ជប៉ុន នឹងព្យាយាម ជាលើកទីពីរ ដើម្បីបញ្ជូន យានអវកាស ទៅភពសុក្រ

តូក្យូ៖ ទីភ្នាក់ងាររុករកទី អវកាសរបស់ជប៉ុន (JAXA) បានអះអាងនៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ ២០១៥ នេះថា ខ្លួននឹង បញ្ជូនយានអង្កេត ទៅធ្វើគោចរណ៍ ជុំវិញភពសុក្រ ដើម្បីសិក្សាអំពី បរិយាកាសនៃភព ដ៏សែនក្តៅមួយនោះ។

រំលឹកកាលពី ៥ឆ្នាំមុន ជប៉ុន បានទទួលបរាជ័យ ជាលើកដំបូងក្នុងការបង្ហោះយាន ដោយសារតែវាជួបប្រទះ បញ្ហាម៉ាស៊ីន។

ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ចេញផ្សាយបន្តទៀតថា កម្មវិធីរបស់យាន Akatsuki ត្រូវតែធ្វើ ការកែសម្រួលមួយចំនួន ដូចជាប្រព័ន្ធការពារ ការបុកផ្ទុះឆេះ និង ការរក្សាឲ្យបាននូវរយៈ កម្ពស់របស់យានចម្ងាយ ៣០០.០០០ គីឡូម៉ែត្រ ពីលើផ្ទៃភពសុក្រ និង អាចធ្វើការហោះហើរ ព័ទ្ធជុំវិញ ភពនេះក្នុងរយៈពេលពី ៨ ទៅ ៩ ថ្ងៃ។

គួរបញ្ជាក់ថា Akatsuki នឹងត្រូវប្រើប្រាស់ពេល ២ឆ្នាំ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន ក្នុងនោះ អ្វីដែលសំខាន់ គឺ ការសិក្សាពីបាតុភាពនៃបរិយាកាស របស់ភពសុក្រ ដែលក្រាស់ ជាងផែនដី ៩០ដង និង មានកម្តៅក្តៅរហូតដល់ ទៅជាង ៤៤០ អង្សាសេនោះ។

ភពសុក្រ មានបាតុភាព ចម្លែកៗជាច្រើន ដែលត្រូវសិក្សា ដូចជា ខ្យល់នៅលើភព ដែល បោកបក់ខ្លាំងក្នុងល្បឿន ១០០ ម៉ែត្រក្នុងមួយវិនាទី ប៉ុន្តែភពនេះវិលជុំវិញខ្លួនឯង យ៉ាងយឺតបំផុត បើប្រៀបធៀបជាមួយនឹងផែនដី៕

ជប៉ុន នឹងព្យាយាម ជាលើកទីពីរ ដើម្បីបញ្ជូន យានអវកាស ទៅភពសុក្រ