យុវសិស្សថ្នាក់ទី១១​ម្នាក់បាត់ខ្លួនពីរថ្ងៃ​ ម្តាយកាន់រូបថត​ដើររក

ខេត្តកំពង់ស្ពឺ ៖ ​ស្រ្តីម្នាក់ឈ្មោះ ស៊ិន ចាន់ថា ​រស់នៅក្នុងភូមិដីក្រហម ​ឃុំរកាកោះ ស្រុកគងពិសី ​បានកាន់រូបថតកូនប្រុស​ដើររកកូនបង្កឲ្យមានការ​ភ្ញាក់ផ្អើលនៅព្រឹក​ថ្ងៃទី​០៧ ធ្នូ ២០១៥ ​នៅក្នុងភូមិសាស្រ្ត​ខាងលើ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកទៀតថា​ យុវជនដែលបាត់ខ្លួនឈ្មោះ​ អ៊ឹម ស៊ីនួន​ អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ ​រៀននៅវិទ្យាល័យ ឌី ប៉ុក ក្តីល្វា ។ ​សេចក្តីរាយការណ៍​បានស្រង់សម្តីស្រ្តីជាម្តាយឲ្យដឹងថា​ កាលពីថ្ងៃទី០៥ធ្នូ ​គាត់(ម្តាយ)បានឲ្យកូនជួយ​មើលនិងលក់គ្រឿងទេស​ (ចាប់ហួយ) នៅផ្ទះ​ ដោយ​គាត់ចេញទៅទិញទំនិញ​បន្ថែមនិងនិយាយណែនំាកូនកុំឲ្យដើរលេងជាមួយ​មិត្តភក្តិដែលមិនល្អ ។​ ពេលដែលស្រ្តីជាម្តាយមក​ដល់ផ្ទះវិញក៍បាត់យុវជន ​អ៊ឹម ស៊ីនួន ​រហូត​មក​ដល់ព្រឹកថ្ងៃទី០៧ ធ្នូនេះ ។

ស្រ្តីឈ្មោះ ស៊ិន ចាន់ថា ​បានបញ្ជាក់ដែរថា​ កូនប្រុសគាត់មានទំនាក់ទំនង​ជាមួយនារីម្នាក់នៅសង្កាត់ចោមចៅ ​ហើយថាសម្ភារដែលកូនគាត់​យកទៅជាមួយនោះរួមមាន ម៉ូតូ C125 ​មួយគ្រឿង ស៊េរីឆ្នាំ២០១៤​ ព៌ណខ្មៅ​ ពាក់ស្លាកលេខ កំពង់ស្ពឺ ​1E 9640 ខ្សែ.កមួយខ្សែ ​ទូរស័ព្ទដៃមួយគ្រឿង ​និងលុយកាក់​មួយចំនួន ។

ស្រ្តីជាម្តាយក៍​បានអំពាវនាវដល់សមត្ថកិច្ច​ដែលស្គាល់និងឃើញដូចក្នុងរូបថតនេះ​ជួយស្វែងរក ​និងជាពិសេសប្រសិនបើ ​ឈ្មោះអ៊ឹម ស៊ីនួន ​បានទទួលព័ត៌មាន​នេះ​សូមវិល​ចូលផ្ទះវិញ​ គាត់ជាម្តាយនិង​ក្រុមគ្រួសារមិនយកទោស​ពៃរ៍អ្វីនោះទេ ៕