ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង

ភ្នំពេញ៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៥នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដោយសំឡេងគាំទ្រ៤៦សំឡេងលើ៤៦សំឡេង ខណៈសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំងធ្វើពហិកាមិនចូលរួមប្រជុំ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចេញមុននេះបន្តិច បានឲ្យដឹងថា រដ្ឋសភាបានបញ្ជូន សេចក្តីព្រាងច្បាប់ពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ មកព្រឹទ្ធសភាដើម្បីពិនិត្យ និងឲ្យយោបល់តាមលិខិតលេខ ៧៤៦ រ.ស ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ស្របតាមមាត្រា ១១៣ថ្មី ជំពូកទី៨ថ្មី នៃរដ្ឋធម្មនុញ្ញ។

ប្រភពដដែលបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះ គឺពិតជាដើរតួនាទីជាឧបករណ៍ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ជាពិសេសការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ ប្រកបដោយមហិច្ឆតា តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់  និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងក្នុងយុទ្ធសាស្រ្តកៀរគរចំណូល រយៈពេលមធ្យម ២០១៤-២០១៨ សំដៅសម្រេចបាន នូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត។

ក្នុងនោះ ក៏បានធានានូវដំណើរផ្លាស់ប្តូរមួយ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយគុណភាព និងចីរភាព ដោយផ្សារភ្ជាប់ការគិតគូរ អំពីតុល្យភាពនៃកំណើនសេដ្ឋកិច្ច និងការបែងចែកផលនៃកំណើននេះ ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងឆ្លើយតប ទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា និងនិន្នាការពិភពលោក និងតំបន់ ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ សុខសន្តិភាពយូរអង្វែង វិបុលភាព និងយុត្តិធម៌សង្គម ។

សេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា “អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៤៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល”។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមជាលើកដំបូង ចំនួន៦៦សំឡេង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥៕

ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង

ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង

ព្រឹទ្ធសភា អនុម័ត សេចក្ដីព្រាងច្បាប់ ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ដោយគ្មានបក្សប្រឆាំង