គណៈកម្មការ ចម្រុះទប់ស្កាត់ កាប់ព្រៃឈើនិង រុករានដីខុសច្បាប់ ក្នុងអភិរក្សប្រាសាទ កោះកេរ នឹងបង្កើតឡើង

ភ្នំពេញ៖ អាជ្ញាធរជាតិ អប្សរាសហការជាមួយ សាលាខេត្តព្រះវិហារ នឹងបង្កើតគណៈកម្មការ ចម្រុះមួយដើម្បី ទប់ស្កាត់ ការរុករានដី និងការកាប់ព្រែឈើ ក្នុងតំបន់អភិរក្សនៃ ប្រាសាទកោះកេរនៅក្នុង ពេលឆាប់ៗខាងមុខ។
ការសម្រេចបង្កើតគណៈកម្មការ ចម្រុះនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំមួយនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ។ គណៈកម្មការចម្រុះនេះ នឹងមានអាជ្ញាធរជាតិអប្សរាដែល ទទួលបន្ទុកអភិរក្សប្រាសាទ តំបន់ កោះកេរ ជាប្រធាន និងមានសមាសភាពចូលរួមពីអភិបាលរងខេត្តព្រះវិហារ មន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចមូលដ្ឋាន។

គណៈកម្មការនេះ មានតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើសរុនរានដីក្នុងតំបន់អភិរក្ស និងបទល្មើសកាប់ ព្រៃឈើប្រណីត ក្នុងតំបន់នេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាក៏បានលើកឡើងនូវបទពិសោធន៍ ដែល កំពុងអនុវត្តនៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប គឺការចុះអប់រំដល់ប្រជាពលរដ្ឋតាមសហគមន៍ អំពីតម្លៃ បេតិកភណ្ឌ។

លោកបញ្ជាក់ថា រយៈកាលកន្លងមក បទល្មើសនៅតំបន់កោះកេរ ភាគច្រើន កើតឡើងចេញពីប្រជាពលរដ្ឋនៅ ក្នុង តំបន់នោះផ្ទាល់ ដោយសារមិនបានយល់ដឹងអំពីតម្លៃនៃបេតិកភណ្ឌ។ ដូច្នេះ អាជ្ញាធរជាតិអប្សរាសុំ កិច្ចសហការ ជាមួយ អាជ្ញាធរខេត្តព្រះវិហារ ដើម្បីឲ្យមន្ត្រីចុះអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋនៅតំបន់កោះកេរ ដូចដែលបាន អនុវត្តនៅរមណីយដ្ឋានអង្គរដែរ។

លោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារបានឯកភាពទាំងស្រុងលើការបង្កើតគណៈកម្មការ និងការបង្កើតឲ្យមានការ ចុះអប់រំបេតិកភណ្ឌនេះ។ លោកថា កន្លងមក រដ្ឋបាលខេត្តព្រះវិហារក៏មិនដែលព្រងើយកន្តើយ ក្នុងកិច្ចសហការ ជាមួយ អាជ្ញាធរជាតិអប្សរា ក្នុងការទប់ស្កាត់បទល្មើសឡើយ គ្រាន់តែមិនទាន់មានការបង្កើតជា គណៈកម្មការ ផ្លូវការណាមួយប៉ុណ្ណោះ ដែលប្រការនេះ អាចធ្វើឲ្យមានការយឺតយ៉ាវក្នុងការទប់ស្កាត់បទល្មើស។ ជាមួយគ្នានេះ លោកក៏បានសម្រេចតាមសំណើរបស់អាជ្ញាធរជាតិអប្សរា ដែលសុំឲ្យមានសមត្ថកិច្ចឈរជើង ជាប្រចាំក្នុងបរិវេណ ប្រាសាទកោះកេរ ដើម្បីអាចទប់ស្កាត់បានភ្លាមៗនូវករណីបទល្មើសផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការ កាប់ព្រៃឈើ៕

គណៈកម្មការ ចម្រុះទប់ស្កាត់ កាប់ព្រៃឈើនិង រុករានដីខុសច្បាប់ ក្នុងអភិរក្សប្រាសាទ កោះកេរ នឹងបង្កើតឡើង

គណៈកម្មការ ចម្រុះទប់ស្កាត់ កាប់ព្រៃឈើនិង រុករានដីខុសច្បាប់ ក្នុងអភិរក្សប្រាសាទ កោះកេរ នឹងបង្កើតឡើង

គណៈកម្មការ ចម្រុះទប់ស្កាត់ កាប់ព្រៃឈើនិង រុករានដីខុសច្បាប់ ក្នុងអភិរក្សប្រាសាទ កោះកេរ នឹងបង្កើតឡើង