កូនភ្លោះ​៣​របស់​សម្តេច​តេ​ជោ​កើត​​ក្នុង​គ្រួសារ​​កសិករ​ក្រីក្រនៅភូមិ​អង្គរ​បាន​ទី២ ​ស្រុក​កង​មាស

ខេត្តកំពង់ចាម ​៖ ​កូនភ្លោះ​៣របស់​សម្តេច​តេជោ ហ៊ុន សែន បាន​កើត​ក្នុង​​​គ្រួសារ​ក្រី​ក្រមួយ​​ ក្នុង​មណ្ឌល​សុខ​ភាព​អង្គរ​បាន​ ស្រុក​កង​មាស កាល​ពី​​រំលង​អា​ធ្រា​ត្រឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ ​ធ្នូ ២០១៥ ​តែ​ដោយសារ​​កូនភ្លោះទី​៣​សន្លប់​ និង​សុខភាព​ម្តាយ​ចុះ​ខ្សោយ​នោះ គ្រូ​ពេទ្យ​បាន​ប្រញាប់​ដឹក​តាម​រថយន្តមក​សង្គ្រោះ​ជា​បន្ទាន់​នៅមន្ទីរពេទ្យ​ខេត្ត  ។  

ម​ក​ដល់​រសៀល​​ថ្ងៃ​ដដែល​​នេះ​គ្រូពេទ្យ​បាន​សង្គ្រោះ​ទារក​ទាំង​៣​នោះផុត​ពី​គ្រោះថ្នាក់​ហើយ ​និងកំពុង​ត្រូវ​បាន​ចិញ្ចឹម​ដាក់​ក្នុង​កែវ​​ ដែល​ទម្ងន់​ទារក​​ម្នាក់ៗ​​មិន​ដល់​២​គីឡូក្រាម​ផង ។

លោក​ហ៊ា​ង ឈុ​ន​លី  អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អង្គ​របា​នទី​២ ឃុំ​អង្គរ​បាន ស្រុក​កងមាស​ប្រាប់​ឲ្យ​ដឹងថា ​រូប​លោក​មានកូន​ចំនួន​៥​នាក់ ​រួមទាំង​កូនភ្លោះ​៣​នាក់​ខាងលើ  ហើយ​ជីវភាព​របស់​លោក​ក៏​ក្រីក្រ​ថែម​ទៀត  ពេលទំនេរ​ពី​ធ្វើស្រែ​ បាន​​ប្រកប​របរ​ជាងសំណង់ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ទាំង​លំបាក ។

លោក​ហ៊ា​ង ឈុ​ន​លី  ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា កូនស្រី​ទី​១​បង​គេ​អាយុ​១១​ឆ្នាំ កូនស្រី​ទី​២ ​អាយុ​៧​ឆ្នាំ និង​កូន​ទី​៣​ ភ្លោះ​ប្រុស​ទាំងអស់ គឺ​​​ទី​១-​ឈ្មោះ លី ចំរុង  ២-​ឈ្មោះ លី ចំរើន ពេល​ដែល​កើត​ចេញ​មក​សុខភាព​ធម្មតា​ តែ​នៅ​ពេល​ដែល​កូន​ទី​៣-​ឈ្មោះ លី ពិសិដ្ឋ  កើត​ចេញ​មក​ក៏​សន្លប់បាន​មួយ​ម៉ោង​ ស្រាប់តែ​ប្រពន្ធ​ឈឺក្បាល និង​ឈឺ​ឆ្អឹងខ្នង ​​ត្រូវ​បាន​ប្រធាន​មណ្ឌល​សុខភាពប្រញាប់​ដឹក​តាម​រថយន្ត​យក​មក​សង្គ្រោះ​​នៅមន្ទីរពេទ្យ​ខេត្ត​ទាំង​យប់ ។   

ក្រោយ​ពី​បាន​គ្រូពេទ្យ​សង្គ្រោះ​មក​ កូន​ទី​៣​បានដឹង​ខ្លួន​ឡើង​វិញ  ព្រមទាំងបាន​យក​ទៅ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​ទាំង​៣​នាក់ ​។ លោក​ហ៊ា​ង ឈុ​ន​លី  ឪពុក​កូនភ្លោះ​បាន​បញ្ជាក់​ថា  ប្រពន្ធ​របស់​គាត់​នៅតែ​ខ្សោយ​កម្លាំង​ ព្រមទាំង​មិនទាន់​បាត់​ឈឺក្បាលនៅឡើយ​ទេ ជាមួយ​នោះ​លោក​បាន​​លើកម្រាមដៃ​ដប់ សុំ​ការ​ប្រណី​សណ្តោស​ពី​សម្តេចតេ​ជោ ​ហ៊ុន សែន  នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​ផ្តល់​ថវិកា​ទឹកដោះគោ​ដើម្បីស្រោចស្រង់​ដល់​កូន​ទាំង​៣​នាក់​របស់​គាត់​ផង  ។     

គួរ​បញ្ជាក់​ថា ឱ្យ​តែ​ប្រជា​ពលរដ្ឋ​ណា​ប្រសូត្រ​បាន​កូន​ភ្លោះ៣ គឺ​សម្តេច​តេជោ ហ៊ុន​ សែន បាន​ចាត់​ទុក​ថា ​​ជា​កូន​របស់​សម្តេច ព្រមទាំង​មិន​ប្រកាន់និន្នាការ​ន​យោ​បាយ​ផង​ដែរ  ៕                            
                                                                                                      ​