង​ការធ្វើ​ស្រែដើម្បី​លក់​ស្រូវ​តែមួយ​មុខ​៕V/S

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះជួយ​ច្រូតស្រូវ​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះជួយ​ច្រូតស្រូវ​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ស្រុក​សាមគ្គី​មានជ័យ​

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះជួយ​ច្រូតស្រូវ​ដល់​ប្រជាពលរដ្ឋ​ ​នៅ​ស្រុក​សាមគ្គី​មានជ័យ​