​សមត្ថកិច្ច​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​មិន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ ម៉ិ​ល ពឿ​ន

​បើទោះជា​មានការ​ព្រមាន​ពី​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​យ៉ាងណាក្ដី ក៏​គេ​សង្កេតឃើញ ឈ្មួញ​ឈើ​មាន​ឥទ្ធិពល ឈ្មោះ​ម៉ិ​ល ពឿ​ន នៅតែ​អាច​ប្រើ​រថយន្ត​ធុន​ធំ​ដឹកឈើ​ប្រណីត​យ៉ាង​រលូន​ចេញពី​ភូមិ​ស្រែព្រីង ឃុំ​សុខចិត្ត ស្រុក​សណ្ដាន់ ឆ្ពោះ​មក​កំពង់ថ្ម ឆ្លងកាត់​ដែន​សមត្ថកិច្ច​រដ្ឋបាល ព្រៃឈើ​ក្រយា បារាយណ៍ និង​ផ្នែក​កំពង់ថ្ម​យ៉ាង​សុវត្ថិភាព​។ ពលរដ្ឋ​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ បាន​បញ្ជាក់ថា ឈ្មួញ​ខាងលើ​ជួញ​ឈើ​យូរ​ឆ្នាំ​មកហើយ​តែ​គ្មាន​សមត្ថកិច្ច​ខាង​ណា​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​នោះទេ ជាពិសេស​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​។​

​ប្រជាពលរដ្ឋ​ស្រុក​សណ្តាន់ បាន​រិះគន់ថា សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ បាន​ឆ្លើយ​រុញ​ដាក់គ្នា​ការពារ​ខ្លួន​ដោយ​ពុំ​ទ​ទូល​ខុសត្រូវ​ចំពោះ​បទល្មើស​ព្រៃឈើ ដែល​ប្រព្រឹត្តឡើង​ដោយ បុរស​ម្នាក់​ឈ្មោះ​ម៉ិ​ល ពឿ​ន ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ជួញ​ឈើ​យូរ​ឆ្នាំ​មកហើយ​នោះទេ ហើយ​ទង្វើ​នេះ​ត្រូវបាន​គេ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើងៗ បន្ទាប់​ផ្ទុះ​រឿងអាស្រូវ​ប្រើ​អំពើហិង្សា វាយ​អ្នកសារព័ត៌មាន​ទូរទស្សន៍​លេខ​៨​ម្នាក់ បណ្ដាល​ឲ្យ​រង​បួស​ធ្ងន់ធ្ងរ ខណៈ​អ្នកសារព័ត៌មាន​ខាងលើ​ធ្លាប់​ផ្សាយ​ព័ត៌មាន​រិះគន់​ការឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ​។​

​ជុំវិញ​បញ្ហា​នេះ លោក ម៉ា ណា​រិ​ទ្ធ អ្នកយកព័ត៌មាន​ទូរទស្សន៍​លេខ​៨ ប្រចាំខេត្ត​កំពង់ធំ ដែល​រងរបួស​ក្នុងការ​វាយប្រហារ​នេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ថ្មីៗ​នេះ ឈ្មួញ​ឈើ​ឈ្មោះ ម៉ិ​ល ពឿ​ន រួមទាំង​កម្មករ​រប​ស់គា​ត់​៣​នាក់​ប្រដាប់​ដោយ​ដំបង​បាន​យក​រថយន្ត​គាត់​ដាក់​បញ្ឆិត​ទទឹងផ្លូវ ហើយ​ធ្វើ​សកម្មភាព​វាយ​មកលើ​អ្នកកាសែត​តែម្ដង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហាក់​មិន​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ ម៉ិ​ល ពឿ​ន នោះទេ​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តកំពង់ធំ​បាន​បញ្ជាក់ថា​បទល្មើស​ព្រៃ​ឈើ​ភាគច្រើន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នកមានអំណាច និង​អាចមាន​មន្ត្រី​មាន​ឥទ្ធិពល​នៅក្នុង​ខេត្ត​នៅ​ពីក្រោយ​ទៀតផង​ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ការទប់ស្កាត់ និង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​មាន​ភាពស្មុគស្មាញ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ប្រសិនបើ​មន្ត្រី​ជំនាញ​នៅតែ​មិនមាន​ភាព​ស្អាតស្អំ និង​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​បទល្មើស​ព្រៃឈើ​នឹង​កាន់​តែមាន​ភាព​ធ្ងន់ធ្ងរ​៕

btv-a924 - Copy (2) btv-a924 btv-a925 - Copy btv-a925