លោក កឹម សុខា​៖ ការសន្ទនា​នយោបាយ​កន្លងមក​មិនបាន​ធ្វើឡើង​ដោយ​សុទ្ធចិត្ត​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អះអាងថា ការសន្ទនា​គ្នា​ក្នុង​បរិបទ​នយោបាយ​កម្ពុជា​កន្លងមក មិនបាន​ធើ្វ​ឡើង​ដោយ​សុទ្ធចិត្ត​នោះឡើយ​។​

​ការលើកឡើង​របស់លោក កឹម សុខា បែបនេះ បាន​ធ្វើឡើង​នៅក្នុង​បទ​អត្ថាធិប្បាយ​របស់ខ្លួន​ស្តីពី​«​ការផ្សះផ្សា​ជាតិ ត្រូវ​ផ្សះផ្សា​ចិត្ត​»​។ នៅក្នុង​ការពន្យល់​រប​ស់​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ប៉ុន្មាន​នាទី​មុននេះ លោក​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​បកស្រាយ​ពាក្យ «​សន្ទនា​» ថា មិនមែនជា​ពាក្យថ្មី ឬ ចម្លែក នោះទេ​។ ជាងនេះទៅទៀត លោក កឹម សុខា បាន​បរិយាយ​ពាក្យ «​វប្បធម៌​សន្ទនា​» ថា គឺជា​ការបណ្តុះ​នូវ​ការនិយាយ​គ្នា ពិភាក្សាគ្នា ឬ ចរចា​គ្នា​។ «​ខ្ញុំ​យល់ឃើញថា ការសន្ទនា​គ្នា​ដូច​ន័យ​ខាងលើនេះ បាន​ដុះដាល​រួចទៅហើយ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​សាកលលោក​។ ក៏ប៉ុន្តែ​ការសន្ទនា​គ្នា ក្នុង​បរិបទ​នយោបាយ​កម្ពុជា​កន្លងមក​ជាទូទៅ​មិនបាន​ធើ្វ​ឡើង ដោយ​សុទ្ធចិត្ត ដែល​មិនទាន់បាន​ផ្សះផ្សា​ផ្លូវចិត្ត​នៅឡើយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ។

​សម្រាប់​លោក កឹម សុខា ដែល​ទើបតែ​ធ្លាក់​ពី​តំណែង​ជា​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា ការសន្ទនា​គ្នា ត្រូវតែ​ជាការ​ចរចា​គ្នា ដើម្បី​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ​ជា​វិជ្ជមាន និង អាច​ឋិតថេរ រឹងមាំ​ទៅបាន លុះត្រាតែ​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ បញ្ឈប់​ការគុំកួន សងសឹក​គ្នា ប​ពា្ឈ​ប់​ការ​ធើ្វ​ឲ្យ​ភាគី​ណាមួយ​មានការ​ឈឺចាប់ មានការ​ភ័យខ្លាច និង​ជាពិសេស​បញ្ឈប់​ដាច់ខាត​នូវ​ការប្រើ​អំពើហិង្សា​តាម​គ្រប់​រូបភាព​។

​ជា​ចុងបញ្ចប់​នៃ​ការអត្ថាធិប្បាយ​របស់ខ្លួន លោក កឹម សុខា អំពាវនាវ​យ៉ាងនេះ​ថា​៖«​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ ឲ្យ​ភាគី​ខែ្មរ​ទាំងអស់ បើក​ការសន្ទនា​នេះ​ឲ្យ​មាន​ភាពទូលំទូលាយ និង​ដោយ​ផ្តើមចេញពី​ការ ផ្សះផ្សា​ចិត្ត ដើម្បី​ផ្សះផ្សា​ជាតិ​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​