នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​កម្រ​មួយ​ លោក​អូបាម៉ា​ដាស់​តឿន​ពលរដ្ឋ​អាមេរិកាំង​មិន​ត្រូវ​ចុះចាញ់​នឹង​ភាព​ភ័យ​ខ្លាច

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដ៏​កម្រ​មួយ​ លោក​អូបាម៉ា​ដាស់​តឿន​ពលរដ្ឋ​អាមេរិកាំង​មិន​ត្រូវ​ចុះចាញ់​នឹង​ភាព​ភ័យ​ខ្លាច

រូបភាព​ពី​សុន្ទរកថា​ផ្សាយ​បន្ត​ផ្ទាល់​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ពី​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥។លោក​ អូបាម៉ា បាន​អំពាវនាវ​ដល់​ពលរដ្ឋ​​អាមេរិកាំង​កុំ​ឲ្យ​ចុះចាញ់​ភាព​ភ័យ​ខ្លាច ខណៈដែល​លោក​ព្យាយាម​ធានា​សាធារណជន​ថា​ លោក​ និង​រដ្ឋ​បាល​របស់​លោក​នឹង​ដោះស្រាយ​ការ​គំរាម​កំហែង​ដោយ​ភេរវកម្ម​នេះ​យ៉ាង​មុតមាំ។ វ៉ាស៊ីនតោន—

លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា បាន​អំពាវនាវ​ដល់​ពលរដ្ឋអាមេរិកាំង​កុំ​ឲ្យ​ចុះចាញ់​ភាព​ភ័យ​ខ្លាច ​ក្រោយពីមាន​ការ​វាយ​ប្រហារ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទី​ក្រុង​ប៉ារីស​ និង​នៅ​រដ្ឋ​កាលីហ្វរញ៉ា​ ខណៈដែល​លោក​ព្យាយាម​ធានា​សាធារណជន​ថា​ លោក​ និង​រដ្ឋ​បាល​របស់​លោក​នឹង​ដោះស្រាយ​ការ​គំរាម​កំហែង​ដោយ​ភេរវកម្ម​នេះ​យ៉ាង​មុតមាំ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​ពី​ការិយាល័យ​របស់​លោក​នៅ​ឯ​សេតវិមាន​ លោក​អូបាម៉ា​បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អាទិត្យ​ថា ក្រុម​ FBI នៅ​កំពុង​ប្រមូល​ភស្តុតាង​ទាក់​ទិន​នឹង​ព្រឹត្តិការណ៍​ដែ​ល​បាន​កើ​តឡើង​កាល​ពី​សប្តាហ៍​មុន​នៅ​ឯទីក្រុង​ San Bernardino រដ្ឋ​កាលីហ្វរញ៉ា។​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ នៅ​មិន​ទាន់​មាន​ភស្តុតាង​នៅ​ឡើយ​ទេថា ​អ្នក​បាញ់​ប្រហារ​ពីរនាក់​នោះ​មាន​ជាប់​ទាក់ទង​នឹង​បណ្តាញ​ភេរវកម្មក្រៅ​ប្រទេស។​

លោក​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​បាន​ពង្រឹង​កិច្ច​ការពារ​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដោយ​ពួក​ភេរវករ។​ លោក​ថ្លែង​ថា​ យោធា​អាមេរិក​កំពុង​តាម​ចាប់​បណ្តាញ​ភេរវកម្ម​ក្រៅ​ប្រទេស​ដោយ​ឥត​ស្រាកស្រាន្ត។

ប៉ុន្តែ​លោក​កត់​សម្គាល់ថា​ ក្រុម​ភេរវករ​ឥឡូវ​នេះ​កំពុង​ងាក​ទៅ​រកការ​វាយ​ប្រហារ​មួយ​ដែល​លោក​ហៅ​ថា​ «ការ​វាយប្រហារ​ដែល​មិន​ស្មុគស្មាញ​ដូច​មុន» ដូច​អ្វី​ដែល​បានកើត​ឡើង​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា។​

លោក​ប្រធានាធិបតី​ អូបាម៉ា​ ថ្លែង​ថា លោក​យល់​ថា​ ពលរដ្ឋ​អាមេរិកាំង​កំពុង​សួរ​ថា ​«តើ​ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដែល​មិន​អាច​ព្យាបាល​បាន​ភ្លាមៗ​នោះ​ឬ​យ៉ាង​ណា»។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា៖ «ពួកយើង​នឹង​កម្ទេច​ក្រុម​ ISIL ឬ ក្រុម​រដ្ឋ​ឥស្លាម​នោះ»។

លោក​អូបាម៉ា​បាន​សន្យា​ថា​ យោធា​អាមេរិក​នឹង​ចាប់​ខ្លួន​មេដឹកនាំ​ភេរវករ​នៅ​ប្រទេស​ណា​ក៏​ដោយ​ដែល​ពួកគេ​កំពុង​លាក់​ខ្លួន។​ លោក​ក៏​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ផ្តល់​ការ​ហ្វឹកហាត់​ និង​ផ្តល់ឧបករណ៍​ដល់​កង​កម្លាំង​ស៊ីរី​និង​អ៊ីរ៉ាក់​ក្នុង​ការ​វាយ​ប្រយុទ្ធ​ជា​មួយ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លើ​គោក។​ ហើយ​លោក​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិកកំពុង​ធ្វើ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​របស់​ខ្លួន។​ ហើយ​លោក​ក៏​បាន​ថ្លែង​ថា ​សហគមន៍​អន្តរជាតិ​បាន​ចាប់​ផ្តើម​រួម​គ្នា​កំណត់​ពេល​វេលា​ដើម្បីបញ្ចប់​សង្គ្រាម​នៅក្នុង​ប្រទេសស៊ីរី​ហើយ៕

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា​