គម្រោងដើរចេញពី ឆាកនយោបាយរបស់ លោក គង់ គាំ ត្រូវបានពន្យារពេល

ភ្នំពេញ៖ យោងតាមប្រភពពីមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ នៅព្រឹក ថ្ងៃចន្ទ ទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានឲ្យដឹងថា គម្រោងដើរចេញពី ឆាកនយោបាយរបស់លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី នៅពេលនេះ ទំនងត្រូវបានពន្យាពេល ដោយសារមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិមួយចំនួន បាត់បង់អភ័យឯកសិទ្ធតំណាងរាស្រ្ត។
មន្រ្តីជាន់ខ្ពស់រូបនេះ បានថ្លែងថា លោក សម រង្ស៊ី បានស្នើឲ្យលោក គង់ គាំ នៅបន្តកាន់តំណែងជាប្រធានគណបក្ស សម រង្ស៊ី តទៅទៀត ដើម្បីជួយជ្រោមជ្រែងបក្ស ដោយសារគណបក្សសង្រ្គោះជាតិ ខ្វះមន្រ្តីមានបទពិសោធន៍ ហើយម្យ៉ាងវិញទៀត មន្រ្តីជាន់ខ្ពស់មួយចំនួន បាត់បង់អភ័យឯកសិទ្ធ ជាតំណាងរាស្រ្ត។
ប្រភពដដែល បានបន្ថែមថា លោក គង់ គាំ ក៏បានយល់ព្រមទទួលសំណើនេះហើយ ដូច្នេះគម្រោងដើរចេញ ពីឆាកនយោបាយរបស់ លោក គង់ គាំ ប្រហែលជានឹងត្រូវផ្អាក ជាបណ្ដោះអាសន្នសិន។
គួរបញ្ជាក់ថា លោក គង់ គាំ ប្រធានគណបក្សសម រង្ស៊ី បានសម្រេចដកខ្លួនចេញ ពីមេដឹកនាំគណបក្ស ប្រឆាំង និងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពីលោកមានភាព ចាស់ជរា ឈានដល់វ័យ ៧៥ឆ្នាំ ដែលការដកខ្លួននេះ ហាក់បានធ្វើឡើង ខណៈដែលស្ថានភាពនយោបាយ នៅកម្ពុជា មានភាពតានតឹង បន្ទាប់ពីមានការវាយ ទៅលើតំណាងរាស្រ្ត២រូប ដែលក្នុងមាន លោក គង់ សភា ជាប្រុសបង្កើតរបស់លោក ផងដែរ ៕

គម្រោងដើរចេញពី ឆាកនយោបាយរបស់ លោក គង់ គាំ ត្រូវបានពន្យារពេល