វិចារណកថា «របាយការណ៍ ភូតភរធ្វើឲ្យបញ្ហា កើតឡើង កាន់តែច្រើន»

កាលពីព្រឹកថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៥ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុ ប្រធានគណបក្ស ប្រជាជនកម្ពុជា បានណែនាំ ដល់មន្ត្រីថ្នាក់ក្រោមកុំឲ្យ ចេះតែធ្វើរបាយការណ៍ភូតភរ ។ ការ ណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានធ្វើ ឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីសកម្មភាព ការងារ គណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត ព្រៃវែងប្រចាំខែវិច្ឆិកា ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្ត ។ ប្រសាសន៍ របស់លោក ឧបនាយក រដ្ឋមន្រ្តី ស ខេង បានធ្វើឲ្យមជ្ឈដ្ឋាននានា មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង បានយកខ្លឹមសារសំខាន់ៗមកបង្ហោះតាមបណ្តាញទំនាក់ ទំនង សង្គម (ហ្វេសប៊ុក) ដើម្បីឲ្យមជ្ឈដ្ឋាននានាបានជ្រួតជ្រាប ។ ជាពិសេសកាសរណែនាំ របស់លោក ឧបនាយក រដ្ឋមន្រ្តី ស ខេង ស្របទៅតាមស្ថានភាពការងាររបស់មន្ត្រីថ្នាក់ក្រោម នាពេលកន្លងមកផងដែរ ដែលនាំឲ្យមាន បញ្ហាកើតឡើងកាន់តែច្រើន ។

លោក ស សុខា បានដកស្រង់ប្រសាសន៍ របស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលបានណែនាំដល់មន្ត្រី ថ្នាក់ក្រោមថា «ការងារដែលថ្នាក់ដឹកនាំប្រគល់ឲ្យធ្វើគឺត្រូវធ្វើឲ្យ ចេញជាលទ្ធផលកុំចេះតែសរសេរ របាយការណ៍ ភូតភរ ។ពីថ្ងៃនេះ ទៅគឺខ្ញុំនឹងហៅមកសួរ ផ្ទាល់មាត់ ហើយបើថាកុហកទេ កុំធ្វើ។ បើយើងធ្វើអ្វីគឺធ្វើឲ្យប្រាកដ កុំបន្លំកុំរត់ភូតភរតាមគ្នា។ យើងមិនអាចដើរនិយាយកុហកប្រជាជនបានទេ យើងអ្នកធ្វើឯប្រជាជនគាត់អ្នកមើល បើ ឃើញខុសគាត់ថាខុសហើយ បើមិនចង់ខុសគួរកែទម្លាប់អាក្រក់ចេញទៅ»។ មជ្ឈដ្ឋាននានា បានទទួលស្គាល់ ថា ការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា គឺជាប្រការសំខាន់ បំផុត ដើម្បីកាត់បន្ថយភាពអសកម្មរបស់មន្រ្តីថ្នាក់ក្រោម  មន្រ្តីថ្នាក់មូលដ្ឋានចាប់ពីថ្នាក់ឃុំ ថ្នាក់ស្រុក ខណ្ឌ រហូតដល់ថ្នាក់រាជធានី-ខេត្ត ។ ដោយហេតុ ថាកន្លងមកមន្ត្រីខ្លះមិនប្រឹងប្រែងធ្វើការងារតាមតួនាទីរបស់ខ្លួនទេ ហើយមានជំនាញខាងធ្វើ របាយការណ៍ភូតភរ ។

គួរកត់សម្គាល់ដែរថា កន្លងមកដោយសារតែមន្រ្តីថ្នាក់ក្រោម មន្រ្តីអាជ្ញាធរមូលដ្ឋាន ចូលចិត្តធ្វើរបាយការណ៍ ភូតភរថ្នាក់លើយកស្នាដៃយកមុខយកមាត់ ទើបធ្វើឲ្យបញ្ហាកើតឡើង កាន់តែច្រើនរហូតដល់ ប្រជាពលរដ្ឋ អស់ជំនឿលើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់មូលដ្ឋាន ហើយរិះគន់មន្រ្តីថ្នាក់លើថែមទៀត ។ ជាក់ស្តែង ជម្លោះដីធ្លីនៅតាមបណ្តាខេត្តមួយចំនួន មន្រ្តី អាជ្ញាធរថ្នាក់ឃុំ ស្រុក ក្រុង ខេត្ត មិនចាត់វិធានការការដោះ ស្រាយតាមការសុំអន្តរាគមន៍ពីប្រ ជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទេ ហើយបែរជាធ្វើរបាយការណ៍ភូតភរ ថ្នាក់លើថាពួកគេបាន ដោះស្រាយរួចរាល់ទៅវិញ ។ ប៉ុន្តែ របាយការណ៍ភូតភរទាំងនោះ មិនអាចបិទបាំងការពិត បានទេ នៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លី និងរងគ្រោះដោយសារអំពើ អយុត្តិធម៌ផ្សេងៗ ទៀតឡើងមកដល់រាជធានីភ្នំពេញ ដើម្បីសុំឲ្យស្ថាប័នរដ្ឋសភា រាជរដ្ឋាភិ បាលនិងក្រសួងពាក់ព័ន្ធជួយ ដោះស្រាយ។ លើសនេះ ទៅទៀតប្រជាពលរដ្ឋអស់ទំនុកចិត្ត ទាំងស្រុងចំពោះមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលពូកែធ្វើរបាយការណ៍ភូតភរ ។

រហូតមកដល់ពេលនេះបញ្ហាជម្លោះ ដីធ្លីរាប់រយករណីក្នុងរាជធានីភ្នំពេញ និងតាម បណ្តាខេត្តនានា មិនទាន់ត្រូវ បានដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះប្រកបដោយយុត្តិធម៌ នៅឡើយទេ ហើយមន្រ្តីអាជ្ញាធរឃុំ -សង្កាត់ ស្រុក ក្រុង រាជធានី-ខេត្ត តែងឃុបឃិតគ្នាបំភ្លៃ ការពិតក្នុងរបាយការណ៍ភូតភរថ្នាក់លើ ។ នៅក្នុងខេត្តក្រចេះ ព្រះវិហារ សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ធម កំពង់ឆ្នាំង ជាដើម បញ្ហាជម្លោះដីធ្លី នៅតែរាលដាល យ៉ាងពេញ បន្ទុកដោយសារតែមន្រ្តីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់មិនយកចិត្តទុកដាក់ដោះស្រាយ ហើយធ្វើ របាយការណ៍ភូតភរថ្នាក់លើតាមអំពើចិត្ត ធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាគ្មានទីបញ្ចប់ ។ មិនតែប៉ុណ្ណោះ ករណីខ្លះក្រុមហ៊ុនបរទេសបានធ្វើសកម្មភាព បំផ្លាញព្រៃសហគមន៍ បំពានលើ ដីធ្លីជនជាតិដើមភាគតិច ក្នុងខេត្តក្រចេះព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតន គិរីយ៉ាងគឃ្លើន បែរជាមន្រ្តីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់និយាយថាជនជាតិដើមភាគតិចបំពានលើ ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន វៀតណាម ឬក្រុមហ៊ុនចិនទៅវិញ ។

សូម្បីតែបញ្ហាបំផ្លាញព្រៃឈើនិងបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ក៏មន្រ្តីជំនាញនិង មន្រ្តីអាជ្ញាធរព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ដែរ ហើយពួកគេឃុបឃិត គ្នាធ្វើរបាយការណ៍ថ្នាក់លើថា គ្មាន បទល្មើសកើតឡើងឡើយ រហូតដល់រថយន្តយីឌុបដឹកឈើ ប្រណីតក្រឡាប់ជាបន្តបន្ទាប់ទើប គេលាក់បាំងលែង បាន ។ ចំណែកបញ្ហាបទល្មើសនេសាទ ដូចគ្នាដែរ បើមើលតាមរបាយការណ៍របស់ស្ថាប័នជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធ គឺបទល្មើស កើតឡើងតិចតួចបំផុត ហើយមានការបង្រ្កាបប្រកបដោយប្រសិទ្ធភាពទៀតផង ប៉ុន្តែជាក់ ស្តែងបទល្មើសនេសាទកើតឡើងយ៉ាងពេញបន្ទុក ជាពិសេសនៅក្នុងបឹងទន្លេសាបនៃខេត្ត កំពងឆ្នាំង ខេត្តពោធិ៍ សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាបនិងខេត្តកំពង់ធំ ធ្វើឲ្យធនធានមច្ឆ ជាតិត្រូវប្រឈបនឹងសេចក្តីវិនាស ។ ដូច្នេះការដែលលោកឧបនាយករដ្ឋមន្រ្តីស ខេង ណែនាំ ឲ្យមន្រ្តីថ្នាក់ក្រោមឈប់ ធ្វើរបាយការណ៍ភូតភរ គឺជា ប្រការសំខាន់បំផុត ដើម្បីចៀសវាងកុំឲ្យ បញ្ហាកើតឡើងកាន់តែច្រើន ហើយមន្ត្រីថ្នាក់ក្រោមត្រូវធ្វើខ្លួន ជាអ្នកបម្រើ ប្រជាពលរដ្ឋពិតប្រា កដដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ៕