គង់ វង្ស​យ៉ា​ទី បង្ហោះ​សារ​អប់រំ​មនុស្ស​ស្រី ដឹងអី​ជាន់​ដាន​ខ្លួន​ឯង​

គង់ វង្ស​យ៉ា​ទី ដែល​ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់ថា​ជា​ស្រី​ស្អាត​ពូកែ​សម្ញែង​ភាព​សិច​ស៊ី​មិនធម្មតា​នោះ ថ្មីៗ​នេះ​នាង​បាន​រំលេច​សារ​បែប​ដាស់តឿន​ខ្លី​មួយ​ដល់​មនុស្ស​ស្រី​គ្រប់រូប​ឱ្យ​ស្គាល់​ពីអ្វី​ដែល​ហៅថា​ភាពស្រស់ស្អាត​របស់​មនុស្ស​ស្រី ។

​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះ Kong Vongyaty បាន​សរសេរ​ដោយមាន​ភ្ជាប់​ជាមួយ​អារម្មណ៍​រិះគិត​ថា «​ភាពស្រស់ស្អាត​របស់​ម​នុស្ស​ស្រី​មាន​ច្រើន​ប្រភេទ មិនមែន​ស្អាត​តែ​មុខមាត់​ហៅថា​ស្អាត​ទេ មនុស្ស​ស្រី​ដែល​ស្អាត​ពិតប្រាកដ គឺ​ស្អាត​ទាំង​ចិត្ត ស្អាត​ទាំង​ចរិត ស្អាត​ទាំង​កាយវិការ ស្អាត​នឹង​ភាពថ្លៃថ្នូ បើ​យើង​ធ្វើតាម​នៅក្នុង​នេះ​ឱ្យបាន ៧០ ភាគរយ បានន័យថា យើង​នឹង​ក្លាយជា​ស្រី​ស្អាត​ហើយ ប៉ុន្តែ​ត្រូវតែ​ព្យាយាម​ត​ទៀត from Yaty»។​

​តាមរយៈ​ខ្លឹមសារ​ដ៏​មានន័យ​នេះ ស្រី​ស្អាត គង់ វង្ស​យ៉ា​ទី ដែលជា​ពិធី​ការិនី​ប្រចាំ​កម្មវិធី​«​រា ត្រី​កម្សាន្ត​» ហាក់​ចង់​ក្រើនរំឭក​ដាស់តឿន​ដល់​សុភាពនារី​ទាំងអស់​ឱ្យ​យល់ច្បាស់​ពី​និយមន័យ​នៃ​ភាពស្រស់ស្អាត​របស់​មនុស្ស​ស្រី ថា​តើ​មនុស្ស​ស្រី​បែបណា​ដែល​ស្អាត​ពិតប្រាកដ។​

​ទាក់ទង​នឹង​ការ​បង្ហោះ​សារ​នេះដែរ ឃើញថា​មាន​ទាំង​មតិ​គាំទ្រ និង ការរិះគន់ ពីអ្វី​ដែល​ស្រី​ស្អាត​រូបនេះ​លើកឡើង​ផងដែរ ហើយ​ក្នុងនោះ​ក៏មាន​ការ​ចោទ​ជា​សំណួរ​ត្រឡប់​មកកាន់​ស្រី​ស្អាត​នេះ​វិញ​ដែរ​ថា «​តើ​នាង​អាចធ្វើ​បាន​ឬ​មិនបាន​ចំពោះ​អ្វីដែល​នាង​បាន​និយាយ​នេះ​?»​ដែល​សំណួរ​នេះ​ហាក់ដូចជា​សួរ​ក្នុងន័យ​ចង់​បញ្ឆិតបញ្ឆៀង​ឱ្យ​នាង​ផងដែរ ព្រោះ​កន្លងមក​ស្រី​ស្អាត យ៉ា​ទី ក៏​ធ្លាប់​ត្រូវបាន​មហាជន​ដាក់បន្ទុក ហើយ​ក៏មាន​សារព័ត៌មាន​មួយចំនួន​និយាយ​ដែរ​ថា នាង​ជាតា​រា​ស្រី​ម្នាក់​ដែល​និយម​លេងខ្លួន សម្ញែង​ភាព​សិច​ស៊ី​មិនធម្មតា និង មាន​ចរិត​ជា​តារា​ល្បី​ដែរនោះ ។ ហាក់​មិនមាន​អ្វី​ចាក់​ដោត​ក្នុង​ចិត្ត​ចំពោះ​សំណួរ​នេះ យ៉ា​ទី បាន​ឆ្លើយ​យ៉ាងខ្លី​ថា​«​ខ្ញុំ​ធ្វើ​មិនបាន​ទាំងអស់​ទេ តែ​បាន​តិចតួច​»។

​ចម្លើយ​នេះ យ៉ា​ទី ផ្ទាល់​ក៏​ហាក់ដូចជា​ចង់​មានន័យ​ទទួលស្គាល់​ដែរ​ហើយ​មើល៍ទៅ ព្រោះ​មនុស្ស​ម្នាក់ៗ​មិន​ដែលថា​មាន​អ្នកណា​ស្អាត​ល្អ​គ្រប់​ដប់​ដូច​ពាក្យចាស់​ពោល​ដែរ ប៉ុន្តែ​ក៏​មិន​រហូតដល់​ថ្នាក់​មិនល្អ​សោះ​ដែល​សង្គម​ទទួលយក​មិនបាន​នោះដែរ ៕ សាកល​

​   

Related