សមត្ថកិច្ច​មិន​បង្ក្រាប​ចែ​រ៉ា​ន់ ជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ពី​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តរតនគិរី ទៅ​លក់​នៅ​ស្រុក​យួន នៅតែ​បន្ត​កើតឡើង​យ៉ាង​អានាធិបតេយ្យ​ដោយ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស​នៅតាម​ដង​ទន្លេសេសាន​នៃ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ បាន​ឲ្យ​ដឹងថា​ជា​រៀងរាល់ថ្ងៃ​ជាពិសេស​នៅពេល​ព្រលប់​ពួកគាត់​តែងតែ​ឃើញ​ទូក​និង​កាណូត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ចេញពី​តំបន់​ប៉ាក់​កែ តា​ឡែ ស្ថិតក្នុង​ភូមិ​សេសា​ន ឃុំ​សេគ​ង្គ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង យកមក​គរ​ទុកតា​មដង​ទន្លេសេសាន​នៃ​ភូមិ​ហ្វាំ​ង ហើយ​សមត្ថកិច្ច​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែល​ប្រមូល​ទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​គរ​ទុកតា​មដង​ទន្លេសេសាន​សម្រាប់​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​មានឈ្មោះ ចែ​រ៉ា​ន់ ហើយ​ឈ្មួញ​រូបនេះ​មាន​ទំនាកទំនង​ល្អ​ជាមួយ​មន្ត្រី​អាជ្ញាធរ​គ្រប់​ស្ថាប័ន​។ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​បានឃើញ​គំនរ​ឈើ​ធ្នង់​ជាច្រើន​កំណាត់​ត្រូវគេ​លើក​ចេញពី​កាណូត​មក​គរ​ទុក​លើ​ច្រាំង ហើយ​មាន​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​១​គ្រឿង​របស់​ឈ្មួញ​យួន​ទៅ​ទិញ​ដល់​កន្លែង​គរ​ទុក នៅ​មាត់​ទន្លេសេសាន​តែម្តង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ព្រមទាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម តែងតែ​ទទួលផល​ប្រយោជន៍​ពី ចែ​រ៉ា​ន់ ទើប​ឈ្មួញ​រូបនេះ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ឈ្មួញ​យួន​អាច​ចូលមក​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ហើយ​ឈ្មួញ​យួន​ហ៊ាន​ឲ្យ​តម្លៃ​យ៉ាងខ្ពស់​ទៀតផង​។ ហេតុនេះហើយ​ទើប ចែ​រ៉ា​ន់ ជំរុញ​ឲ្យ​ដៃជើង​របស់ខ្លួន​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ប្រណីត​នៅក្នុង​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដោយ​ខ្លួន​ជា​អ្នក​ចាំ​ប្រមូល​ទិញ​លក់​បន្តទៅ​ឲ្យ​ឈ្មួញ​យួន​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជា កុ​ណា​រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ទទួលបន្ទុក​ប្រចាំ​ស្រុក​វ៉ើ​ន​សៃ ស្រុក​តា​វែង និង​ស្រុក​អូរ​ជុំ ជា​អ្នក​បើកដៃ​ឲ្យ ចែ​រ៉ា​ន់ ប្រមូល​ទិញ​ឈើ​ប្រណីត​លក់​ឲ្យ​ឈ្មួញ​យួន​យ៉ាង​រលូន ហើយ​ចែក​ផលប្រយោជន៍​គ្នា​ជាប្រចាំ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ផងដែរ ព្រោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង និង​ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ ស្រុក​តា​វែង កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​៕

v_0461 v_0460 v_0462