រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចុះ​ជួយ​ច្រូតស្រូវ​ប្រជា​កសិករ​ក្នុង​ឃុំ​ធ្លក​វៀន

ខេត្តកំពង់ឆ្នាំង ៖ ខ្ញុំ​សប្បាយចិត្ត និង​រីករាយ​ខ្លាំង​ណាស់ ដោយ​​ឃើញ​​​ប្រជា​កសិករ ទទួលបាន​ទិន្នផល​ខ្ពស់​ក្នុង​ឱកាស​ប្រមូល​ផល​ឆ្នាំ​នេះ ​នេះ​គឺ​ដោយសារ​បងប្អូន​បាន​យល់​ដឹង ​និង​ទទួលយកការ​ណែនាំរបស់​មន្ទីរ​កសិកម្មខេត្ត ដែល​តែងតែ​ពន្យល់បង្ហាត់បង្រៀនពី​ការ​ដាំ​ដុះ​ដំណាំ​ស្រូវ​ឱ្យ​កែប្រែពី​ការ​ដាំ​ស្រូវធ្ងន់ មក​ធ្វើ​ស្រូវកណ្តាល​វិញ​​ ។  លោក បណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុ​ក្ខា​ប្រ​មា​ញ់​ និង​នេសាទ មាន​ប្រសា​សន៍បែប​នេះក្នុង​ពេល​ដែល​លោកអញ្ជើញ​ចុះ​ត្រួតពិនិត្យការ​ប្រមូលស្រូវ និង​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ ក្នុងភូមិ​ប្រ​ខ្លូត ឃុំ​ធ្លក​វៀន​ ស្រុកសាមគ្គី​មាន​ជ័យ នា​ព្រឹកថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៥  ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​សិស្សា​នុ​សិស្សជា​ច្រើននាក់ ។ 

ប្រជា​កសិករ​ជាម្ចាស់​ស្រែ​ម្នាក់ ឈ្មោះ ម៉​ម យួន អាយុ​៧០​ឆ្នាំ បាន​រៀប​រាប់​ប្រាប់​លោក​រដ្ឋមន្ត្រី​ថា ឆ្នាំ​មុន​ក្រុម​គ្រួសារ​គាត់​​ធ្វើ​ស្រូវធ្ងន់ មិន​បាន​ទទួលផល​ទេ ដោយ​តែ​គ្មាន​ទឹក​គ្រប់គ្រាន់នៅ​ចុងរដូវ ​​ហើយ​នៅ​ក្នុងឆ្នាំនេះ​ដោយសារ​តែ​មានការ​ណែនាំ​ពី​មន្ទីរ​កសិកម្ម​ខេត្ត ក្រុម​គ្រួសារ​គាត់បាន​ផ្លាស់​ប្តូរមកធ្វើស្រូវកណ្តាល​វិញ ទើប​ទទួល​បាន​ទិន្ន​ផល​​ល្អ និង​ជាទី​ពេញចិត្ត​បែប​នេះ ។ ​ម្ចាស់​ស្រែ​គ្រប់​គ្នា​សូម​​ថ្លែងអំណរ​គុណដល់លោក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ក្រុមការងារ ចុះ​មក​ជួយ​ច្រូតស្រូវ​របស់​ក្រុម​គ្រួសារគាត់​​ ។

លោកបណ្ឌិត អ៊ុ​ក រ៉ា​ប៊ុ​ន ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​ឱ្យខ្នះខ្នែង​អប់រំ និង​ណែនាំ​ដល់​ប្រជា​​កសិករ​ ត្រូវ​ផ្លាស់​ប្តូរ​ពី​ទម្លាប់​ការ​ធ្វើ​ស្រូវធ្ងន់មក​ធ្វើ​ស្រូវ​កណ្តាល ឬស្រូវស្រាល​វិញ ព្រោះថាការ​កែប្រែ​ទម្លាប់​បែប​នេះ ​​ដើម្បី​សម្របសម្រួលទៅ​នឹង​ការ​​បម្រែប​ម្រួល​​អាកាសធាតុ ដែល​កំពុង​កើតឡើង​សព្វ​ថ្ងៃនេះ ។

ដោយឡែក លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ក​ខេត្ត ​បាន​​ដឹង​ថា  ការ​ប្រមូលផល​ស្រូវ​រដូវ​ស្សាគិត​ត្រឹម ថ្ងៃ​ទី៦ ​ធ្នូ ​​២០១៥ ប្រមូល​បាន​ជាង​៣​ម៉ឺន​ហិ​កតា​ហើយ នៅ​លើ​ផ្ទៃដី​ដែល​ធ្វើ​បាន១២៥០៨១​ហិ​កតា ស្មើនឹង​២៧ភាគរយ ​​។ ចំណែក​​ការ​ធ្វើ​ស្រូវប្រាំង ធ្វើ​បាន​ជាង១៦០០០​ហិ​កតា លើ​ផែនការ​២៩៧០០​ហិ​កតា ស្មើនឹង​៦៧​ភាគរយ ៕ ​