កិច្ចព្រមព្រៀង​ជំនួញ​អង្ករ​ថ្មី​របស់​ថៃ​ជាមួយ​ចិន​ជិត​ក្លាយជា​ការ​ពិត​ហើយ

ប្រទេស​ថៃ ៖ គេ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជំនួញ​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្នុង​ការ​លក់​អង្ករ​បន្ថែម​ឲ្យ​ប្រទេស​ចិន​ចំនួន​១​លាន​តោន ។
ការ​ផ្លាស់​ប្តូរ​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​អង្ករ និង​កៅស៊ូ​ជាមួយ​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ផ្លូវដែក Thai-Sino ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោកស្រី Apiradi Tantraporn បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ៖ « មន្ត្រី​ផ្លូវការ​របស់​ថៃ​កំពុង​ស្ថិត​ក្នុង​ចរចា​ជាមួយ​សម​ភាគី​ចិន​លើ​បញ្ហា​តម្លៃ និង​ប្រភេទ​អង្ករ » ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្ម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ក្នុង ការ​លក់​អង្ករ​ចំនួន​១​លាន​តោន​ដល់​សាជីវកម្ម ស្បៀងអាហារ ធញ្ញជាតិ ប្រេង​ជាតិ​របស់​ចិន​ដែល​ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន ។ ការ​ចែកចាយ​អង្ករ​នឹង​មាន​ចំនួន​១០​ម៉ឺន​តោន​ក្នុង​មួយ​ខែ ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​ក្រោយ​នេះ។

គួរ​រំឭក​ផង​ដែរ​ថា កិច្ចព្រមព្រៀង​ជំនួញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ រវាង​ភាគី​ថៃ និង​ចិន ក្នុង​ទំហំ​អង្ករ​ចំនួន​២​លាន​តោន ។

នៅ​គ្រានេះ​ដែរ ក្រុមហ៊ុន​កៅស៊ូ Rubbeer Authority of Thailand ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​នៅ​ស​ប្តា​ហ៍​នេះ ក្នុង​ការ​លក់​កៅស៊ូ​ចំនួន​២០​ម៉ឺន​តោន​ដល់​ក្រុមហ៊ុន Sinochem Group ដែល​ជា​ក្រុមហ៊ុន​ពហុ​ផលិតផល​មួយ​តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន ។

ម្យ៉ាងទៀត កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អនុម័ត​រួចរាល់​ហើយ បើ​ទោះបីជា​របាយការណ៍​មុន​ស្ថិត​ក្នុង​ការ​ចរចា​ស្តី​ពី​ការ​ទិញ​កៅស៊ូ​របស់​ចិន​ក៏​ដោយ ។ ចំណែក​គម្រោង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​ផ្លូវដែក ក៏​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ទាំង​ពីរ​ភាគី​ដែរ ។

ផ្លូវដែក​ទាំងនោះ​រួម​មាន ផ្លូវ Nong Khai -Nakhon Ratchasima-Kaeng Khoi និង​បណ្តាញ​ផ្លូវ Bangkok-Kaeng Khoi-Map Ta Phut ។

ប្រទេស​ថៃ ជា​ប្រទេស​មួយ​ដែល​បន្ត​ចែកចាយ​អង្ករ​សេសសល់​ចំនួន​១០​ម៉ឺន​តោន​ដល់​ចិន ក្រោម​កិច្ចព្រមព្រៀង​កាលពីមុន​ចំនួន​១​លាន​តោន ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ី​ណា​វ៉ា​ត់​ត្រា ។

លោកស្រី Apiradi Tantraporn ថ្លែង​ថា ៖ « មន្ត្រី​ផ្លូវការ​ថៃ​កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​ជំនួញ​អង្ករ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​តាម​រយៈ​មូលដ្ឋាន​រដ្ឋាភិបាល និង​រដ្ឋាភិបាល ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អុ​ី​រ៉​ង់​ផង​ដែរ » ។

បណ្តា​អ្នក​នាំ​ចេញ​ទាំងឡាយ​រំពឹង​ថា តម្លៃ​អង្ករ​នឹង​កើនឡើង​ចន្លោះ​ពី​១០% ទៅ​១៥% ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ក្រោយ ស្រប​ពេល​កើត​មាន​ឡើង​នូវ​បាតុភូត​ធម្មជាតិ El Nino ដែល​បាន​កាត់​បន្ថយ​នូវ​ផលិតកម្ម និង​ជំរុញ​អ្នក​នាំ​ចេញ​ឲ្យ​ប្រមែប្រមូល​អង្ករ​បម្រុង​ទុក ។

ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បាន​ថ្លែង​ថា ៖ « បណ្តា​អ្នក​នាំ​ចេញ​ធំ​ៗ​ដូច​ជា ហ្វ៊ី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​មជ្ឈិម​បូព៌ា ក៏​មាន​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ដែរ​អំពី​ផល​ប៉ះពាល់​យូរអង្វែង​នៃ​គ្រោះ​រាំង​ស្ងួត » ៕